ភ្នំពេញៈ សំណង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​ ១២ ​ខ្នង និង​ផ្ទះ​សិប្បកម្ម​តម្បាញ​សូត្រ​ចំនួន​ ១ ស្ថិត​ក្នុងភូមិ​ ៥ សង្កាត់​ច្រាំងចំរេះ​ ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាន​រង​ការឆេះ​ខូចខាត​នៅ​ថ្ងៃទី​ ៥ ខែធ្នូ ឆ្នាំ​ ២០២១ ប៉ុន្តែ​មិន​បង្កឱ្យមាន​ជនរងគ្រោះ​ណា​ម្នាក់​ស្លាប់ និង​រងរបួស​ឡើយ​។ នេះ​បើតាម​ការអះអាង​របស់​អាជ្ញាធរ​មូលដ្ឋាន​។

លោក​ ហ៊ាង ថារ៉េត អធិការ​នគរបាល​ខណ្ឌឫស្សីកែវ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​អគិ្គភ័យ​នៅ​ទីតាំង​ខាងលើនេះ បង្កឡើង​ដោយ​ការធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ​ម្នាក់ ដែល​បាន​អុជ​ទៀន​ចោល​នៅលើ​ហ៊ឹងទេវតា​ក្នុង​ខ្ទម​ស្នាក់នៅ​របស់ខ្លួន​ក្បែរ​គ្រែដេក​។ ទៀន​បាន​ដួលរលំ​ធ្លាក់​មក​លើ​គំនរ​ភួយ​មុង​លើ​គ្រែ​នោះ​បណ្ដាល​ឱ្យ​ឆាបឆេះ​រាលដាល​ដល់​ខ្ទម​អ្នកជិតខាង​ក្បែរ​នោះ​ចំនួន​ ១២ ​ខ្នង និង​ផ្ទះ​សិប្បកម្មតម្បាញ​សូត្រ​ចំនួន​ ១ ដែលមាន​ទំហំ​ ១៥ ​គុណ​ ១៥ ​ម៉ែត្រ ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​។

លោក​បញ្ជាក់ថា​៖ «​ផ្ទះ​ដែល​រង​ការឆេះ​ខូចខាត​នោះ ភាគច្រើន​ជា​សំណង់​មិន​រៀបរយ​ដែល​សង់​រំលោភ​លើដី​ចំណីផ្លូវ​សាធារណៈ​»​។

ចំណែក​លោក​ ព្រំ យ៉ន ប្រធាន​ការិយាល័យ​បង្ការ​ទប់ស្កាត់​ពន្លត់ អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ប្រតិបត្តិការ​ពន្លត់​គ្រោះ​អគ្គិភ័យ​នេះ ក្រុម​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ ១៣ ​គ្រឿង​។ ប្រើប្រាស់​ទឹក​អស់​ ១៤៦ ​ម៉ែត្រគុប ដោយ​ប្រើ​រយៈពេល​ ១ ​ម៉ោង គឺ ចាប់ពី​ម៉ោង​ ៧:៣០ ​នាទី​ព្រឹក ដល់ ម៉ោង​ ៨:៣០ ​នាទី​ព្រឹក​ថ្ងៃទី​ ៥ ធ្នូ​។

ដោយសារ​រដូវ​នេះ​ជា​រដូវ​ធ្លាក់​ខ្យល់​ខ្លាំង ងាយ​បង្ក​នូវ​គ្រោះ​អគ្គិភ័យ​កើតឡើង លោក​ យ៉ន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​ការប្រើប្រាស់​នូវ​ថាមពល​អគ្គិសនី និង​ថាមពល​អុស ធ្យូង រួមទាំង​ឧបករណ៍​សម្ភារ​ទាំងឡាយ​ណា​ដែល​ងាយ​បង្ក​ការឆាបឆេះ ដោយ​ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់ មុន​ និង​ក្រោយ​ការប្រើប្រាស់​។

លោក​ ព្រំ យ៉ន បញ្ជាក់ថា​៖ «​នៅក្នុង​សប្ដាហ៍​នេះ គឺ​ពីថ្ងៃ​អង្គារ​ទី​ ៣០ ខែវិច្ឆិកា ដល់​ថ្ងៃអាទិត្យ​ទី​ ៥ ខែធ្នូ ឆ្នាំ​ ២០២១ ​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ចំនួន​ ៣ ​លើក បណ្ដាល​ឱ្យ​មាន​ជនរងគ្រោះ​ស្លាប់​ ៣ ​នាក់​»​។

បើតាម​មន្ត្រី​នគរបាល​រូបនេះ ករណី​គ្រោះ​អគ្គិភ័យ​ ៣ ​លើក​ផ្ទួនៗ​គ្នា​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​នេះ បង្កឡើង​ដោយ​ការធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ ដែល​មិនបាន​ត្រួតពិនិត្យ​នូវ​ឧបករណ៍ប្រើប្រាស់​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​។ ក្នុងនោះ​ករណី​អគ្គិភ័យ​នៅ​ខណ្ឌ​កំបូល​ដែល​បណ្ដាលឱ្យ​ជនរងគ្រោះ​ ២ ​នាក់ គឺ ឪពុកក្មេក និង​កូនប្រសា​ស្រី​ស្លាប់ គឺ បង្កឡើង​ដោយ​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​នៅ​ហ៊ឹងកុងម៉ា​។

ករណី​ភ្លើង​ឆេះ​ផ្ទះ​លក់​ចាប់ហួយ​ ១ ​នៅ​ភូមិ​ដំណាក់ សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ កាលពី​រសៀល​ថ្ងៃទី​ ៣ ខែធ្នូ ឆ្នាំ​ ២០២១ ដែល​បាន​បង្ក​ឱ្យ​ស្លាប់​ស្ត្រី​ម្នាក់​អាយុ​ ៥៤ ​ឆ្នាំ គឺ​បណ្ដាលមកពី​ផ្ទុះ​កំប៉ុង​ហ្គាស​ចាស់ៗ ពេល​ដាំ​ស្ល ហើយ​ឆេះ​រាលដាល​ដល់​លំនៅឋាន និង​ទ្រព្យសម្បត្តិ ព្រមទាំង​អាយុជីវិត​។ ចំណែក​ករណី​ភ្លើង​ឆេះ​ផ្ទះ​នៅ​ព្រឹក​ថ្ងៃទី​ ៥ ខែធ្នូ ឆ្នាំ​ ២០២១​នេះ គឺ​បណ្ដាល​មកពី​ការអុជ​ទៀន​មិន​ប្រយ័ត្ន​ដួល​ធ្នាក់​លើ​គំនរ​ភួយ​មុង ឆាបឆេះ​ផ្ទះ និង រាលដាល​ដល់ផ្ទះ​អ្នកដទៃ​។ នេះ​បើតាម​មន្ត្រី​នគរបាល​ដដែល​៕

វីដេអូ៖