ភ្នំពេញៈ ព្រះសព​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​​ឧត្តមក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ទី​ ១ និង​ជា​អតីត​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​សោយទិវង្គត​កាលពី​ថ្ងៃទី​ ២៨ វិច្ឆិកា នឹងត្រូវ​បូជា​នៅ​ថ្ងៃទី​ ៨ ធ្នូ ជា​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​កំណត់​កាន់ទុក្ខ​ ដើម្បី​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះសព​របស់​ព្រះអង្គ​។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​សោយ​ទិវង្គត​ដោយ​ព្រះរោគាពាធ​នា​ក្រុងប៉ារីស ប្រទេស​បារាំង​ក្នុង​ព្រះជន្មាយុ​ ៧៧ ​ព្រះវស្សា ហើយ​ព្រះសព​របស់​ព្រះអង្គ​ត្រូវ​បាន​យាង​ដង្ហែ​មកកាន់​ប្រទេស​កម្ពុ​ជានា​ថ្ងៃទី​ ៥ ធ្នូ ឆ្នាំ​ ២០២១ តាម​ជើងហោះហើរ​ពិសេស​ពី​សាធារណរដ្ឋ​បារាំង និង​មាន​អ្នកចូលរួម​ទទួល​សព​ព្រះអង្គ​ជាច្រើន​អង្គ​/​នាក់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

ព្រះសព​របស់​ព្រះអង្គ​នឹងត្រូវ​តម្កល់​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា​នា​អតីតព្រះរាជដំណាក់​របស់​ព្រះអង្គ​នៅ​ផ្លូវ​សម្តេចប៉ាន ក្រោយ​ព្រះបរមរាជវាំង ដោយ​ព្រះសព​នឹងត្រូវ​តម្កល់​រយៈពេល ៤ ​ថ្ងៃ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​មួយ​កាលពី​ថ្ងៃទី​ ៣ ខែធ្នូ ដោយ​លោក​បានកំណត់​យក​ថ្ងៃទី​ ៨ ខែធ្នូ ជា​ថ្ងៃ​កាន់ទុក្ខ ដើម្បី​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះសព​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ហើយ​តម្រូវឱ្យ​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ ទីវត្តអារាម និង​ប្រជាជន​ទូទាំង​ប្រទេស​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់កណ្តាល​នៃ​ដងទង់ជាតិ​។ ​លោក ហ៊ុន សែន បាន​លើកឡើង​តាមរយៈ​សារាចរ​ដដែល​នេះ​ថា៖ «​ព្រះអង្គ​មាន​គុណ​បំណាច់​ដ៏ធំធេង​ចំពោះ ជាតិ​ សាសនា ព្រះមហាក្សត្រ​»​។

លោក​បន្ថែមថា គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់​ត្រូវ​ផ្អាក​ការសម្តែង និង​ចាក់ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ ដែលមាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង​នៅ​ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២១ ​ផងដែរ​។

ព្រះទីនាំង​ដង្ហែ​ព្រះសព​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។ហុង មិនា

យោងតាម​កម្មវិធី​បុណ្យ​នៃ​ពិធី​ថ្វាយ​ព្រះកុសល​ព្រះវិញ្ញាណក្ខន្ធ និង​គោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះសព​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ របស់​គណៈកម្មការ​រៀបចំ​ព្រះ​ពិធីបុណ្យ​ព្រះសព​បានបញ្ជាក់​ឱ្យដឹងថា ព្រះសព​របស់​ព្រះអង្គ​នឹង​ត្រូវ​យាង​ដង្ហែ និង​ធ្វើ​ពិធី​បូជាព្រះសព​នា​ព្រឹក​ថៃ្ង​ទី​ ៨ ខែធ្នូ នា​ព្រះមេរុ នៅខាងមុខ​វត្ត​បទុមវតី​។

នៅ​ព្រឹក​ថ្ងៃទី​ ៨ ខែធ្នូ វេលា​ម៉ោង​ ៦ ​ព្រឹក បន្ទាប់ពី​ពិធី​សាសនា​រួច​នឹងមាន​ធ្វើ​ពិធីខមាទោស​ព្រះសព​ជា​លើក​ចុងក្រោយ ដោយ​ព្រះអង្គម្ចាស់ក្សត្រី​នរោត្តម​ ម៉ារី និង​បុត្រា-បុត្រី ព្រមទាំង​ព្រះញាតិវង្ស រួច​ធ្វើ​ពិធី​បង្សុកូល​។

នៅ​ម៉ោង​ ៧ ​ព្រឹក ពិធី​រំកិល​ព្រះសព​ឡើងលើ​ទីនាំង​រថយន្ត​បុស្បុក រួច​ធ្វើ​ពិធី​ដង្ហែ​ព្រះសព​ចេញពី​ព្រះដំណាក់ ឆ្ពោះ​ទៅ​កាន់​ព្រះមេរុ​នៅខាងមុខ​វត្ត​បទុមវតី ហើយ​ធ្វើ​ពិធី​ដង្ហែ​ព្រះសព​ឡើង​ព្រះមេរុ និង​ពិធី​បូជាព្រះសព​នឹង​ចាប់ផ្តើម​នៅវេលា​ម៉ោង​ ៨ និង​ ៣០ ​នាទី​ព្រឹក​។

គួរបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រសូត​នៅ​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ១៩៤៤​។ ព្រះអង្គ​គឺជា​ព្រះរាជបុត្រ​ទី​ ២ ​របស់​ព្រះបាទ​នរោត្តម សីហនុ និង​ត្រូវជា​ព្រះរាម​នៃ​ព្រះមហាក្សត្រ​កម្ពុជា​បច្ចុប្បន្ន​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជា​ព្រះប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ហើយ​បាន​ជាប់​ឆ្នោត​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​ ១ នៃ​កម្ពុជា​ពី​ឆ្នាំ​ ១៩៩៣ រហូតដល់​ឆ្នាំ​ ១៩៩៧ ហើយ​បន្ទាប់មក​ក៏បាន​ក្លាយជា​ព្រះប្រធាន​រដ្ឋសភា​នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៨ ដល់​ឆ្នាំ​ ២០០៦៕

វីដេអូ៖