ខេត្តព្រះសីហនុៈ ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី ៣ ខែធ្នូ អភិបាលខេត្តព្រះសីហនុ បាន​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​ស្រុក​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ​សាវតារ​អ្នក​កាន់កាប់​ដី​ខុស​ច្បាប់​លើ​ដី​សម្បទាន​សង្គមកិច្ច។

លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការ​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​ស្រុក​ត្រូវ​បន្ត​ស្រាវជ្រាវ​សាវតារ​អ្នក​កាន់​កាប់​ដីខុស​ច្បាប់ និង​កាយ​ព្រំ​ការពារ​ដី​សម្បទាន​សង្គម​កិច្ច​ឱ្យ​បាន​ច្បាស់​លាស់។ ជាមួយ​គ្នា​នោះ ត្រូវ​បង្កើត​ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ រុករក​ដី​អតីតយុទ្ធជន ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​អង្គការ​វាយអេដ​ផងដែរ។

លោកថ្លែងថា៖ «យើង​ចង់​ដឹង​ថា ដី​អតីតយុទ្ធជន​នៅ​សល់​ប៉ុន្មាន បន្ទាប់ពី​ការ​កាត់​ឆ្វៀល និង​ធ្វើ​ផ្លូវ​ល្បឿនលឿន? ផ្ទៃដី​ទាក់ទង​ដី​របស់​អង្គការ​វាយអេដ​ប៉ុន្មាន? ត្រូវ​កំណត់​និយាមការ​ឱ្យ​ច្បាស់លាស់ និង​ស្រាវជ្រាវ​ក្រុម​គ្រួសារ ដែល​បាន​សាងសង់​ផ្ទះ​នៅ​ទីនោះ តើ​អតីត​យុទ្ធជនបាន​ស្នាក់​នៅ​ប៉ុន្មាន? ស្ថានភាព​យ៉ាង​ដូចម្តេច? យើង​ត្រូវ​ធ្វើ​ការ​ដោះស្រាយ​ជា​ជំហានៗ» ។

លោក​ឧត្តមសេនីយ៍ត្រី នូវ សំអុល មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹងថា អតីត​យុទ្ធជន​ខេត្ត​ព្រះសីហនុ មាន​ចំនួន ១ ២៦៣ នាក់ (សមាជិក សមាគម​អតីត​យុទ្ធជន​ចំនួន ៨២៤ នាក់) ក្នុងនោះ ពិការ​ចំនួន ១៤៦នាក់ ពលី​ចំនួន ២៤៧នាក់ មរណៈ​ចំនួន ១៦២នាក់ និវត្តជន​ចំនួន ៦៩០នាក់ និង​បាត់បង់​សមត្ថភាព​ចំនួន ១៨នាក់។

លោកបញ្ជាក់ថា សមាជិក​សមាគម​អតីត​យុទ្ធជន ដែល​មាន​ដី​គ្មាន​ផ្ទះ ឬ​ផ្ទះ​ស្នាក់​នៅ​មិន​សមរម្យ​មាន​ចំនួន ១២ គ្រួសារ។ បាន​ធ្វើ​ផ្ទះ ១២ខ្នង​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ប្រគល់​ជូន​ពួកគាត់​ចំនួន ១១ ខ្នង។ អ្នក​គ្មាន​ដី គ្មាន​ផ្ទះ​ចំនួន ៤៨ គ្រួសារ រស់​នៅ​លើ​ដី​សាធារណៈ​ចំនួន ១៩គ្រួសារ។

លោកថា ចាប់​ពី​ឆ្នាំ ២០១៦ មក​ដល់​ឆ្នាំ២០២១ សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​ព្រះសីហនុ មាន​ដី​តែ​ផ្ទះ​មិន​សមរម្យ គណៈកម្មាធិការ​សមាគម​យុវជន​កម្ពុជា​ខេត្ត​ព្រះសីហនុ បាន​សាង​សង់​ផ្ទះ​ជូន​ចំនួន ២១ ខ្នង​រួច​មក​ហើយ​សម្រាប់​ជូន​ពួកគាត់។

លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ថ្លែង​ថា ការ​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​ជូន​អតីត​យុទ្ធជន​មក​ដល់​ពេល​នេះ មាន​រយៈពេល ៨​ឆ្នាំ​មក​ហើយ សម្រាប់​អ្នក​ដែល​មាន​រស់នៅ​ពិត​ប្រាកដ​ត្រូវ​ចេញ​បណ្ណ​ជូន​ពួកគាត់។

លោកបញ្ជាក់ថា ៖«អ្នក​រស់នៅ​អចិន្ត្រៃយ៍​ត្រូវ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួកគាត់។ តាម​ធម្មតា​អ្នក​រស់នៅ ៥​ឆ្នាំ ត្រូវ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​គាត់ ហើយ​ប័ណ្ណ​កម្មសិទ្ធិ​នោះ គាត់​មាន​សិទ្ធិ​ចាត់ចែង ប្រើប្រាស់ ឬ​ចែក​ទៅ​កូន​ដោយ​ស្របច្បាប់។ ចំពោះ​អ្នក​មិន​ស្នាក់​នៅ​យើង​ត្រូវ​ពិនិត្យ​ដោះស្រាយ​បន្ត​ទៀត។ យើង​ក៏​ត្រូវ​គិតគូ​រដល់​មន្ត្រី​រាជការ ដែល​ក្រ​ពិត​ប្រាកដ មិន​ចាំ​តែ​អតីត​យុទ្ធជនទេ ប្រជាជន​ក្រ​ពិត​ប្រាកដ ដែល​មាន​បណ្ណ​ក្រីក្រ​លេខ​១ លេខ​២ ក៏​ត្រូវ​គិតគូរ​ដូច​អតីត​យុទ្ធជន​ដែរ»។

នៅថ្ងៃដដែលនោះ លោក ចាន់ លំផាត់ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល សមាគម​អតីត​យុទ្ធជន​កម្ពុជា បាន​អញ្ជើញ​ទៅ ប្រកាស​ទទួល​ស្គាល់​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តស្ទឹងត្រែង គឺ​លោក​ស្វាយ សំអ៊ាង ជំនួស​លោក ម៉ុម សារឿន ត្រូវបាន​ផ្ទេរ​ទៅ​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ នឹង​ប្រកាស លោក ស៊ុត វណ្ណា ប្រធាន​មន្ទីរ​សង្គមកិច្ច ជា​អនុប្រធាន​សមាគម​អតីត​យុទ្ធជនកម្ពុជា​ខេត្ត​ផងដែរ៕