ក្រចេះ៖ មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង ២​ដូស​រួច​ហើយ ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី៣ ចាប់​ពីថ្ងៃទី ៣ និងទី ៦ ខែ​ធ្នូ តទៅ នៅ​មន្ទីរពេទ្យ​បង្អែក និង​មណ្ឌល​សុខភាព​សរុប​ចំនួន ៣៩ នៅ​ទូទាំង​ខេត្ត។

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ក្រចេះ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ថា មន្ទីរ​សុខាភិបាល​ខេត្ត​នេះ បាន​ជម្រាប​ជូន​ដំណឹង​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ​ទាំងអស់ ដែល​មាន​អាយុ​ចាប់​ពី​១៨ ឆ្នាំ​ឡើងទៅ និង​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូសទី ២ ឬ​គ្រប់​ដូស ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​បន្ថែម​ទៀត ចាប់​ពី​ថ្ងៃទី ៣ និង​ទី៦ ខែ​ធ្នូ រៀងរាល់​ថ្ងៃ​ធ្វើការ​ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​សុក្រ (សម្រាក​ថ្ងៃសៅរ៍ អាទិត្យ និង ថ្ងៃ​បុណ្យជាតិ ) ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៨ រហូត​ដល់​ម៉ោង ១១ និងពេល​រសៀល​ពី​ម៉ោង ១៤ ដល់​ម៉ោង ១៦ តាម​ទី​កន្លែង​កំណត់​នៅ​មណ្ឌល​សុខភាព​ទាំង​៣៩ ទីតាំង​ដូច​ខាងក្រោម៖

សម្រាប់​ក្រុង​ក្រចេះ ចាក់​នៅ​ទីតាំង​មណ្ឌល​សុខភាព​មនោរម្យ មណ្ឌល​សុខភាព​អូរ​ឫស្សី និង​មណ្ឌល​សុខភាព​រកា​កណ្តាល ចាប់​ផ្តើម​ចាក់​ពីថ្ងៃទី ៣ ខែ​ធ្នូ​តទៅ។ ដោយឡែក ស្រុកឆ្លូង នឹង​ចាក់​នៅ​មណ្ឌល​សុខភាព​ខ្សាច់​អណ្តែត មណ្ឌល​សុខភាព​ជ្រោយ​ថ្ម មណ្ឌល​សុខភាព​ពង្រ ដំរីផុង កញ្ជរ និង​មណ្ឌល​សុខភាព​ព្រែកសាម៉ាន់ ពីថ្ងៃទី ៦ ខែធ្នូ​តទៅ។

ចំណែក​ស្រុក​ព្រែក​ប្រសព្វ នឹង​ចាក់​នៅ​មណ្ឌល​សុខភាព​ជ្រោយ​បន្ទាយ មណ្ឌល​សុខភាព​សោប មន្ទីរពេទ្យ​បង្អែក​ព្រែក​ប្រសព្វ មណ្ឌល​សុខភាព​កំពង់គរ ចំបក់ ឫស្សីកែវ និង​មណ្ឌល​សុខភាព​តាម៉ៅ ពី​ថ្ងៃទី ៦ ខែ​ធ្នូ​តទៅ។ រីឯ​ស្រុក​ស្នួល ចាក់​នៅ​ទីតាំង មណ្ឌល​សុខភាព​ស្នួល មណ្ឌល​សុខភាព​ស្វាយជ្រះ ឃ្សឹម ក្បាលត្រាច ពីធ្នូ និង​មណ្ឌល​សុខភាព​គ្រញូង​សែន​ជ័យ ពី​ថ្ងៃទី ៦ ខែ​ធ្នូ​តទៅ។

សម្រាប់ស្រុកចិត្របុរី នឹង​ចាក់​នៅ​ទីតាំង​មណ្ឌល​សុខភាព បុសលាវ មណ្ឌល​សុខភាព សំបុក ថ្មគ្រែ គោលាប់ ចង្ក្រង់ ដារ កន្ទួត ថ្មអណ្តើក និង​មណ្ឌល​សុខភាព​ថ្មី ពីថ្ងៃទី ៦ ខែ​ធ្នូ​តទៅ។ ខណៈ​ស្រុក​សំបូរ នឹង​ចាក់​នៅ​ទីតាំង​មណ្ឌល​សុខភាព​សំបូរ មណ្ឌល​សុខភាពសណ្តាន់ វឌ្ឍនៈ កំពង់ចាម ក្បាលដំរី អូរគ្រៀង រលួស និង​មណ្ឌល​សុខភាព​ស្រែជិៈ ចាប់ពីថ្ងៃទី ៦ ខែធ្នូតទៅ។

ក្នុង​លិខិត​ជូន​ដំណឹង​មន្ទីរសុខាភិបាល​ខេត្ត​ក្រចេះ ស្នើ​សុំ​សាធារណជន និង​បងប្អូន ប្រជាពលរដ្ឋ​អាយុ​ចាប់​ពី​១៨ ឆ្នាំ ក្នុង​ភូមិសាស្ត្រ​ខេត្តក្រចេះ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ មូលដ្ឋាន​គ្រប់ដូស រួចរាល់ គ្រប់​ប្រភេទ​វ៉ាក់សាំង​កូវីដ១៩ ហើយ​មាន​គម្លាត​ចាប់​ពី៤ ខែ​ឡើង បន្តបន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូសទី២ សូម​ទៅ​ចាក់​វ៉ាក់សាំង កូវីដ​១៩ ដោយ​ស្ម័គ្រ​ចិត្ត​នៅ​តាម​ទីតាំង និង​ពេលវេលា​ដូច​បាន​ជម្រាបជូន​ខាងលើ។

មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ​សរសេរ​ថា ៖«ត្រូវ​យក​ទៅ​ជាមួយ​នូវ​កាត​ចាក់​វ៉ាក់សាំង​កូវីដ​១៩ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ លិខិត​ឆ្លងដែន ឬ​សំបុត្រ​កំណើត និង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ម៉ឺងម៉ាត់​តាម​ការ​ណែនាំ​របស់​ក្រសួង សុខាភិបាល ជាពិសេស ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ ៣ការពារ ៣កុំ របស់​រាជរដ្ឋាភិបាល និង​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​ឱ្យ​បាន​ល្អប្រសើរ»៕