ភ្នំពេញៈ ​សមាគម​គ្រូពេទ្យ​សើស្បែក​កម្ពុជា​បាន​សម្តែង​ការព្រួយបារម្ភ និង​ព្រមាន​ហានិភ័យ​ដល់​អ្នក​ដែល​ប្រើប្រាស់​ផលិតផល​ឱសថ​ ឬ​ឡេលាយ​​ដែល​លក់​នៅតាម​អនឡាញ​មួយ​​ចំនួន​ដោយ​គ្មាន​ការទទួលស្គាល់​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​របស់​​អ្នកប្រើប្រាស់​។

ការព្រួយបារម្ភ​នេះ បាន​លើកឡើង​​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​ ៦ ​នៃ​សមាគម​គ្រូពេទ្យ​សើ​ស្បែក​កម្ពុជា​នៅ​ខេត្តសៀមរាប ពីថ្ងៃ​ទី​ ៤ ​ខែធ្នូ​ក្រោម​ប្រធានបទ​“ ​ជំងឺ​សើ​ស្បែក​ក្នុង​ដំណាក់កាល​កូវីដ​ ១៩” ​ដើម្បី​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​ក៏ដូចជា​ពង្រឹង​ចំណេះ​បន្ថែមទៀត​ដល់​សមាជិក​របស់ខ្លួន​ក្នុង​ការព្យាបាល​ជំងឺ​សើស្បែក​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​។

លោក​វេជ្ជបណ្ឌិត​ ចាន់ វិចិត្រ ប្រធាន​សមាគម​គ្រូពេទ្យ​សើ​ស្បែក​កម្ពុជា​​ និង​ជា​នាយករង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​បាន​ថ្លែងថា ពលរដ្ឋ​មួយចំនួន​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ដោយ​ការប្រើប្រាស់​ឱសថ ផលិតផល​ព្យាបាល និង​ថែរក្សា​ស្បែក​ក្លែងក្លាយ ឬ​គ្មាន​ការត្រួតពិនិត្យ និង​​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ជាពិសេស​ការចែកចាយ​តាមរយៈ​បណ្តាញ​សង្គម ឬ​តាម Online​។

លោក​បាន​បញ្ជាក់ថា​៖ «​ករណី​ទាំងនេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក ឬ​ផលវិបាក​ធ្ងន់ធ្ងរ​អាច​ប៉ះ​ដល់​អាយុជីវិត​ទៀតផង ហើយ​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​ទទួលរង​គ្រោះ​ពី​ផលវិបាក​នៃ​ការផ្តល់សេវា​ដូចជា ការចាក់​ថ្នាំ Botox Fillers និង​ការវះកាត់​កែ​សម្ផស្ស​ពី​សំណាក់​គ្រូពេទ្យ​ ឬ​ម្ចាស់​ហាង​កែ​សម្ផស្ស​ដែល​គ្មាន​ការបណ្តុះបណ្តាល និង​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​»​។

លោក​បាន​បន្តថា ករណីនេះ​ស្ថាប័ន​មាន​សមត្ថកិច្ច​បាន​មាន​ចំណាត់ការ​ជា​ហូរហែ​មក​ដែរ ប៉ុន្តែ​ត្រូវ​ទាមទារ​ការចូលរួម​ពី​ពលរដ្ឋ​ថែមទៀត ពោល​​គឺ​នៅពេល​ឃើញ​អ្នកផ្តល់​សេវា​ ឬ​អ្នកផ្សព្វផ្សាយ​ផលិតផល​លាយ​ដែល​មិន​ត្រឹមត្រូវ គួរតែ​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ដើម្បី​មាន​ចំណាត់ការ​។

លោក វិចិត្រ ឱ្យដឹង​ដែរ​ថា ក្នុង​កិច្ចប្រជុំ​នេះ​អ្នកពាក់ព័ន្ធ​ក៏បាន​ពិភាក្សា​បង្កើន​ការយល់ដឹង​បន្ថែមទៀត​ដល់​ពលរដ្ឋ​មុននឹង​ទិញ​ផលិតផល​​ណាមួយ​។ លោក​បន្តថា ដោយសារ​កត្តា​ខ្វះ​ចំណេះដឹង​ទើប​ធ្វើឱ្យ​ពលរដ្ឋ​មាន​ការរងគ្រោះ​។

លោក​ថា​៖ «​ករណី​ការប្រើប្រាស់​ផលិតផល​ដែល​មិន​ស្គាល់​ ឬ​ផលិតផល​លាយ​ដោយសារ ចំណេះដឹង​ប្រជាពលរដ្ឋ​មាន​កម្រិត​ហើយ​ជឿ​តៗ​​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ដែល​គាត់​ទទួលរង​នូវ​ផលវិបាក​ ក្រោយ​ពេល​ប្រើប្រាស់​រយៈពេល​ខ្លី​ ឬ​រយៈពេល​វែង​ក្នុងករណី​ធ្ងន់ធ្ងរ​គឺអាច​ធ្វើឱ្យ​រលាក​ស្បែក​ធ្វើ​​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នក​ប្រើប្រាស់​»​។

