ភ្នំពេញៈ ទិវា​អន្តរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត ៥ ធ្នូ កម្ពុជា​បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ​ «​ស្ម័គ្រចិត្ត​ពេលនេះ​ ដើម្បី​អនាគត​របស់​យើង​ទាំងអស់​គ្នា​បន្តធ្វើ​សកម្មភាព ដោយ​មិន​ឈប់ឈរ​ឡើយ​» ដែល​ក្នុងនោះដែរ យុវជន​កាកបាទ​ក្រហម​កម្ពុជា និង​អ្នក​ស្ម័គ្រចិត្ត​បាន​ស្ម័គ្រចិត្ត​ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ តាម​គ្រប់​មធ្យោបាយ​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ-១៩ ដោយ​បាន​ជួប​ផ្ទាល់​ជាមួយ​នឹង​ពលរដ្ឋ​ជិត ២ ​លាន​នាក់​នៅ​តាម​ខ្នង​ផ្ទះ និង​កន្លែង​នានា​។

លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​បាន​លើក​ឡើង​តាមរយៈ​សារលិខិត​នៃ​ទិវា​អន្តរជាតិ​នៃ​អ្នក​ស្ម័គ្រចិត្ត​ ៥ ធ្នូ ២០២១ ថា​ប្រធានបទ​នេះ​មាន​គោលបំណង​អំពាវនាវ​ចំពោះ​យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា សាធារណជន និង​ជនរួមជាតិ​បន្ត​ចូលរួម​ឱ្យ​បាន​កាន់តែ​សកម្ម​ថែមទៀត នៅក្នុង​ការទទួល​ខុសត្រូវ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ជំងឺ​ឆ្លង​រាតត្បាត​សកល​នានា​។

លោកស្រី​បញ្ជាក់ថា៖ «​យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា​ធ្វើ​សកម្មភាព​មិន​ឈប់ឈរ​ឡើយ នៅក្នុង​ប្រតិបត្តិការ​មនុស្សធម៌ ជួយ​អ្នក​ងាយរងគ្រោះ​បំផុត និង​អ្នករងគ្រោះ​តាម​ទិស​ស្លោក​កាកបាទ​ក្រហម​កម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​មិន​ទុក​នរណា​ម្នាក់​ចោល និង​បន្ត​ខិតខំ​សម្រេច​ឱ្យបាន​បាវចនា​សកម្មភាព​នៅ​មូលដ្ឋាន​សម្រេចបាន​គោលដៅ​សកល​»​។

អ្នកស្ម័គ្រចិត្ត​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​យ៉ាង​ស្វិតស្វាញ ពុះពារ​ឧបសគ្គ និង​ជម្នះ បញ្ហា​ប្រឈម​នានា ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព និង​មធ្យោបាយ មិន​ខ្លាច​នឿយហត់ ពាំនាំ​នូវ​សារគន្លឹះ ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ បាន​ទៅដល់​ប្រជាពលរដ្ឋ​ផ្ទាល់​ជិត ២ លាន​នាក់​នៅ​តាម​ខ្នង​ផ្ទះ និង​កន្លែង​នានា ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​តាមរយៈ​សកម្មភាព​មិត្ត​អប់រំ​មិត្ត​តាម​ឧគ្ឃោសនស័ព្ទ តាម​រថយន្ត​ចល័ត ក្នុង​សហគមន៍ តាម​បណ្តាញ​សង្គម តាម​ប្រព័ន្ធ​ព័ត៌មាន​។ លើសពីនេះ​ពួកគេ​បាននិង​កំពុង​បន្ត​ឥតឈប់ឈរ​ឡើយ ក្នុង​ប្រតិបត្តិការ ផ្តល់​សេវាកម្ម​ជួយ​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត និង​អ្នករងគ្រោះ​ដោយ​គ្រោះមហន្តរាយ ដោយ​ការប្រែប្រួល​អាកាសធាតុ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ប្រកប​ដោយ​ឆន្ទៈ មនសិការ នៃ​ភាពម្ចាស់ការ​របស់​សាខា-អនុសាខា តាម​ទិស​វិមជ្ឈការ-វិសហមជ្ឈការ​។ នេះ​បើតាម​លោកស្រី​ ប៊ុន រ៉ានី ហ៊ុន សែន​។

