ភ្នំពេញៈ ​កម្ពុជា​-ចិន ​អះ​អាង​ជា​ថ្មី​ក្នុង​ការលើក​កម្ពស់​បន្ថែម​ទៀត​ នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ភាព​ជា​ដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ និង​ជំរុញ​ការ​កសាង​សហគមន៍​វាសនា​រួម ​សម្រាប់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​នៃ​ប្រទេស​និង​ប្រជា​ជន​ទាំង​ ២​។

ការ​អះ​អាង​ជា​ថ្មី​នេះ​ធ្វើ​ឡើង​តាម​រយៈដំណើរទស្សន​កិច្ច​ផ្លូវ​ការ​របស់ ​លោក​ ប្រាក់ ​សុខុន ​ឧប​នាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ទៅ​កាន់​ខេត្ត​ជឺ​ជាំង​ សាធារ​ណ​រដ្ឋ​ប្រជា​មានិត​ចិន​ កាល​ពី​ថ្ងៃទី​ ៣-៥ ​ខែធ្នូ​ នេះ ​តប​តាម​ការ​អញ្ជើញ​របស់​លោក​ វ៉ាង​ យី ​ទីប្រឹក្សា​រដ្ឋ ​និង​ជា​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​នៃ​សាធា​រណរ​ដ្ឋប្រ​ជា​មានិត​ចិន​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជាកាល​ពីថ្ងៃទី​ ៥ ខែធ្នូ​នេះ​ បាន​ឱ្យដឹង​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​ទាំង​ ២ ​បាន​ជួប​ពិភាក្សា​ទ្វេភាគី​ ដើម្បី​​ពង្រឹង​​បន្ថែម​ទៀត​នូវ​ទំ​នាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេភាគី​លើ​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាត​ត្បាត​សាក​លកូ​វីដ​ ១៩ ការ​វិនិយោគ ​ពាណិជ្ជ​កម្ម​ ការពារ​ជាតិ​ និង​សន្តិ​សុខ ​ការ​អប់រំ​ កសិ​កម្ម ​និង​ការ​ផ្លាស់​ប្តូរ​ប្រជា​ជន ​និង​ប្រជា​ជន​។

«រ​ដ្ឋ​មន្ត្រីការ​បរទេស​ទាំង ​២​ ​បាន​សម្តែង​នូវការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​លើ​វឌ្ឍ​នភា​ព​ជា​លំដាប់​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី ​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ ហើយ​បាន​អះអាង​ជា​ថ្មី​ក្នុង​ការលើក​កម្ពស់​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ និង​ជំរុញ​ការ​កសាង​សហ​គមន៍​វាសនា​រួម​ សម្រាប់​ផល​ប្រ​យោជន៍​ទៅ​វិញ​ទៅ​មក​នៃ​ប្រទេស ​និង​ប្រជា​ជន​ទាំង​ ២​»។ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​។

ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច ​រដ្ឋ​មន្ត្រី​ការ​បរទេស​ទាំង​២ ​បាន​កត់​សម្គាល់​ដោយ​ការ​ពេញ​ចិត្ត​នូវ​ការ​រីក​ចម្រើន​នៃ​ពាណិជ្ជ​​កម្ម​ទ្វេភា​គី​ ក្នុង​អំឡុង​ពេល​នៃជំងឺ​រាត​ត្បាតស​កល​កូវីដ១៩។ ភាគី​ទាំង​ ២ ​ក៏បាន​​អបអរ​សាទ​រ​ការ​ចូល​ជា​ធរ​មាន​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-​ចិន​ និង​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូសេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់​នៅ​ដើម​ឆ្នាំ​ក្រោយ​ ហើយ​បាន​ប្តេជ្ញា​ចិត្ត​នឹង​ទាញ​យក​ប្រយោជន៍​ឱ្យ​បាន​ច្រើន​ពីកិច្ច​ព្រម​ព្រៀង​ទាំង​២​នោះ ​ដើម្បី​ជំរុញ​ពាណិជ្ជ​កម្ម​ទេ្វ​ភាគី​រវាង​ប្រទេស​ទាំង​២​ឱ្យ​ដល់ ​១០​ ពាន់​លាន​ដុល្លារ​អា​មេរិក​នៅ​ឆ្នាំ​២០២៣​។ ​

លោក​ ប្រាក់ ​សុខុន​ ក៏បាន​សម្តែង​ការ​អរគុណ​ចំពោះ​ការប្តេជ្ញា​ចិត្ត​របស់​មិត្ត​ចិន​ក្នុង​ការ​បង្កើន​ការ​នាំ​ចូល​កសិ​ផល​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​ចិន​ឱ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​។ ​លោក​បញ្ជាក់​ជា​ថ្មីថា ​ចំពោះ​ការ​ផ្តល់​ជំនួយ​អភិ​វឌ្ឍន៍​របស់​មិត្ត​ចិន ​បាន​ចូល​រួម​ចំណែក​ក្នុង​ការអភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​កម្ពុជា ​ជាពិ​សេស​ការ​ផ្គត់​ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ ​និង​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ដែល​ចាំបាច់​សម្រាប់​កម្ពុជា​ ក្នុង​ការ​គ្រប់​គ្រង​បាន​នូវ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩។​

