ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​យ៉ាងទទូច​ដល់​​ដៃគូ​អភិវឌ្ឍន៍ ប្រទេស​ជា​មិត្ត អង្គការ​សប្បុរសធម៌​ក៏ដូចជា វិស័យ​ឯកជន​បន្ត​ការជួយ​គាំទ្រ​ផ្តល់​កិច្ចសហការ និង​​ភាពជា​ដៃគូ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ជាមួយ​អាជ្ញាធរ​មីន ដើម្បីឱ្យ​កម្ពុជា​បាន​រួច​ផុតពី​ការគំរាមកំហែង​ ដោយសារ​គ្រាប់មីន​ត្រឹម​ឆ្នាំ​ ២០២៥ ​ដូច​ការតាំង​ចិត្ត​ដែល​មានចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥​។

លោក​បាន​លើកឡើង​ដូចនេះ​តាមរយៈ​សារលិខិត​ជូន​ចំពោះ​ «​មិត្ត​វិស័យ​មីន​» ​កាលពី​ថ្ងៃទី​ ៤ ខែធ្នូ​ដោយ​លោក​បាន​បន្ថែមថា បន្ទាប់ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួលរលំ​នៅ​ថ្ងៃទី​ ៧ ខែមករា ​ឆ្នាំ​ ១៩៧៩ ប្រជាជន​កម្ពុជា​បាន​​ទទួល​នូវ​សិទ្ធិ និង​សេរីភាព​នៃ​ការរស់រាន​មាន​ជីវិត​ពេញលេញ​។

ទន្ទឹម​នឹង​នោះ កម្មវិធី​បោសសម្អាត​មីន​មនុស្សធម៌ ត្រូវ​បាន​ចាត់ទុក​ជា​កម្លាំង​ចលករ​មួយ​យ៉ាងសំខាន់ នាំមក​នូវ​កិច្ចគាំពារ ការការពារ​សន្តិភាព សុវត្ថិភាព និង​ការអភិវឌ្ឍ ជូន​ដល់​ប្រជាជន និង​ប្រទេសជាតិ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​​ពី​លោក ហ៊ុន សែន​។

លោក​បាន​បន្តថា​៖ «​កម្ពុជា​បានធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ប្រកបដោយ​ជោគជ័យ​គួរ​ជា​ទីមោទន:​ដោយ​ប្រជាជន​កម្ពុជា​ក៏ដូចជា សហគមន៍​អន្តរជាតិ​បានទទួល​ស្គាល់ អបអរសាទរ និង​ជួយ​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន ដើម្បី​ឱ្យ​កម្ពុជា​រួច​ចាក​ផុត​ទុក្ខ​ពី​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​បន្តបន្ទាប់​»​។

ជាមួយ​គ្នា​នេះ លោក​ក៏បាន​អរគុណ​ដល់​ប្រតិបត្តិករ​ជាតិ អន្តរជាតិ​ដែល​បាន និង​កំពុង​ប្រតិបត្តិការ​បោសសម្អាត​មីន​​លើ​ទឹកដី​កម្ពុជា ពោរពេញ​ដោយ​​បទពិសោធ និង​វិជ្ជាជីវៈ​ខ្ពស់ ជាពិសេស​ជូន​ដល់​អ្នក​ដោះមីន​ទាំងអស់ ដែល​កំពុង​បំពេញ​បេសកកម្ម​ប្រកបដោយ​គ្រោះថ្នាក់ និង​ហានិភ័យ​ខ្ពស់​ក្នុង​ការរំដោះ​ផ្ទៃដី​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ចូលរួម​ដល់​ការអភិវឌ្ឍ​ជាតិ​។

លោក​ថា​៖ «​យើង​ទាំងអស់​គ្នា​បាន​ចាប់ផ្តើម​រួមគ្នា​ហើយ​យើង​នឹង​បញ្ចប់​ការងារ​របស់​យើង​ជាមួយគ្នា​ដើម្បី​ឆ្ពោះទៅ​​រក​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥»​។

