ពោធិ៍សាត់ៈ កម្ពុជា​កំពុង​ពិនិត្យ​លទ្ធភាព​បើក​ច្រក​ព្រំដែន​អន្តរជាតិ ថ្មដា នៃ​ខេត្តពោធិ៍សាត់ ជាប់​ព្រំដែន​ ប្រទេស​ថៃ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង ២។

ហ្វេសប៊ុក​ក្រសួង​សាធារណការ​បញ្ជាក់​ថា៖ «នៅ​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ ២០២១ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹក​នាំ​ក្រុម​ការងារ បច្ចេកទេស​ក្រសួង​ចុះ​សិក្សា​ពិនិត្យ​លទ្ធភាព​ដើម្បី​បើក​ច្រក​ព្រំដែន​ ថ្មដា ដោយ​មាន​ការ​ចូលរួម​ពីថ្នាក់​ដឹកនាំ ក្រសួង មន្ត្រី​ជំនាញ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ»។

ច្រកព្រំដែន​អន្តរជាតិ​​ថ្មដា​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត ពោធិ៍សាត់ ជាប់​ព្រំដែន​ជាមួយ​ខេត្ត​ត្រាត ប្រទេស​ថៃ។

ហ្វេសប៊ុក​ដដែល​បន្ត​ថា៖ «ការ​ចុះ​សិក្សា​និង​ពិនិត្យ​នេះ ធ្វើឡើង​ក្នុង​គោល​បំណង​បើក​ច្រកព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា-ថៃ ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង ២»។

ប្រភពដ​ដែល​បន្ត​ថា ការ​ត្រៀម​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ថ្មដា​នេះក៏​មាន​គោល​បំណង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋនៅ​តាម​បណ្តា​ខេត្ត​ភាគ​ខាង​លិច​ប្រទេស និង​អ្នក​វិនិយោគ​ដែល​កំពុង ទន្ទឹង​រង់ចាំ និង​ចង់​ឃើញ​ការ​ប្រែ​ក្លាយ​ច្រក​នេះ​ទៅ​ជា​ច្រក​អន្តរជាតិ​ឱ្យបាន​ឆាប់។

ច្រកនេះ​គ្រោង​នឹង​សាងសង់​អគារ​អន្តោរ​ប្រវេសន៍ អគារ​គយ​និង​រដ្ឋាករ​សម្រាប់​ត្រួត​ពិនិត្យ​រួម ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លង​កាត់ ‌‌ឃ្លាំង ទីលាន​កុង​ទីន័រ និង​អគារ​រដ្ឋបាល និង​សំណង់​អគារ​អន្តេវាសិកដ្ឋាន។

ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំងនេះ គឺ​ដើម្បី​បើក​ឱកាស​ឱ្យ​បាន​ទូលំទូលាយ​ដល់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ការ​វិនិយោគ ការ​ធ្វើពាណិជ្ជកម្ម​ឆ្លង​កាត់​ដែន ការ​បង្កើត​ការងារ​ធ្វើ និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដើម្បី​លើក​កម្ពស់ សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​នៃ​ប្រជាជាតិទាំង ២ ផងដែរ៕