កំពតៈ ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការ​នគរបាល​ខេត្តកំពត នៅ​ថ្ងៃទី ៥ ខែធ្នូ កំពុង​បន្ត​សួរនាំ​អ្នក​បើករបរ​រថយន្ត​ម្នាក់​ ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បណ្តាលឱ្យ​មនុស្សចំនួន​៥នាក់​ស្លាប់ និង១១នាក់​ផ្សេងទៀត​រង​​របួសធ្ងន់​ កាលពី​ថ្ងៃទី ៤ ធ្នូ​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៣ ស្ថិតក្នុងភូមិ​កែប​ថ្មី សង្កាត់​បឹង​ទូក ក្រុង​បូកគោ ដើម្បីកសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ​។

លោក ពុធ ស៊ី​ង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ​ថ្លែង​នៅ​ថ្ងៃទី ៥ ធ្នូ​ថា សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដើម្បី​នឹង​បញ្ជូនទៅ​តុលាការ​ ចាត់ការ​តាម​នីតិវិធី​នៅ​ថ្ងៃទី៦ ខែធ្នូ។

ដោយឡែក មនុស្ស៥នាក់​ ដែល​បាន​ស្លាប់​ ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក អ្នករងរបួស​ធ្ងន់៦នាក់ ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ នៅ​រាជធានី​ភ្នំពេញ។

ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ តាម​ការស្រាវជ្រាវ​បញ្ជាក់ថា មុនពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ស្ទូច​ដឹក​គ្រឿងសំណង់​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ចំណែក​រថយន្ត​តូ​រី​ស​ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​រថយន្ត​ស្ទូច​បែក​កង់​មុខ​ខាងឆ្វេង​ ហើយ​បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​តូ​រី​ស​ពេញទំហឹង។

លោក​ ពុធ ស៊ី​ង ថ្លែងថា ៖«ឡាន​បង្ក​មកពី​ទិស​ខាងលិច ចំណែក​ឡាន​តូ​រី​ស​ មកពី​កើត មកដល់​ចំណុចកើតហេតុ​ បាន​បែក​កង់​មុខ​ចំ​កន្លែង​នោះ​ផ្លូវ​កោង​ផង​ក៏​រេ​ចង្កូត​ចូល​ដី​ខាង​ឡាន​តូ​រី​ស​បុក​តែម្តងទៅ» ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បង្កឡើង​ដោយ​ភាពខ្វះ​ការប្រុងប្រយ័ត្ន​ របស់​អ្នកបើកប​រថយន្តស្ទូច​ដឹក​គ្រឿងសំណង់​ ព្រោះ​មិនបាន​ត្រួត​ពិនិត្យ​បច្ចេកទេស​ត្រឹមត្រូវ បើកបរ​ក្នុង​ផ្លូវ​កោង​មាន​ល្បឿន​លឿន មិនចេះ​ថ្លឹងថ្លែង​ ចំពោះ​លទ្ធភាព​ទ្រ​​ទ្រង់​ទម្ងន់​របស់​រថយន្ត ។

លោក​ថ្លែងថា ៖«យើង​ជា​អ្នកបើកបរ​ត្រូវ​ដឹងថា តើ​ឡាន​យើង​ដឹក​ប៉ុន្មាន​តោន លើស​ទម្ងន់​ឬ​យ៉ាងម៉េច? សម្បក​​កង់ឡាន​យ៉ាងម៉េច ថ្មី​ឬ​ចាស់ បើ​ចាស់​ត្រូវ​ដូរ​ចេញ អ៊ីចឹង​បានជា​កំហុស» ។

បើ​តាម​របាយការណ៍​​របស់​នគរបាល​ អ្នកធ្វើដំណើរ​ក្នុង​រថយន្ត​តូ​រី​ស មាន​ចំនួន​ ១១នាក់ ស្រី​ ២នាក់ បាន​រងគ្រោះថ្នាក់​ស្លាប់​ចំនួន ៥នាក់ ស្រី ១នាក់ ក្នុងនោះ​ស្លាប់​នៅនឹងកន្លែង​ចំនួន ៤នាក់ និង​ម្នាក់ទៀត​ស្លាប់ នៅពេល​បញ្ជូន ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ បង្អែក ខេត្តកំពត ។

ចំណែកឯ​ម​នុស្ស ៦នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ត្រូវបាន បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ។

រថយន្ត​បង្ករ​ម៉ាក ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-8518 បើកបរ​ដោយ​ឈ្មោះ រ៉​ន វណ្ណា ភេទ​ប្រុស អាយុ ៥៧ឆ្នាំ រស់នៅ​ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។

ចំណែកឯ​អ្នកបើករថយន្ត​តូរីស ពណ៌​ស ពាក់ផ្លាកលេខ​ភ្នំពេញ 2N-8313 មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ។ ចំណែក​ រថយន្ដ​ទាំង ២គ្រឿង ខូច​កម្រិតធ្ងន់​ ត្រូវបានយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បូកគោ ៕