សៀមរាបៈ អាជ្ញាធរជាតិអប្សរា​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ស្រុក បន្ទាយស្រី ខេត្ត​សៀមរាប ជួសជុល​កែ​លម្អ​ឡើង​វិញ​នូវ​ផ្សារ​បន្ទាយស្រី ដែល​ជាផ្សារ​សហគមន៍ បន្ទាប់ពី​រងការ​ទ្រុឌទ្រោម​ជាច្រើន​ឆ្នាំ ដើម្បី​ធានា​ថា ទោះ​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩ ម្តង​ទៀត​ក៏ដោយ ក៏​ផ្សារ​ទាំង​មូល​មិនចាំ​បាច់​បិទ​នោះ​ទេ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី បាន​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក​លោក​កាល​ពី​ថ្ងៃ​ទី​ ៣ ធ្នូ ថា៖ «ទីបំផុត ផ្សារ​បន្ទាយស្រីត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួសជុល​កែលម្អ​ឡើង​វិញ បន្ទាប់ពី​រង​ការ​ទ្រុឌទ្រោម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក»។

លោកបន្តថា៖ «សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរជាតិ​អប្សរា ដែល​បាន​ផ្តល់​ការ​អនុញ្ញាត​ទៅ​លើ​សំណើ​របស់​រដ្ឋបាលស្រុក​បន្ទាយស្រី ដើម្បី​បើកផ្លូវ​ឱ្យ​សំណង់​ផ្សារ​សហគមន៍​មួយ​នេះ អាច​ដំណើរការ​ជួសជុល​កែ​លម្អ​ឡើង​វិញ​បាន»។

ផ្សារ​សហគមន៍​មួយ​នេះ ត្រូវ​បាន​ផ្អាក​អស់​មួយ​រយៈ ដោយសារ​មាន​ករណី​ផ្ទុះ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​នៅ​ក្នុង​ផ្សារ។

អភិបាលស្រុករូបនេះ សរសេរថា រដ្ឋបាល​ស្រុក​របស់​លោក​បាន​ពិភាក្សា​ជាមួយ​គណៈ​គ្រប់គ្រង​ផ្សារ និង​អាជីវករ​ទាំងអស់ ដើម្បី​យក​ឱកាស «ដ៏កម្រ» ដែល​បាន​មក​ពី​ការ​បិទ​នេះ ប្រែ​ក្លាយ​ផ្សារ​នេះ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ និង​មាន​សុវត្ថិភាព​ជាង​មុន ដោយ​បាន​ធ្វើ​ការកែ​សម្រួល​ផ្សារទាំង​មូល​ឡើង​វិញ។

បើ​តា​លោក ឃឹម ហ្វីណង់ ផ្សារនេះ​នឹង​ត្រូវ​បាន​ចាក់​សាប បង្កើត​ជម្រាល​រំដោះ​ទឹក​ភ្លៀង រៀបចំ​ដំបូល និង​សម្អាត​អនាម័យ ជាពិសេស​នៅក្នុង​ផ្នែក​លក់​បន្លែ​ត្រី​សាច់​តែម្តង ដើម្បី​ធានា​ឱ្យ​បាន​ថា «បើ​ទោះ​ជា​មាន​ករណី​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ១៩ ម្តង​ទៀត ក៏​មិន​ចាំបាច់​បិទ​ផ្សារ​ទាំងមូលដែរ»៕