ភ្នំពេញៈ ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​ ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ បាន​ប្រមូល​សំណាក​រុក្ខជាតិ​កេសរ​កូលព្រៃ​ (​អ័រគីដេ​) ​សរុប​ចំនួន​១០០សំណាក ​និង​បានកំណត់​អត្តសញ្ញាណ​ ៥ប្រភេទ​ផ្សេងៗ​គ្នា​ ក្នុង​ខែវិច្ឆិកា ​ឆ្នាំ​២០២១​នេះ។

រដ្ឋបាល​ព្រៃឈើ ​នៃ​ក្រសួង​កសិកម្ម​បានឱ្យ​ដឹង​ថា ​ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ​បាន​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន ​ខេត្ត​មណ្ឌលគិរី ​ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ ​ប្រមូល ​និង​ថែរក្សា​សំណាក​កេសរ​កូល​ព្រៃ​ស្ថិតក្នុង​តំបន់​អភិរក្ស​នៃ​ខេត្ត​មណ្ឌលគិរី។ ជា​លទ្ធផល​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ​ ក្រុម​ការងារ​បាន​ប្រមូល​សំណាក​រុក្ខជាតិ​កេសរ​កូល​ព្រៃ​ចំនួន​១០០​សំណាក ​និង​បានកំណត់​អត្តសញ្ញាណ​ ៥​ប្រភេទ​ផ្សេងៗ​គ្នា​ ក្នុង​ខែវិច្ឆិកា។

កេសរ​កូល​ព្រៃ ​ដែល​ត្រូវគេ​ស្គាល់​ជាទូទៅ​ថា ​អ័រគីដេ​នោះ ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​មាន​ការធ្វើ​អាជីវកម្ម ​ដើម្បី​ចៀសវាង​ការវិនាស​ផុត​ពូជ​ពី​ក្នុងព្រៃ​ធម្មជាតិ​។ ក្រសួង​បរិស្ថាន​ធ្លាប់បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ប្រមូល​ទិញ​ និង​ប្រកប​អាជីវកម្ម​ទិញ​លក់​ កេសរ​កូល​ព្រៃ​ក្នុង​ទ្រង់ទ្រាយ​ធំ ​ដែល​អាច​បង្ក​ឱ្យ​វិនាស​បាត់​ពូជ។

លោក​នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ ​និង​ជាមន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នៅថ្ងៃ​ទី៥ ​ខែធ្នូ ​ថា ​មន្រ្តី​ឧទ្យានុរក្ស​បរិស្ថាន​បាន​ធ្វើការ​ទប់ស្កាត់ ​និង​ដកហូត​កេសរ​កូលព្រៃ​បាន​១​ករណី​នៅ​ខេត្ត​មណ្ឌលគិរី​ នៅ​ប្រហែល​ជាដើម​ឆ្នាំ២០២១។ ក្នុង​នោះ​បានធ្វើការ​រឹបអូស​កេសរ​កូល​គ្រប់​ប្រភេទ​ ចន្លោះ​ពី​២០​ទៅ​៣០គីឡូក្រាម។ លោក​បានបន្ថែមថា ​នា​ពេល​បច្ចុប្បន្ន ​នៅ​មាន​ការជួញដូរ​ដោយ​លួចលាក់​ទៅ​លើ​កេសរ​កូល។

លោក​បានបញ្ជាក់ថា​៖«យើង​ព្យាយាម​ក្នុង​ការស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​នៃ​ការជួញដូរ​ហ្នឹង ​ដើម្បី​បង្រ្កាប ​ព្រោះថា​កេសរ​កូល​ជាសម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​យើង ​ហើយ​ការធ្វើ​អាជីវកម្ម​ហួស​ប្រមាណ ​វា​អាច​ធ្វើឱ្យ​រេចរឹល​ ឬ​បាត់បង់​នូវ​ប្រភេទ​កេសរ​កូល​នៅ​កម្ពុជា»។ លោក​នេត្រ ភក្ត្រា ​ក៏បាន​ឱ្យដឹង​ផងដែរ​ថា ​កម្ពុជា​មាន​កេសរ​កូល​ព្រៃ​ប្រមាណជា​៥០០ប្រភេទ។ ក្នុង​នោះ ​កេសរ​កូល​ជាង​២០០ប្រភេទ ​ដែល​មាន​ប្រមាណ​ជា​១ពាន់​ដើម​ត្រូវបាន​យកទៅ​មជ្ឈមណ្ឌល​អភិរក្ស​ និង​ស្រាវជ្រាវ​កេសរ​កូល​សុខអាន​ភ្នំ​គូលែន ​ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ។

យោង​តាម​ក្រសួង​បរិស្ថាន​ ផ្កា​កេសរ​កូល ​ដែល​ដាក់តាំង​លក់​នៅតាម​ហាង​លក់​ផ្កា​នានា​ គឺជា​ប្រភេទ​កេសរ​កូល ដែល​ភាគច្រើន​បានមក​ពី​ការបង្កាត់។ ប៉ុន្តែ​តាម​ការសិក្សា​របស់​អ្នកជំនាញ​ផ្នែក​ជីវៈចម្រុះ ​កម្ពុជា​អាច​ចាត់ទុកជា​ប្រទេស​មួយ​ដែល​សម្បូរបែប​នូវ​ធនធាន​ធម្មជាតិ ​និង​ជីវៈ​ចម្រុះ។ ​ក្នុង​ចំណោម​កេសរ​កូល​ទាំង​ជាង​៥០០​ប្រភេទ​នោះ ​មានតែ​កេសរ​កូល​ប្រមាណ​៣៦០ប្រភេទ​ប៉ុណ្ណោះ​ ដែល​ត្រូវបាន​ធ្វើ​អត្ត​ស​ញ្ញាណ​រួចរាល់​ ហើយ​មាន​ពូជ​ខ្លះ​ក៏​ជា​ពូជ​កម្រ​ផង​ដែរ។

ក្រសួង​បាន​សរសេរ​ថា​៖«​បច្ចុប្បន្ន ​កេសរ​កូល​ព្រៃ ​កំពុង​ទទួលរង​ការគំរាម​កំហែង​ តាមរយៈ​ការជួញដូរ​ក្នុង​រូបភាព​ផ្សេង​ទៅ​បរទេស ​ជាពិសេស​ប្រទេស​ថៃ ​និង​វៀតណាម ​ប៉ុន្តែ​មិនទាន់​មាន​ការកត់ត្រា ​និង​ព័ត៌មាន​លម្អិត​ពី​ការជួញដូរ​នេះ​នៅឡើយ​ទេ»៕