កំពតៈ មនុស្ស ៥ នាក់​ស្លាប់ ខណៈ ៦​នាក់​ផ្សេង​ទៀត រង​របួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាច​រវាង​រថយន្ត​ស្ទូច​ដឹក​គ្រឿង​សំណង់ និង​រថយន្ត​តួរីស​ដឹក​អ្នក​ដំណើរ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ៣ ស្ថិត​ក្នុង​ភូមិ​កែប​ថ្មី សង្កាត់ បឹងទូក ក្រុង​បូកគោ ខេត្ត​កំពត នៅ​វេលាម៉ោង ១០និង ៣០នាទី ព្រឹក​ថ្ងៃទី​៤ ខែធ្នូនេះ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា អ្នក​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​តួរីស មាន​ចំនួន ១១​នាក់ ស្រី​ចំនួន ២នាក់ បាន​រងគ្រោះ​ថ្នាក់​ស្លាប់​ចំនួន ៥​នាក់ ស្រី ១នាក់ ក្នុង​នោះ​ស្លាប់​នៅ​នឹង​កន្លែង​ចំនួន ៤នាក់ និង​ម្នាក់​ទៀត​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត។ ចំណែកឯ​មនុស្ស ៦​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត​ផងដែរ ។

តាមរបាយការណ៍​សមត្ថកិច្ច រថយន្ត​បង្ក​ម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8518 បើកបរ​ដោយ​ឈ្មោះ រ៉ន វណ្ណា ភេទ​ប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែក​ឯ​អ្នក​បើក​រថយន្ត​តួរីស ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ 2N-8313 ពុំស្គាល់​អត្តសញ្ញាណ។

សមត្ថកិច្ចបញ្ជាក់ថា សព​អ្នក​ស្លាប់​ត្រូវ​បាន​តម្កល់​ទុក​នៅ​វត្ត​រលួស ស្ថិត​នៅ​ភូមិរលួស សង្កាត់​បឹងទូក ក្រុង​បូកគោ ចំណែក​អ្នក​បើកបរ​រថយន្តបង្ក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធីច្បាប់។ ដោយឡែក រថយន្ដ​ទាំង ២​គ្រឿង ខូច​កម្រិត​ធ្ងន់​ត្រូវ​បាន​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​បូកគោ៕​