កំពង់ធំៈ ក្នុងខែវិច្ឆិកា សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទួលនាងសាវផ្លូវហ្លួង នៅ​តំបន់រ៉ាមសារ​ស្ទឹងសែន ខេត្ត​កំពង់ធំ ចុះ​ទប់​ស្កាត់​បទល្មើសបាន​ចំនួន ៣ ករណី ដែល​ជា​បទល្មើស​ចូល​ដាំ​ដុះ​ឈូក​នៅ​ក្នុង​តំបន់ការពារ និង​បទល្មើស​នេសាទ។

ហ្វេសប៊ុក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បញ្ជាក់​ នៅ​ថ្ងៃទី​៤ ធ្នូ ថា៖ «សហគមន៍​តំបន់​ការពារ​ធម្មជាតិ ទួលនាងសាវផ្លូវហ្លួង នា​តំបន់​រ៉ាមសារស្ទឹងសែន បាន​ចុះ​ល្បាត​យ៉ាង​ទៀងទាត់​តាម​ការ​កំណត់​ដូច​ក្នុង​ពិធី​សារល្បាត​ប្រចាំ​ខែ​របស់​សហគមន៍។ ជា​លទ្ធផល នៅ​ក្នុង​ខែ​វិចិ្ឆកា ឆ្នាំ២០២១ នេះ សហគមន៍​បាន​ប្រទះ​និង​ទប់​ស្កាត់​បទល្មើស​ចំនួន ៣ ករណី ក្នុង​នោះ ១ ករណី​ជា​បទល្មើស​ទន្រ្ទាន​ចូល​ដាំ​ដុះ​ឈូក​នៅ​ក្នុងតំបន់​ការពារ​លើ​ផ្ទៃ​ដី ១ ហិកតា និង ២ ករណី​ផ្សេង​ទៀត​ជា​បទល្មើស​នេសាទ​ដោយ​ប្រើ​របាំង​លប មាន​ប្រវែង ៦០០ ម៉ែត្រ»។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា សហគមន៍​បាន​ឱ្យ​អ្នក​ដាំឈូក និង​អ្នក​នេសាទ​ខុស​ច្បាប់​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​ទាំង​នេះ និង​បាន​រៀបចំចំណាត់​ការ​បន្ដ​ដោយ​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស ដើម្បី​រុសរើ​របាំង​លប​ទាំង​ ២​ករណី ដែល​អ្នក​នេសាទ​ខុស​ច្បាប់​ធ្លាប់​បាន​ធ្វើ​កិច្ច​សន្យាកន្លងមក​តែ​មិន​រុះរើ​ចេញ៕