ភ្នំពេញៈ តុលាការ​ខេត្ត​ព្រះសីហនុ ​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនជាប់ចោទ​ជា​អតីត​មន្ត្រី​នគរបាល​ខេត្ត​ម្នាក់​ ពី​បទ​រំលោភ​សេព​សន្ថវៈ​លើ​កុមារី​អាយុ​១១ឆ្នាំ ​នៅ​សង្កាត់ ៣ ​ក្រុង​-ខេត្ត​ព្រះសីហនុ​ កាលពី​ជាង​១០ឆ្នាំ​មុន ​ក្រោយពី​ជនជាប់​ចោទ​ក៏​ត្រូវបាន​តុលាការ​កំពូល​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ​៥ ឆ្នាំ​ និង​បង្គាប់​ឱ្យសង​សំណង​រដ្ឋប្បវេណី​ទៅ​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​ចំនួន​ ៤០​ លាន​រៀល។

សាលដីកា​ដែល​មាន​ចុះហត្ថលេខា​ ដោយ​លោក ​ហួត វិចិត្រ ​ព្រះរាជ​អាជ្ញារង​ខេត្ត​ព្រះសីហនុ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី៥ ​ធ្នូ​ បាន​បង្ហាញថា ​ជនជាប់ចោទ​ឈ្មោះ​កង សុផាត ​អាយុ​៤៨ឆ្នាំ ​រស់នៅ​ភូមិ៣ ​សង្កាត់៣ ​ក្រុង​-ខេត្ត​ព្រះសីហនុ​ជាប់ចោទ​បទ​រំលោភ​សេពសន្ថវៈ ​ប្រព្រឹត្ត​នៅ ​ភូមិ៣ ​សង្កាត់៣ ​ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះសីហនុ ​កាលពី​ឆ្នាំ២០១០។

សាលដីកា​បញ្ជាក់​ថា​៖«ឈ្មោះ​កង សុផាត ​អាយុ​៤៨ឆ្នាំ​មុខរបរ​ជា​មន្ត្រី​នគរបាល​ ជាប់ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ ​បង្គាប់​មក​មន្ត្រី​នគរបាល​យុត្តិធម៌​ចាប់ខ្លួន​ឈ្មោះ​កង សុផាត ​យកមក​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ​ខេត្ត​ព្រះសីហនុ»។

ពាក់ព័ន្ធ​នឹង​ការ​តាម​ចាប់ខ្លួន​នេះ លោក​អ៊ុក ផាន់​ណា​រ៉េត ​នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់៣​ ក្រុង​ព្រះសីហនុ ​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី៥ ​ធ្នូ ​ថា ​ជនជាប់ចោទ​ឈ្មោះ ​កង សុផាត ​កំពុង​ត្រូវ​បានសមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន។​ជន​ជាប់​ចោទ​បាន​បង្ក​ហេតុ​រយៈពេល​យូរ​មកហើយ​ ពោល​គឺ​តាំងពី​ឆ្នាំ២០១០។

លោក​បន្តថា​៖«ជន​ជាប់ចោទ​បាន​រត់​គេចខ្លួន​ ហើយ​សមត្ថកិច្ច​កំពុង​តាម​ចាប់។ ប៉ុន្តែ​រឿង​នេះ​ វា​បាន​កើតឡើង​តាំងពី​ខ្ញុំ​មិន​ទាន់​បាន​ចូលមក​បម្រើ​ការជានាយ​ប៉ុស្តិ៍​ផង​ទេ»។

ទោះយ៉ាង​ណា ​បើតាម​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ​១រូប​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី៥​ ធ្នូ ​ថា ​ជន​ជាប់ចោទ​ឈ្មោះ​កង សុផាត​បាន​ចាប់​ក្មេងស្រី​រងគ្រោះ​អាយុ​១១ឆ្នាំ​រំលោភ​សេពសន្ថវៈ​បានសម្រេច​នៅក្នុង​ភូមិ៣​ សង្កាត់៣ ​ក្រុង​-ខេត្ត​ព្រះសីហនុ​ កាលពី​ខែសីហា​ ឆ្នាំ២០១០។ បន្ទាប់មក​ត្រូវបាន​ឪពុកម្តាយ​ក្មេង​រងគ្រោះ​ប្តឹងទៅ​តុលាការ​ខេត្ត​ព្រះសីហនុ។

មន្ត្រី​រូបនោះ​បន្តថា​ សំណុំ​រឿងនេះ​ ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ​បើកសវនាការ ​និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី៩​ ខែមេសា​ ឆ្នាំ២០១៥ ​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ​កង សុផាត ​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៥ឆ្នាំ ​និង​បង្គាប់​ឱ្យ​សង​សំណង​រដ្ឋប្បវេណី​ទៅ​ឪពុក​ម្តាយ​ក្មេងរងគ្រោះ​៤០លាន​រៀល។ចំពោះ​សាលាឧទ្ធរណ៍​វិញ​ បាន​បើក​សវនាការ ​និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី២៦ ​ខែមករា​ ឆ្នាំ២០១៦​ សម្រេច​តម្កល់​ទោស​៥ឆ្នាំ ​និងរក្សា​ប្រាក់​សំណង​រដ្ឋប្បវេណី​តាម​សាល​ក្រម​របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ។

បន្ទាប់មក​នៅ​តុលាការ​កំពូល​ក៏​បើក​សវនាការ ​និង​ប្រកាស​សាលដីកា ​នៅ​ថ្ងៃទី១៧​ ខែតុលា ​ឆ្នាំ២០១៦ ​តម្កល់​ទោស​ដល់​ជន​ជាប់ចោទ​ដាក់ពន្ធនាគារ​៥ឆ្នាំ ​និង​រក្សាទុក​សំណង​ជំងឺ​ចិត្ត​នៅ​ដដែល​ដូច​តុលាការ​ថ្នាក់​ក្រោម​ដែរ។

មន្ត្រី​ដដែល​បញ្ជាក់ថា​៖«រឿងនេះ​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ ​នៅតែ​ស្វែងរក​ចាប់ខ្លួន​ជនជាប់ចោទ​ទេ។ សមត្ថកិច្ច​ខិតខំ​ធ្វើ​ការងារ​នេះ​មិនបាន​ដាក់​ដៃ​ដែរ»៕