ភ្នំពេញៈ កម្ពុជា​បន្តរកឃើញ​មនុស្ស​ចំនួន ​៤ នាក់​ថ្មី​ទៀត ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ​ក្នុងនោះ​មាន ៣ នាក់ មិនបាន​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ទៀត​ជាង​ ២០ នាក់ និង​ជា​សះ​ស្បើយ​ជាង​ ២០​ នាក់​ផង​ដែរ​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ព្រឹក​ថ្ងៃទី ៥​ ខែ ធ្នូ ឆ្នាំ ២០២១​ នេះ បានឱ្យដឹង​ថា ក្រសួង​បាន​រក​ឃើញ​មនុស្ស​ចំនួន ​២៤ (PCR) នាក់​ទៀត​ មាន​វិជ្ជ​មាន​កូ​វីដ ១៩ និង​មាន​អ្នកជា​សះ​ស្បើយចំនួន ​២១ ​នាក់។ ករណី​រកឃើញ​នេះ​មានករណី​ឆ្លង​ក្នុង​សហ​គមន៍ចំនួន ២២ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន​ ២ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី ​៥ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ​កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន ១២០ ២៥៦ នាក់ ​អ្នកជា​សះ​ស្បើយ​សរុប​ចំនួន​ ១១៦ ៦០៩ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់​ ២ ៩៦០​ នាក់​៕