លោក​បានឱ្យដឹងថា ផលវិបាក​ដែល​បង្កឡើង​ដោយ​ផលិតផល​មិន​ត្រឹមត្រូវ​​រួមមាន​ធ្វើឱ្យ​ស្បែកសឹក ក្រហម កើតមុន ស្បែក​ជ្រីវជ្រួញ និង​ស្បែក​ឡើង​សង្វារ​ជាដើម​។

លោក​ថា​៖ «​ដោយសារ​អ្នក​ដែល​លាយ​ផលិតផល​ទាំងអស់​នោះ គាត់​ធ្វើ​ម៉េច​ឱ្យប្រើ​ទៅ​​ឆាប់​ស ចង់​ឱ្យ​រលោង ទើប​គេ​ដាក់​សារធាតុ​ខ្លះ​ខុស​ទៅនឹង​បច្ចេកទេស ពេល​ប្រើ​ដំបូង​ត្រូវតែ​នៅពេល​ប្រើ​មួយរយៈ​យូរ​មកវា​ជះ​មក​ផលវិបាក​»​។

ទន្ទឹមនេះដែរ ក្នុង​នាម​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​សើស្បែក​កម្ពុជា លោក ចាន់ វិចិត្រ អំពាវនាវ​ដល់​ពលរដ្ឋ​មុនពេល​ជ្រើសរើស​ផលិតផល​ប្រើប្រាស់​ត្រូវ​ពិនិត្យ​ឱ្យបាន​ដិតដល់​ ឬ​ត្រូវ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដែល​នៅ​ជិត​ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ការជ្រើសរើស​នោះ​ត្រឹមត្រូវ​។

អ្នកប្រើប្រាស់​ផលិតផល​អនឡាញ អ្នកនាង ស្រីទូច បាន​ថ្លែងប្រាប់​ពី​បទពិសោធ​ផ្ទាល់ខ្លួន​​ថា ដោយសារ​ជឿ​តាម​ការណែនាំ​​ពី​មិត្តភក្តិ​គាត់​បាន​សម្រេច​ទិញ​ផលិតផល​ឡេ​លាបមុខ​មក​ប្រើ​។

កាលពី​ដំបូង​ប្រើ​ទៅមុខ​ស រលោង​មែន ប៉ុន្តែ​ប្រមាណ​ ២ ​សប្តាហ៍​ក្រោយ ស្រាប់តែ​មុខ​ប្រែជា​រោល និង​ឡើង​មុន​វិញ​។

អ្នកនាង​ថា​៖ «​ដំបូង​ឡើយ​មិត្តភក្តិ​ប្រើ​ត្រូវ គេ​ណែនាំ​ខ្ញុំ ពេល​​នោះ​ខ្ញុំ​ទិញ​ប្រើ​ដែរ ប៉ុន្តែ​ស្អាត​បានតែ​ដំបូង​ទេ ដល់​ប្រើ​យូរៗ​​ទៅ មុខ​ឡើង​រោល ឡើង​មុន​ដល់​​សព្វថ្ងៃ ឥឡូវ​ឈប់​ប្រើ​ហើយ​»​។

ក្នុង​នាម​ជា​អ្នក​ធ្លាប់​រងគ្រោះ​ម្នាក់ អ្នកនាង ស្រីទូច ស្នើឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​មុននឹង​ទិញ​ផលិតផល​ថែ​សម្រស់​នៅ​​តាម​អនឡាញ​ហើយ​ងាក​ទៅ​​ទិញ​នៅ​ឱសថស្ថាន​ ឬ​ទិញ​នៅ​ Beauty Pharmacy ដែល​​មាន​ការចុះ​បញ្ជិកា​បើក​អាជីវកម្ម​ត្រឹមត្រូវ​វិញ​។

ពាក់ព័ន្ធ​ករណីនេះ ជារឿយៗ​ក្រសួង​សុខាភិបាល​បាន​ព្រមាន​​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសម្អាង និង​ឱសថ​តាម​ប្រព័ន្ធ​ Facebook និង​ Online ដែល​គ្មាន​លេខ​ប្រវេទន៍ និង​គ្មាន​ការទទួលស្គាល់​​ពី​ក្រសួង​សុខាភិបាល​។

ក្រសួង​ថា «​អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​​ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​​តម្រូវឱ្យ​រាល់​ការចរាចរ​ផលិតផល​ឱសថ ឬ​ផលិតផល​ដែលមាន​គុណភាព​ក្នុង​ការបង្ការ ឬ​​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ត្រូវមាន​លេខ​ទិដ្ឋាការ​​ ឬ​លេខ​បញ្ញិកា​ពី​ក្រសួង​សុខាភិបាល​»៕

វីដេអូ៖