ភ្នំពេញៈ កម្ពុជា​បាន​បញ្ជា​ទិញ​ឱសថ​គ្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ឈ្មោះ​ ម៉ុលនុយពីរ៉ាវា ​(Molnupiravir) ​របស់​អាមេរិក​ចំនួន​ ៤ ​លាន​គ្រាប់ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ចំនួន​ ១០ ​ម៉ឺន​នាក់ និង​ប្រើប្រាស់​តាម​មន្ទីរពេទ្យ​រដ្ឋ ព្រមទាំង​ចែកចាយ​តាម​ឱសថស្ថាន និង​គ្លីនិក​ឯកជន​។

កាលពី​ថ្ងៃទី​ ៣ ខែវិច្ឆិកា ក្រសួង​សុខាភិបាល​បានប្រកាស​អនុញ្ញាត ឱ្យ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់​នូវ​ឱសថ​ប្រភេទ​នេះ ​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩​។ លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ឱសថ​នេះ គឺ​ប្រើតែ​ក្នុង​អំឡុងពេល​គ្រោះអាសន្ន​សុខភាព​សាធារណៈ​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​កើតមាន និង​ជា​ជម្រើស​នៃ​ការព្យាបាល​ដែល​ស្ថិតក្រោម​ការស្រាវជ្រាវ និង​វាយតម្លៃ​។

ហ្វេសប៊ុក «TYDA - គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ​» ​បាន​បង្ហោះ​សារ​ថា នា​ព្រឹក ថ្ងៃ​សុក្រ​ទី​ ៣ ខែធ្នូ ឆ្នាំ​ ២០២១ ក្រុមការងារ​សិក្សា និង​ស្រាវជ្រាវ​រក​ឱសថ និង​បរិក្ខារ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ដែល​ដឹកនាំ​ដោយ​លោកស្រី ពេជ ចន្ទមុន្នី [​សមាជិក​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ និង​ជា​ប្រធាន​ក្រុម​ដឹកនាំ​រួម​ក្រុមគ្រូពេទ្យ​សម្តេចតេជោ ប្រឆាំង​កូវីដ​ ១៩] បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​បញ្ជា​ទិញ​ឱសថ​វេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (Molnupiravir)​។

ហ្វេសប៊ុក​នេះ​បញ្ជាក់ថា​៖ «​ម៉ុលនុយពីរ៉ាវា ​ជា​ឱសថ​ប្រឆាំង វីរុស​ (Antiviral) ប្រើប្រាស់​ក្នុង​ការព្យាបាល​ជំងឺ​កូវីដ​ ១៩ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​បញ្ជាទិញ​ចំនួន​ ៤ ​លាន​គ្រាប់ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩ ចំនួន​ ១០ ​ម៉ឺន​នាក់ សម្រាប់​ប្រើប្រាស់​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ចែកចាយ​ដល់​វិស័យ​ឯកជន រួមមាន​តាម​ឱសថស្ថាន និង​គ្លីនិក​ឯកជន​»​។

លោកស្រី​ ពេជ ចន្ទមុន្នី បាន​ចែករំលែក (Share) សារ​នេះ​នៅលើ​គណនី​ហ្វេសប៊ុក​របស់​លោកស្រី ព្រមទាំង​បាន​សរសេរ ថា «Good News for Cambodia»​ដែល​មានន័យថា ដំណឹង​ល្អ​សម្រាប់​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា បាន​ប្រកាស​ឱ្យដឹង​ផងដែរ​ថា កម្ពុជា​កំពុង​ទិញ​ថ្នាំ​សម្រាប់​ការព្យាបាល​ចំនួន​ ៥ ​ម៉ឺន​នាក់ ដែលជា​ថ្នាំ​របស់​អាមេរិក ហើយ​ព្យាបាល​ល្អ​។ ក្នុង​ម្នាក់​តម្លៃ​ ៥០ ​ដុល្លារ សរុប​ជា​ទឹកប្រាក់​អស់​ ២,៥ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​កាលពីមុន ៧០០ ​ដុល្លារ​ក្នុង​ម្នាក់ ក្រោយមក​ចុះមក​នៅ ៥០ ​ដុល្លារ​។ ឥឡូវ​មក​នៅ​ ៤៦ ​ដុល្លារ ទាំង​ថ្លៃ​ដឹកជញ្ជូន​។ យើង​គិត​ទាំង​ថ្លៃ​ដឹកជញ្ជូន ព្រោះ​លុយ​យើង​ចេញ​ដែរ​»​។

