សៀមរាបៈ បុរស​ម្នាក់​ដែល​អារក​សម្លាប់​ប្រពន្ធ​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ធ្វើឱ្យ​កូន​ ៤ ​នាក់​នៅ​កំព្រា កាលពី​ថ្ងៃទី​ ២ ធ្នូ នៅ​ភូមិ​ទក្សិណត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ហើយ​ដែល​សមត្ថកិច្ច​តាម​ចាប់បាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ក្រោយ​គេចខ្លួន​បាន​ ១ ​ថ្ងៃ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​តុលាការខេត្ត​សៀមរាប​ចេញ​ដីកា​ចោទប្រកាន់​ និង​ឃុំខ្លួន​នៅ​ថ្ងៃទី​ ៤ ធ្នូ​។

លោក​ យិន ស្រាង អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​ប្រាប់​នៅ​ថ្ងៃទី​ ៥ ធ្នូ ថា បុរស​ឈ្មោះ ធួក ឈាត អាយុ​ ៤២ ​ឆ្នាំ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​នៅ​ថ្ងៃទី​ ៤ ធ្នូ និង​បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំទៅ​ឃុំ​ក្នុង​ពន្ធនាគារ ខេត្ត នៅ​ថ្ងៃ​ដដែល​។

លោក​ថា​៖ «​លោក​ចៅក្រម​ស៊ើបសួរ ឈ្មោះ​ ស៊ិន សង្ហា បានចេញ​ដីកា​ឃុំ បន្ទាប់ពី​ត្រូវ​តំណាង​អយ្យការ​ចោទ​ពី​បទឃាតកម្ម​តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​»​។

លោក​ សុខ ម៉េងអ៊ាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្ត​សៀមរាប ឱ្យដឹង​នៅ​ថ្ងៃទី​ ៥ ​ធ្នូ ថា​ជនសង្ស័យ​ឈ្មោះ អួក ឈាត ម្នាក់នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​របស់​លោក​តាម​ចាប់ខ្លួន​បាន​នៅ​ក្រុង​តាខ្មៅ ខណៈ​កំពុង​ហៅ​ម៉ូតូ​កង់​បី​ជិះ​កាលពី​ថ្ងៃទី​ ៣ ធ្នូ​។

ការចាប់ខ្លួន​នេះ​គឺ​សមត្ថកិច្ច​បាន​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​នគរបាល​ខេត្តកណ្តាល​។

លោក​បាន​រំឭក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា ជនសង្ស័យ​បាន​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ​ សូ ចាន់ធី អាយុ ៣៨ ​ឆ្នាំ និង​មាន​កូន​ជាមួយ​គ្នា​ចំនួន​ ៤ ​នាក់​។ ប៉ុន្តែ​កូនៗ​ទាំងនោះ​ត្រូវ​បាន​ជនសង្ស័យ​យក​ទៅ​រស់នៅ​ជាមួយ​នឹង​យាយតា​អស់ហើយ​។

ចំណែកឯ​ជនសង្ស័យ និង​ប្រពន្ធ​បាន​ជួល​បន្ទប់​មួយ​ស្នាក់​នៅតែ​ ២ ​នាក់​ប្តី​ប្រពន្ធ ក្នុង​ភូមិ​ទក្សិណ​ត្បូង​សង្កាត់​គោកចក ក្រុង​សៀមរាប​។ ស្ត្រី​ជា​ប្រពន្ធ​ជា​អ្នក​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប​។ គ្រួសារ​មួយ​នេះ មាន​ទំនាស់​គ្នា​ស្ទើរ​រាល់ថ្ងៃ ដោយសារ​តែ​ជនសង្ស័យ ចេះតែ​ប្រចណ្ឌ​ប្រពន្ធ​។ លុះ​នៅវេលា​ម៉ោងជាង​ ១ ​រសៀល​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ​ ២០២១ ស្ត្រី​ឈ្មោះ សូ ចាន់ធី អាយុ​ ៣៨ ​ឆ្នាំ​ បាន​ផឹកស្រា​ជាមួយ​ជនសង្ស័យ​ជា​ប្តី​រហូត​ស្រវឹង​រៀងៗ​ខ្លួន​។ នៅពេលនោះ ដោយ​ឃើញ​ស្ត្រី​រងគ្រោះ​ស្រវឹងស្រា​ផង​នោះ​ជនសង្ស័យ​មាន​ឱកាស​ក៏យក​កូនកាំបិត​ចិតបន្លែ​ចាប់​ស្ត្រី​រងគ្រោះ​អារក​រហូត​ស្លាប់​តែម្តង​។

លោក​ថា​៖ «​ក្រោយ​សម្លាប់​ប្រពន្ធ​រួច​ជនសង្ស័យ​បាន​យក​ម៉ូតូ​កញ្ចាស់​ ១ ​គ្រឿង​ជិះ​មកដល់​ស្រុក​ជីក្រែង ហើយ​ឡើង​ឡាន​ឈ្នួល​ជិះ​បន្ត​មក​ភ្នំពេញ​។ ប៉ុន្តែ​យើង​តាម​គាត់​រហូត​ចាប់​បាន​នៅតាម​ផ្លូវ​ពេល​គាត់​កំពុង​ហៅ​ម៉ូតូ​កង់​បី​ជិះ​»៕