កោះកុងៈ រដ្ឋបាល​ខេត្ត​កោះកុង​រៀបចំ​ការ​ប្រឡង​ប្រណាំង "សួនច្បារស្អាត" ដែល​រៀបចំ​តុបតែង​ដោយ​អង្គភាព និង​ផ្នែក​នីមួយៗ​ចំណុះសាលាខេត្ត ហើយ​ថត​បង្ហោះ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ដើម្បី​ទទួលការ Like ចាប់​ពី​ថ្ងៃទី​២ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១។

តាមរយៈហ្វេសប៊ុក រដ្ឋបាល​ខេត្ត​កោះកុង ប្រកាស​ថា ការ​ប្រឡង​ប្រណាំង "សួនច្បារស្អាត" ដែល​រៀបចំ​តុបតែង និង​ថែទាំ​ដោយ​ទីចាត់ការ​អង្គភាព និង​ផ្នែក​នីមួយៗ​ចំណុះ​សាលាខេត្ត​នេះ​គឺ​ត្រូវ​រៀបចំ​សួន​ឱ្យ​ស្អាត​ហើយ​ថតរូបភាព​នៃ​សួន​បង្ហោះ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់​រដ្ឋបាល​ខេត្ត​កោះកុង។

ការ​ធ្វើ​ដូចនេះ​ក្នុង​គោល​បំណង​ដើម្បី​បំផុស​ឱ្យ​មាន​ការ​ចូលរួម​រៀបចំ បង្កើត​នូវ​សួន​បៃតង និង​ការ​ស្រឡាញ់​បរិស្ថាន ព្រម​ទាំង​ធនធាន​ធម្មជាតិ ដែល​មាន​ស្រាប់​នៅ​ក្នុង​បរិវេណ​សាលា​ខេត្ត​កោះកុង តាម​រយៈការ​រៀបចំ តុបតែ​លម្អ និង​ដាំនូវ​ពូជផ្កា រុក្ខជាតិ​ផ្សេងៗ​ដើម្បី​ឱ្យ​មានសោភ័ណភាព​ស្រស់ស្អាត។

រដ្ឋបាលខេត្ត​នេះ​បាន​ឱ្យ​ដឹង​ថា នេះ​ជា​ការ​ផ្តួចផ្តើម​របស់​លោកស្រី​អភិបាល​ខេត្ត និង​ថ្នាក់​ដឹក​នាំ​សាលា​ខេត្ត ក្នុង​ការ​ចូលរួម​រៀបចំ​សោភ័ណភាព អនាម័យ​បរិស្ថាន ឱ្យ​មាន​ភាព​ស្រស់​បំព្រង​ក្នុង​បរិវេណ​សាលា​ខេត្ត​កោះកុង​ជំហានទី​១ មុន​នឹង​ឈាន​ទៅ​រៀបចំ​ប្រកួត​ប្រជែង​រវាងសាលាខេត្ត ក្រុង ស្រុក និង​មន្ទីរ អង្គភាព​ទាំងអស់​នៅ​ទូទាំង​ខេត្ត​កោះកុង ជា​ជំហាន​បន្ទាប់​នៅ​ដើម​ខែ​មករា ឆ្នាំ ២០២២។

ហ្វេសប៊ុករដ្ឋបាល​ខេត្ត​នេះ​សរសេរ​ថា៖ «ការ​ផុស​ទទួល​ការ Like ចាប់​ពី​ថ្ងៃទី២ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ ២០២១ នឹង​បិទ​ការ​ទទួល Like នៅ​ថ្ងៃ​ទី២០ ធ្នូ ២០២១ វេលា​ម៉ោង ១៨ : ០០ នាទីល្ងាច។ ចំពោះ​រូបថត​សួនច្បារ​ដែល​មាន​ការ​ចូលចិត្ត​ច្រើន "Like" នឹង​ទទួលបាន​រង្វាន់​លើក​ទឹក​ចិត្ត​ពី​លោក​ជំទាវ​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កោះកុង»។

រដ្ឋបាលខេត្តកោះកុង បាន​អំពាវនាវ​ដល់​សាធារណជន​ចុច Like បើ​ចូលចិត្ត និង​គាំទ្រ​រូបភាព​របស់​ទីចាត់​ការ​អង្គភាព និង​ផ្នែក​ណា​មួយ​នៃរូបភាព​ដែល​បាន​បង្ហោះ​នោះ៕