តាកែវៈ ស្នងការនគរបាលខេត្តតាកែវ លោក ឈាង ផាន់ណារ៉ា បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបឱ្យបានជាប់ជាប្រចាំនូវបទល្មើសដាំដំណាំកញ្ឆា ធ្វើយ៉ាងណាឱ្យតំបន់ភូមិសាស្ត្រ ស្រុកគិរីវង្ស គ្មានដំណាំកញ្ឆាកើតមានតទៅទៀត។
ក្នុងបទសម្ភាសន៍ជាមួយភ្នំពេញប៉ុស្តិ៍ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ លោក ផាន់ណារ៉ា បាននិយាយថា ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ លោកបានដឹកនាំក្រុមមន្ត្រីនគរបាលជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង្ស ដើម្បីល្បាតស្រាវជ្រាវ និង បង្ក្រាបបទល្មើស ដាំដំណាំកញ្ឆា ដែលក្រុមជនល្មើសតែងតែឆ្លៀតឱកាស ដាំលួចលាក់នៅក្នុងតំបន់ព្រៃភ្នំ។ ជាលទ្ធផលបានរកឃើញ និងកាប់បំផ្លាញចោលនូវទីតាំងដាំដំណាំកញ្ឆា ចំនួន៣ទីតាំង ស្ថិតក្នុងឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង្ស លើផ្ទៃដី ២៦៥ម៉ែត្រការ៉េ។
លោក ផាន់ណារ៉ា បានបញ្ជាក់ថា៖«នៅកម្ពុជា កញ្ឆា ជាគ្រឿងញៀន១ប្រភេទ ដែលត្រូវបានហាមឃាត់ធ្វើការដាំដុះ រក្សាទុក ប្រើប្រាស់ និង ជួញដូរ។ ប៉ុន្តែជារឿយៗ នៅភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ នៃស្រុកគិរីវង្ស មានករណីនេះកើតឡើងជាបន្តបន្ទាប់ បើទោះជាកម្លាំងសមត្ថកិច្ចនគរបាលស្រាវជ្រាវនិងបង្ក្រាបបានជាបន្តបន្ទាប់ក៏ដោយ»។
បើតាមលោក ផាន់ណារ៉ា ករណីដាំដុះដំណាំកញ្ឆាក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវមិនមែនទើបតែកើតនាពេលបច្ចុប្បន្ននេះទេ គឺវាបានកើតឡើងជាច្រើនតំណមនុស្សមកហើយ។ យ៉ាងណាក៏ដោយ ការកើតមានបទល្មើសដដែលៗនៅក្នុងភូមិសាស្ត្រខាងលើនេះ គឺ បណ្ដាលមកពីអាជ្ញាធរមូលដ្ឋាន «ខ្វះសុឆន្ទៈក្នុងការអនុវត្តច្បាប់»។ ទន្ទឹមនឹងនេះ លោកបានប្រាប់ឱ្យដឹងផងដែរថា នៅដើមឆ្នាំ ២០២២ខាងមុខនេះ លោក នឹងកោះប្រជុំមន្ត្រីនគរបាលទាំងអស់ ពិសេសមន្ត្រីនគរបាលមូលដ្ឋានឃុំទាំង១២នៃស្រុកគិរីវង្ស ឱ្យចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបនូវគ្រប់ទម្រង់នៃបទល្មើស ពិសេសបទល្មើសទាក់ទងនិងគ្រឿងញៀន ដែលក្នុងនោះរួមទាំងដំណាំកញ្ឆាផងដែរ។
លោកបានបញ្ជាក់ថា៖«ជំហានដំបូង យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីបំបាត់ដំណាំកញ្ឆា ដោយស្រាវជ្រាវ និងបង្ក្រាបចាប់ជនប្រព្រឹត្តបទល្មើស ប្រគល់ឱ្យតុលាការចាត់វិធានការទៅតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែង»។
ជុំវិញករណីនេះ លោក ឥន្ទ វុធ នាយនគរបាលប៉ុស្តិ៍ឃុំព្រះបាទជាន់ជុំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទីតាំងលួចលាក់ដាំដំណាំកញ្ឆា មិនមែនកើតមាននៅក្នុងភូមិ ឬ ក្នុងចម្ការនោះទេ គឺ នៅកណ្ដាលព្រៃភ្នំ ជាប់មាត់បឹង និងជ្រលងដងអូរ ដែលមានលក្ខណៈស្មុគស្មាញ និងមានចម្ងាយឆ្ងាយពីភូមិឋានរបស់ប្រជាពលរដ្ឋ។
លោកបាននិយាយថា៖«យើងបានស្រាវជ្រាវ និងបង្ក្រាបចាប់ខ្លួនអ្នកភូមិមួយចំនួន ដែលពាក់ព័ន្ធការធ្វើជំនួញកញ្ឆានេះ បញ្ជូនទៅឱ្យតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាបន្តបន្ទាប់ផងដែរ ប៉ុន្តែវានៅតែកើតមាន»។
បើតាមលោក វុធ ប្រជាពលរដ្ឋភាគច្រើនក្នុងឃុំព្រះបាទជាន់ជុំ កន្លងមកបានដាំកញ្ឆានៅក្នុងចម្ការរបស់ពួកគេនៅក្នុងភូមិព្រោះវាមានទីផ្សារខ្ពស់ គឺ ក្នុងមួយគីឡូក្រាមតម្លៃចន្លោះពី១៤០ម៉ឺនរៀលដល់ ១៦០ ម៉ឺនរៀល សម្រាប់ស្លឹកកញ្ឆាក្រៀម ហើយវាមិនពិបាកលក់នោះទេ គឺ មានជនជាតិវៀតណាមចុះមកប្រមូលទិញដល់ចម្ការ។ ប៉ុន្តែក្រោយពីរដ្ឋាភិបាល បានបង្កើតនិងអនុម័តច្បាប់ស្ដីពីគ្រឿងញៀន ហើយបានដាក់បញ្ចូលដំណាំកញ្ឆា ជាដំណាំដែលត្រូវបានហាមឃាត់រួចមក កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប និងអប់រំណែនាំឱ្យបញ្ឈប់ការដាំដុះដំណាំនេះ ក៏ស្រាប់តែមានការលួចលាក់ដាំកញ្ឆានៅក្នុងព្រៃភ្នំតែម្ដង៕