លោកស្រី​ក៏បាន​អំពាវនាវ​ដល់​សាខា-អនុសាខា​ពង្រឹង​ភាព​ម្ចាស់ការ​ខ្ពស់ ដឹកនាំ​មន្ត្រី-បុគ្គលិក យុវជន​អ្នកស្ម័គ្រចិត្ត ធ្វើ​សកម្មភាព​អប់រំ ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ជ្រួតជ្រាប​ទូលំទូលាយ​ថែមទៀត​ក្នុង​ស្មារតី​ចូលរួម​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ ​១៩ រួមទាំង​ក្រុម​បំប្លែង​ថ្មី​។

លោកស្រី​ថា​៖ «​សូម​បងប្អូន អ្នកស្ម័គ្រចិត្ត​នៅ​តាម​សហគមន៍ ក្មួយៗ​យុវជន កាកបាទ​ក្រហម​កម្ពុជា​នៅ​តាម​គ្រឹះស្ថានសិក្សា រួម​កម្លាំង​សាមគ្គីភាព ពង្រឹង និង​ពង្រីក​សកម្មភាព​កសាង​ភាពធន់ និង​ផ្តល់​សេវា ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ឱ្យ​បាន​ឆាប់រហ័ស ទាន់​ពេលវេលា​»​។

ក្នុង​ទិវា​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​ ៥ ​ធ្នូ​នេះដែរ លោកស្រី Janet Davis អ្នកជំនាញ​ខាង​អភិវឌ្ឍ​ប្រកប​ដោយ​ជំនាញ ដែល​បានចាប់ផ្តើម​ធ្វើការ​ស្ម័គ្រចិត្ត នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ខែតុលា ឆ្នាំ​ ២០២១ មក​ក៏​បាន​បង្ហាញ​ពី​ការពេញចិត្ត ចំពោះ​ការងារ​របស់​លោកស្រី​ដែល​បាន​ធ្វើជា​អ្នកស្ម័គ្រចិត្ត​។

យោងតាម​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ឱ្យ​ដឹងថា លោកស្រី Janet ធ្វើការ​ស្ម័គ្រ​ចិត្តជា​មន្ត្រី​គាំទ្រ​ This Life Cambodia ក្នុង​ខេត្តសៀមរាប ដែលជា​ផ្នែក​មួយ​នៃ Australian Volunteers Program​។ បន្ទាប់ពី​បាន​ធ្វើការ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល (NGOs) អស់​រយៈពេល​ជាង​ ១៧ ​ឆ្នាំ​មក​ លោកស្រី Janet បាន​ចាប់យក​ឱកាស​ ដើម្បី​ចែករំលែក​ជំនាញ និង​បទពិសោធ​របស់​លោកស្រី​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្នុង​ប្រទេស​កម្ពុជា បំពេញ​ការងារ​ដើម្បី​បង្កើត​ឱ្យ​មាន​ការផ្លាស់ប្តូរ​សម្រាប់​កុមារ គ្រួសារ និង​សហគមន៍​។ «​ខ្ញុំ​បាន​ធ្វើការ​សម្រេចចិត្ត​ខ្លួនឯង ក្នុង​ការផ្លាស់ប្តូរ​ការងារ​ពី​ខាង​ក្រុមហ៊ុន​មក​ក្នុង​វិស័យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​វិញ ក្នុង​ឆ្នាំ ២០០៤ ហើយ​រីករាយ​នឹង​បាន​មើលឃើញ​ពី​ការផ្លាស់ប្តូរ​ដែល​ខ្ញុំ​អាច​សម្រេចបាន​»​។ លោកស្រី ថា លោកស្រី​រីករាយ​នឹង​ធ្វើការ​ជាមួយនឹង​អង្គការ​ប្រកប​ដោយ​ថាមពល និង​ឥទ្ធិពល​បែបនេះ​ដែល​ធ្វើការ​ជាមួយ​សហគមន៍​ក្នុង​កម្មវិធី​ជាច្រើន ដែល​បង្កើតឡើង​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​យូរអង្វែង​៕