លោក​ ហ៊ុន សែន បន្ថែមថា​៖ «​ការពិត​មនុស្ស​យើង​កំពុង​នៅ​ឈឺ​តែ​ប៉ុន្មាន​ពាន់​នាក់​ទេ​។ ប៉ុន្តែ​យើង​ទិញ​ត្រៀម​ទុក​សម្រាប់​ព្យាបាល​មនុស្ស ៥ ​ម៉ឺន​នាក់​។ អ៊ីចឹង​យើង​អត់​មាន​រឿង​ត្រូវ​សូញសាញ​ច្រើន​ទេ គឺ​បញ្ជា​ទិញ​តែម្តង ប៉ុន្តែ​សុំ​ប្រជាពលរដ្ឋ​យើង​កុំ​ផ្អែក​ថា​ថ្នាំ​នេះ​ល្អ បាត់​ការប្រុងប្រយ័ត្ន​ឱ្យសោះ​»​។

លោកស្រី​ Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ប្រចាំ​កម្ពុជា​បាន​សរសេរ​នៅលើ​បណ្តាញ Twitter របស់​លោកស្រី​នា​ថ្ងៃទី​ ៥ ធ្នូ​ថា​៖ «​មេរោគ​កូវីដ​ ១៩ ​បំប្លែង​ថ្មី Omicron [​អូមីក្រុង​] គឺជា​ការផ្តោត​ការយកចិត្ត​ទុកដាក់​សំខាន់​របស់​យើង​នាពេល​ថ្មីៗ​នេះ​។ ប៉ុន្តែ​យើង​មិនគួរ​ស្មាន​...​យើង​ដឹងថា មេរោគ​នេះ​ទំនងជា​អាច​ឆ្លង​បាន​យ៉ាង​លឿន​»​។

លោកស្រី​បន្តថា​៖ «​យើង​មិនទាន់​ដឹង​ពី​ផលប៉ះពាល់​ពិតប្រាកដ​នៃ​មេរោគ​នេះ​នៅឡើយ​ទេ​ទៅលើ​ភាព​ធ្ងន់ធ្ងរ និង​ឧបករណ៍​សុខាភិបាល​របស់​យើង​។ មិនមាន​ហេតុផល​ណាមួយ ដើម្បី​បញ្ឈប់​វិធានការ​ល្អ​បច្ចុប្បន្ន​របស់​យើង ក្នុង​ការគ្រប់គ្រង​ហានិភ័យ​នោះទេ​»​។

លោកស្រី Li Ailan បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​បច្ចុប្បន្ន​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា នៅតែ​មាន​សារៈសំខាន់​ ដើម្បី​ឆ្លើយតប​ទៅនឹង​មេរោគ​បំប្លែង​ថ្មីៗ​រួមមាន Delta និង Omicron​។ ការរួមបញ្ចូល​ដ៏ល្អ​រវាង​វិធានការ​សុខភាព​សាធារណៈ និង​ការចាក់​វ៉ាក់សាំង ត្រូវ​បាន​គេ​រំពឹងថា នឹងមាន​ប្រសិទ្ធភាព សម្រាប់​ទប់ស្កាត់ Omicron​។ «​ចូរ​ត្រៀមខ្លួន និង​អនុវត្ត​ដោយ​ការទទួល​ខុសត្រូវ​សម្រាប់​ការបើក​ឡើងវិញ​នូវ​សកម្មភាព​សង្គម-សេដ្ឋកិច្ច​ប្រកបដោយ​សុវត្ថិភាព និង​និរន្តរភាព​»​។

លោកស្រី Li Ailan បាន​សរសេរ​ទៀតថា វិធានការ​សុខភាព​សាធារណៈ និង​សង្គម ដូចជា​ការពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ ការអនាម័យ​ដៃ​ឱ្យ​បានល្អ ការរក្សា​គម្លាត ការចៀសវាង​ទៅ​កន្លែង​បិទ​ជិត និង​ការចាក់​វ៉ាក់សាំង​ជាដើម នៅតែមាន​ប្រសិទ្ធភាព​ក្នុង​ការប្រឆាំង​នឹង​ប្រភេទ​មេរោគ​បំប្លែង​ថ្មី Delta និង Omicron​។ វិធានការ​ទាំងនេះ​គួរតែ​បន្ត​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​គ្មាន​ដំណោះស្រាយ​បែប​មន្តអាគម​ទេ​!៕