លោក ​វ៉ាង ​យី ​បាន​បញ្ជាក់​ជា​ថ្មីនូ​វ​ការប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំក្នុង​ការបន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​ រួម​ទាំង​ការគាំ​ទ្រ​ឱ្យ​បង្កើត​រោង​ចក្រ​ផលិត​វ៉ាក់​សាំង​កូវីដ​១៩ ​នៅ​ក្នុង​កម្ពុជា​ផង​ដែរ។​លោក​បាន​បញ្ជាក់​ជាថ្មី​នូវ​ការគាំ​ទ្ររបស់​ចិន​ចំពោះ​គម្រោង​អភិ​វឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​គម្រោង​ដទៃ​ទៀត​ ក៏ដូច​ជា​កិច្ច​ខំប្រឹង​ប្រែង​ក្នុង​ការស្តារ​សេដ្ឋ​កិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​១៩​របស់​កម្ពុជា។​

លោក​អះអាង​ថា​៖«​ចិន​នឹង​ជួយ​លើក​ទឹក​ចិត្ត​ទេសចរ​ និង​វិនិយោ​គិន​ចិន​ ឱ្យ​មក​កម្ពុជា ​និ​ង​ពិចារណា​បើក​ជើង​ហោះ​ហើរ​​ផ្ទាល់​ទាំង​អស់ ​រវាង​ប្រទេស​ទាំង​ពីរ​ ក៏ដូច​ជា​ការ​សម្រប​សម្រួល​ឱ្យ​មាន​ការ​វិល​ត្រឡ​ប់​របស់​និស្សិត​កម្ពុជា​ ទៅ​សិក្សា​នៅ​ប្រ​ទេស​ចិន​វិញ​»​។

បើតា​ម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​ទាក់​ទង​នឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ-​ឡាន​ឆាង​ រដ្ឋ​មន្ត្រី​ការបរ​ទេសទាំ​ង​២ ​បាន​ឯក​ភាព​គ្នា​​ពន្លឿន​ការ​អនុ​វត្ត​ផែន​ការ​សកម្ម​ភាព​រយៈពេល ​៥ ​ឆ្នាំ ​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​មេគង្គ-​ឡាន​ឆាង​ (២០១៨-​២​០២២)​។

លោក ​ប្រាក់ ​សុខុន ​ក៏បាន​​អរគុណ​ដល់​មិត្ត​ចិន​ ដែល​បាន​ឯក​ភាព​ផ្តល់​ហិរញ្ញ​ប្ប​ទាន​លើ​គម្រោង​ចំនួន ​៦៧ ​នៅ​កម្ពុជា​ដែល​មាន​តម្លៃស​រុប​ ២៦ ​លាន​ដុល្លារ​អាមេរិក​។ ​ហើយ​ភាគី​ទាំង​ ២ ​ក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការអភិ​វឌ្ឍ​សំខាន់​ៗ​ នៃ​ទំនាក់​ទំនង​កិច្ច​សន្ទនា​អាស៊ាន-​ចិន​ ក្នុង​រយៈ​ពេល​ ៣០​ ឆ្នាំ​កន្លង​មក​។

ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០២២ ​​នេះ ​លោក​ ប្រាក់ ​សុខុន​ បាន​ជម្រាប​ជូន​សម​ភាគី​ចិន​អំពី​មូល​បទ​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​​ ២​០២២ ​គឺ​ «​អាស៊ាន​​រួម​គ្នា​ធ្វើ​៖ ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​អស់​គ្នា​» ​ក៏ដូច​ជា​អាទិ​ភាព​សំខាន់ៗ​ រួម​មាន​​ភាព​ចាំបា​ច់​ក្នុង​ការ​ពង្រឹង​មជ្ឈ​ភាព ​និង​ឯក​ភាព​អាស៊ាន ​ការ​ជំរុ​ញ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​កសាង​សហគ​មន៍​អាស៊ាន ​ដើម្បី​រក្សា​សន្តិ​ភាព​ស្ថិរ​ភាព​និង​វិបុល​ភាព​ក្នុង​តំបន់​និង​ពិភព​លោក​។​ រដ្ឋ​មន្ត្រី​ការ​បរទេ​ស​ទាំង ២​ ក៏​បាន​ធ្វើ​ជា​សាក្សី​ក្នុង​ពិធីចុះ​ហត្ថ​លេខា​លើកិ​ច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិការ​ស្តីពី ​«ការ​ត្រួត​ពិនិត្យ​អនា​ម័យ​សត្វ ​និង​ភូត​គាម​អនា​ម័យ ​និង​សុវត្ថិ​ភាព​ចំណី​អាហារ»​ រវាង​កម្ពុជា​ ​និង​ចិន​ ​ផង​ដែរ​។​

លោក ​វ៉ាង​ យី ​បាន​រំឭក​ឡើង​វិញ​នូវ​ការគាំ​ទ្រ​កម្ពុជា​យ៉ាង​ពេញ​ទំហឹង ​ក្នុង​ការធ្វើ​ជា​ប្រធាន​អាស៊ាន​ នៅ​ឆ្នាំ​ ២០២២ ​និង​អប​អរ​សាទរ​កម្ពុជា​ ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រ​ជុំកំ​ពូល ​អាស៊ី-​អឺរ៉ុប​លើក​ទី១៣​ ដោយ​ជោគ​ជ័យ​៕​