ភ្នំពេញៈ ក្រសួង​សាធាណការ​និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ​នេះ បាន​ឱ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ ប្រវែង ១៩៨,៧១ គីឡូម៉ែត្រ គិត​ត្រឹម​ដំណាច់​ខែ​វិច្ឆិកា ឆ្នាំ ២០២១​នេះ សម្រេចបាន ៥៤,៨៩% ហើយ។

តាម​រយៈ​ហ្វេសប៊ុក​នៅ​ថ្ងៃនេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឱ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវ​ជាតិ​លេខ​១០ ប្រវែង ១៩៨,៧១ គីឡូម៉ែត្រ គិត​ត្រឹម​ដំណាច់​ខែ​វិច្ឆិកា ឆ្នាំ ២០២១ នេះ សម្រេច​បាន ៥៤,៨៩% ហើយ។ កាល​ពី​ថ្ងៃ​ទី ៣ ខែ​ធ្នូ ក្រុម​ការងារ​បច្ចេកទេសដឹក​នាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ធ្វើ​ដំណើរ​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ ឆ្លង​កាត់​ជ្រលង​ដងអូរ កាត់​ខ្នងភ្នំ​ក្រវាញ ដើម្បី​ពិនិត្យ​ស្ថានភាព​ទឹកដី​ភូមិសាស្ត្រ​សមស្រប​សម្រាប់​ការ​សាងសង់។

បើតាម​ក្រសួង​សាធារណការ គម្រោង​សាងសង់​ផ្លូវ​ជាតិ​លេខ​១០ មាន​ប្រវែង​សរុប​ចំនួន ១៩៨,៧១ គីឡូម៉ែត្រ តភ្ជាប់​ពី​ សំឡូត- វាលវែង-អូរសោម ដល់ កោះកុង។ គម្រោង​នេះ សាងសង់​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​កម្រិត ៣ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទទឹង​តួផ្លូវ​សរុប​ចំនួន ៩ ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់ (DBST) ។ ក្នុង​នោះ មាន​ការ​សាងសង់​ស្ពាន​ចំនួន ២៣ កន្លែង​ប្រវែង ១៧២១,៤៦ ម៉ែត្រ ដែល​មាន​ស្ពាន​ខ្ពស់​ជាង​គេ​មួយ​កន្លែង​មាន​កម្ពស់ ៧៥ ម៉ែត្រ បណ្តោយ ៥៣០ ម៉ែត្រ និង​ទទឹង ១០​ម៉ែត្រ ព្រម​ទាំងមាន​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោល​គីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ផងដែរ។

ហ្វេសប៊ុក​ក្រសួង​សាធារណការ​សរសេរ​ថា ៖ «គម្រោង​ផ្លូវ​នេះ​ត្រូវ​បាន​បើក​ការ​ដ្ឋាន សាងសង់​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ ២០២០ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា»។

ក្រសួងបញ្ជាក់ថា គម្រោង​ផ្លូវនេះ​មាន​ការ​ជ្រើសរើស​គន្លង​ផ្លូវ​ថ្មី​ប្រវែង​សរុប ៦៥,៨៩ គីឡូម៉ែត្រ ដើម្បី​ធ្វើ​ផ្លូវ​ពង្វាង​ពី​ភ្នំ​ក្រវាញ ព្រោះ​តែ​មិន​ចង់វះកាត់​ភ្នំក្រវាញ​ជា​ពីរ​នាំ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​ជម្រក​សត្វ​ព្រៃ​ធ្ងន់ធ្ងរ។

គម្រោង​ផ្លូវនេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៨៨,៣៨​លាន​ដុល្លារ​សហអាមេរិក ជា​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោស​សម្អាត​គ្រាប់​មីន យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ។

គម្រោងនេះ សាងសង់​ដោយ​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ត្រួត​ពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេក​ទេស​ក្វាងចូវ វ៉ានអាន និង​គ្រោង​ចំណាយ​ពេល​សាងសង់​ចំនួន ៤៨​ខែ ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩ ដល់​ខែ​ធ្នូ ឆ្នាំ ២០២៣។

ជា​ការ​កត់​សម្គាល់​ក្រសួង​បង្ហាញ​ថា ផ្លូវ​ជាតិ​លេខ១០ គឺជា​សរសៃ​ឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា អាច​ជួយ​សម្រួល​ដល់ការ​ត​ភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ ធ្វើ​សមាហរណកម្ម​តភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់ រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល កសិ-ឧស្សាហកម្ម និង​ទេសចរណ៍​បាន​ឆាប់​រហ័ស និង​ចំណាយ​តិច ជាពិសេស​ជាមួយប្រទេស​ជិតខាង៕