ភ្នំពេញៈ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ប្រកាស​ធ្វើការ​សាង​សង់​មន្ទីរពេទ្យ​ធំមួយ​ សម្រាប់​ដាក់អ្នក​ជំងឺកូ​វីដ ១៩​ ដែលអាចនឹង​បញ្ចប់នៅ​ក្នុង​ឆ្នាំ​ ២០២២ ដោយ​លោកនឹង​ផ្តល់​មណ្ឌល​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ ​១៩​ ទៅដល់​វិស័យ​ឯកជន​សម្រាប់​ប្រើ​ប្រាស់វិញ។

លោក ហ៊ុន សែន បាន​ថ្លែង​ដូច​នេះ ​នាព្រឹក​ថ្ងៃទី​ ០៦ ខែ ធ្នូ ឆ្នាំ​ ២០២១ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូ​វការ ផ្លូវ​ជាតិ​លេខ​ ១១ (អ្នក​លឿង-ថ្នល់​ទទឹង)។

លោក​បាន​មាន​ប្រសាសន៍ថា៖ «ខ្ញុំ​សុំឱ្យ​ក្រសួង​សុខា​ភិបាល​ ទាក់​ទង​ជាមួយ​នឹង​អភិបា​លរាជ​ធានីភ្នំ​ពេញ ស្វែង​រក​ទីតាំង​សម្រាប់​រៀបចំ​ធ្វើ​មណ្ឌល​ព្យាបាល​អ្នក​ជំងឺកូវីដ​មួយ​ ដោយ​សារ​ពេល​នេះ​ យើង​នៅ​ប្រើ​ស្តាត​អូឡាំពិក​ សម្រាប់​ដាក់​អ្នក​ជំងឺ ដែល​ប្រហែល​ចុង​ឆ្នាំ​ ២០២២ យើង​អាច​ផ្ទេរ​អ្នក​ជំងឺ​ពីស្តាត​អូឡាំពិក​ និង​មន្ទីរ​ពេទ្យ​នានា​មកដាក់​នៅ​មណ្ឌល​ព្យាបាល​ជំងឺកូវីដ​ថ្មី​វិញ​បាន»។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «យើង​ត្រូវ​មាន​មជ្ឈ​មណ្ឌល​មួយ​ទំហំធំ​ ដែល​អាច​ដាក់​មនុស្ស​បាន​រាប់​ម៉ឺន​នាក់ និង​មាន​កន្លែង​សង្គ្រោះ​បន្ទាន់​រាប់​រយ​គ្រែ»។

លោក​នាយក​រដ្ឋ​មន្រ្តីបាន​បន្ថែម​ថា ការ​ផ្ទេរ​អ្នក​ជំងឺ​ពី​មណ្ឌល​ព្យាបាល​របស់​វិស័យឯកជន​​ ត្រូវ​ធ្វើ​ឱ្យ​អស់​យ៉ាង​យូរបំផុត​ចុងខែ​ធ្នូ​នេះ៕