កំពង់ចាមៈ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាំ​យក​អាវ​រងា​ជាង ១០០០ សម្រាប់ និង​ថវិកា​មួយ​ចំនួនទៅ​ចែក​ជូន​ចាស់​ជរា​គ្មាន​ទីពឹង នៅ​ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​៤ ខែ​ធ្នូ​នេះ។

តាម​រយៈហ្វេសប៊ុក លោក វេង សាខុន នៅ​ថ្ងៃ​ទី ៤ ខែ​ធ្នូ​នេះ បាន​ឱ្យ​ដឹង​ថា លោក​បាន​នាំ​យក​អាវ​រងា​ចំនួន ១០៥៧ សម្រាប់ និង​ថវិកាមួយ​ចំនួន​ទៅ​ចែក​ជូន​ចាស់​ជរា​គ្មាន​ទីពឹង​ក្នុង​ស្រុក កំពង់សៀម។ ការ​រៀប​ចំ​ពិធី​ថ្ងៃ​នេះ បាន​ធ្វើ​ឡើង​សម្រាប់​ចែក​ជូន ចាស់​ជរា​គ្មាន​ទីពឹង ចំនួន ៤០៦ នាក់ (ស្រ្តី ២៩៩) តំណាង​ឱ្យ​ចាស់​ជរា​ដែល​អញ្ជើញ​មក​ពី ៥ឃុំ គឺ៖ ឃុំ​អំពិល ១៣៨​នាក់ ឃុំ​ក្រឡា ១៥៥​នាក់ ឃុំ​អូរស្វាយ ៧៤​នាក់ ឃុំ​វិហារ​ធំ ២៩​នាក់ និង​ឃុំ​រអាង ១០នាក់។

ដោយឡែកចំពោះ ចាស់ជរា​ដែល​គ្មាន​ទីពឹង ស្ថិត​នៅ​ឃុំ​ចំនួន ១០ ទៀត លោក វេង សាខុន បាន​ប្រគល់​ភារកិច្ច​ជូន លោក លោកស្រីដែល​ជា​ប្រធាន​ក្រុម និង​អនុប្រធាន​ក្រុម​ការងារ ចុះ​ជួយ​តាម​បណ្តា​ឃុំ​ចុះចែក​បន្ត នៅ​ចុង​សប្តាហ៍​នេះ និង​សប្តាហ៍​ក្រោយ។

លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ថ្លែង​ថា សកម្មភាព​នេះ បាន​បង្ហាញ​ពី​ការ​យក​ចិត្ដ​ទុក​ដាក់ គិតគូរ​ពី​សុខភាព និង​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋក្នុង​មូលដ្ឋាន ជាពិសេស ចាស់​ជរា​គ្មាន​ទីពឹង ស្រ្តី​មេមាយ និង​ក្មេង​កំព្រា ដែល​ជួប​បញ្ហា​ដូចជា គ្រោះថ្នាក់​ចរាចរ រន្ទះ​បាញ់ ខ្យល់​កន្រ្តាក់ ភ្លើង​ឆេះ​ផ្ទះ និង​គោល​នយោបាយ ក៣ (កើត ការ និងស្លាប់)៕