មណ្ឌលគិរីៈ អភិបាលខេត្ត​មណ្ឌលគិរី​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​ដែលមាន​កូន​បាន​ចូលរៀន ត្រូវ​ជំរុញ​ និង​លើកទឹកចិត្ត​ពួកគេ​ឱ្យ​តស៊ូ​បន្ត​ការសិក្សា​រៀនសូត្រ​រហូតដល់​ថ្នាក់​បរិញ្ញាបត្រ ឬ​លើសពីនេះ ដើម្បី​ក្លាយ​ជា​អ្នក​បន្តវេន​ជំនាន់​ថ្មី​ប្រកប​ដោយ​ចំណេះដឹង​។

ការជំរុញ​លើកទឹកចិត្ត​របស់​អភិបាលខេត្ត​មណ្ឌលគិរី​បែបនេះ ធ្វើឡើង​នៅពេល​ដែល​ជនជាតិដើម​ភាគតិច​ព្នង​ចំនួន ២០០ ​នាក់​មកពី​សង្កាត់​ទាំង​បួន​នៃ​ក្រុង​សែនមនោរម្យ មក​ទទួល​អំណោយ​មនុស្សធម៌​ពី​រដ្ឋបាល​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី ៣ ខែធ្នូ​នេះ​។

លោក​ថ្លែងថា​៖ «​សូម​បន្ត​ខិតខំ​តស៊ូ​រៀន​រហូតដល់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ឬ​លើសពីនេះ​ក៏​កាន់តែ​ប្រសើរ ដើម្បី​ឱ្យ​ពួកគេ​បាន​បន្តវេន​ក្នុង​នាម​ជា​អ្នកមូលដ្ឋាន​»​។

ក្នុងពេល​នោះដែរ លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី​បាន​ពាំនាំ​ការផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​បងប្អូន​ប្រជារាស្ត្រ​នៅ​តំបន់​ភូមិភាគ​ឦសាន​ពិសេស​ខេត្តមណ្ឌលគិរី​។

ជាមួយ​គ្នា​នោះ​លោក​អភិបាលខេត្ត​បាន​រំឭក​ណែនាំ​ឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល ៣ ​កុំ ៣ ​ការពារ ដើម្បី​សុវត្ថិភាព​ចៀស​ឆ្ងាយ​ពី​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​បាន​សំណូមពរ​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច​យកចិត្ត​ទុកដាក់​ជួយ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​ផងដែរ​៕