លោក​ទេសរដ្ឋមន្ត្រី លី ធុច អនុប្រធាន​ទី​ ១ នៃ​អាជ្ញាធរ​មីន​បានលើកឡើង​ដោយ​ប្រៀបធៀប​ថា បើ​និយាយ​អំពី​កីឡា​វាយ​កូន​ហ្គោល វា​គឺជា​ការពិត​ដែលថា​លើកដំបូង​អ្នក​វាយ​កូនហ្គោល​គឺ​មិន​ងាយស្រួល​នោះ​​ទេ ប៉ុន្តែ​ការវាយ​បាល់​កាន់តែ​​ច្រើន ជំនាញ​របស់​អ្នក​កាន់តែ​រីកចម្រើន​ដែល​វា​ខុសពី​ការវាយ​គ្រាប់មីន​។

លោក​បានឱ្យដឹងថា​៖ «​នៅពេល​​ដែល​អ្នក​វាយ​គ្រាប់មីន អ្នកនឹង​មិនមាន​ឱកាស​វាយ​វា​ទៀត​ទេ​​ ឬ​បើ​អ្នក​នៅរស់ អ្នក​នឹងមិន​​ចង់វាយ​វា​ទៀត​ដែរ​។ រឿងនេះ​បាន​កើតឡើង​ចំពោះ​មនុស្ស​ជិត ៦៥ ០០០ ​នាក់ ដែល​ត្រូវបាន​សម្លាប់​, ក្លាយជា​មនុស្ស​ពិការ និង​រងរបួស​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​»​។

លោក លី ធុច បាន​បញ្ជាក់ថា ការរំឭក​ឡើងវិញ​នូវ​ជនរងគ្រោះ​​ដោយសារ​គ្រាប់មីន គឺ​ដើម្បី​រំលេច​ពី​ផលប៉ះពាល់​នៃ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​ដើម្បី​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រយៈពេល​ ៣ ​ទសវត្សរ៍​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងនេះ និង​ធានា​ឡើង​​វិញ​នូវ​បំណងប្រាថ្នា​ក្នុង​ការបញ្ចប់​ការងារ​ដោយ​ការរំដោះ​តំបន់​ដែលមាន​មីន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ទាំងអស់​គ្នា​ថា​​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២៥​។

គួរបញ្ជាក់​ផងដែរ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាស​ខេត្ដ​កែប​ជា​ខេត្ដ​ដែល​គ្មាន​គ្រាប់មីន​មុនគេ​ដោយ​អាជ្ញាធរ​មីន តាមរយៈ​ក្រុម​ប្រតិបត្ដិករ​ដោះមីន​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​ដែល​បច្ចុប្បន្នកំពុង​បោសសម្អាត​មីន​ក្នុង​ខេត្ដ​នេះ​ ដើម្បី​ឱ្យអស់​នៅមុន​ដំណាច់ឆ្នាំ​ ២០២១ ​នេះ​។ បន្ទាប់​​ពី​ខេត្ដ​កែប ខេត្ដ​ដែលមាន​ចម្ការមីន​តិចតួច​ផ្សេងទៀត ដូចជា ខេត្ដ​ព្រះសីហនុ អាជ្ញាធរ​មីន​ក៏​កំពុង​ព្យាករ​ធនធាន​ពី​សប្បុរសជន​​ដើម្បី​ចូលរួម​បោសសម្អាត​មីន​នៅ​ខេត្ដ​នេះ​ឱ្យអស់ បន្ទាប់ពី​ខេត្ដ​កែប​ផងដែរ​។

ចាប់ពី​ឆ្នាំ​ ២០០៦ ដល់​ខែ​​កញ្ញា​ឆ្នាំ​ ២០២១​គម្រោង​បោសសម្អាត​មីន​បាន​ចូលរួម​បោសសម្អាត​ផ្ទៃដី​ប្រមាណ​ ២៧៥ ​គីឡូម៉ែត្រ​ការ៉េ​សម្រាប់​យកមក​​ប្រើប្រាស់​ ដើម្បី​បង្កបង្កើនផល​​ និង​សាងសង់​លំនៅឋាន​ដោយ​សហគមន៍​ដែល​រង​ផលប៉ះពាល់​​ព្រមទាំង​បាន​រកឃើញ និង​កម្ទេច​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ៧១ ៨៤៩ ​គ្រាប់​, មីន​ប្រឆាំង​រថក្រោះ​ចំនួន ១ ៥១៥ ​គ្រាប់​,​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចំនួន ២១៤ ៥៤២ ​គ្រាប់ និង​បានផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ១ ០៧៨ ០២២ ​នាក់​ដែល​ក្នុងនោះ​ ៥០% ​នៃ​​អ្នកទទួល​ផល​គឺជា​ស្ត្រី​៕