ភ្នំពេញៈ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ​ដែល​មាន​រដ្ឋបាល​ស្រុក​ក្រូចឆ្មារ​ និង​ស្រុក​តំបែរ ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ខ្លួន ​គ្រោង​រៀបចំ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​កាដេរ​ឱ្យ​ក្លាយជា​តំបន់​អេកូទេសចរណ៍​មាន​ភាព​ទាក់ទាញ ​និង​ប្តេជ្ញា​ការពារ​មិន​ឱ្យមាន​ការកាប់​រាន​ទន្ទ្រាន​ព្រៃ ​ឬ​បរបាញ់​សត្វ​នៅ​តំបន់​នោះ​ឡើយ ​ដើម្បី​រក្សា​ការពារ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ ​និង​ជីវៈចម្រុះ ​តំបន់​នោះ​ឱ្យមាន​និរន្តរភាព។

លោក​ កេង ប៊ុនណា ​អភិបាលរង ​និងជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ​ថ្លែង​នៅ​ថ្ងៃទី ៦ ​ខែធ្នូ ​ថា​ រដ្ឋបាលខេត្ត​គ្រោង​នឹង​រៀបចំ​អភិវឌ្ឍន៍​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​កាដេរ​ឱ្យមាន​ភាពទាក់ទាញ ​ព្រមទាំង​ប្តេជ្ញា​រក្សាការពារ​ជីវៈចម្រុះ ​បរិស្ថាន ​ប្រព័ន្ធ​អេកូឡូស៊ី ​ទីនោះ​ឱ្យ​មាន​និរន្តភាព។ សកម្មភាព​ក្នុង​ការរៀបចំ​អាចនឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំ២០២២ ​ប៉ុន្តែ​ពេលនេះ​នៅ​មិនទាន់​អាច​បញ្ជាក់​ច្បាស់​ថា ​នឹង​ធ្វើអ្វី​ខ្លះ​នៅ​ទីនោះ​ទេ។

លោក​ថ្លែងថា​៖ «យើង​នឹង​រៀបចំ​កន្លែង​ហ្នឹង​ឱ្យមាន​ភាពទាក់ទាញ ​ធ្វើផ្លូវ ​ធ្វើអី ​ដើម្បី​ឱ្យ​ងាយស្រួល​ធ្វើដំណើរ ​ហើយ​ពេល​ទឹកស្រក​ កសិករ​គាត់​អាច​ធ្វើចម្ការ​នៅ​ក្បែរៗ​ហ្នឹង ​ដល់​ពេល​ទឹក​ឡើង​លិច ​យើង​ទុកជា​ជម្រក​ត្រី​អ៊ីចឹង​ទៅ»។​

លោក​ សយ ទូច ​អភិបាល​ស្រុក​ក្រូចឆ្មារ ​ឱ្យដឹង​ដែរថា​ អាជ្ញាធរ​ស្រុក​កំពុង​ធ្វើការងារ​ជាបន្តបន្ទាប់ ​ដើម្បី​អភិវឌ្ឍតំបន់​នោះ​ឱ្យ​ក្លាយ​ជា​កន្លែង​ដែល​មាន​ភាពទាក់ទាញ ​និង​ប្រើប្រាស់​បាន​ជាប្រយោជន៍​ច្រើន។ ក្នុង​នោះ​អាជ្ញាធរ​ស្រុកដាំ​ដើម​សណ្តាន់​បាន​ប្រមាណ ​១ ០០០ ដើម​រួច​ហើយ​ និង​គ្រោង​ដាំ​បន្ថែម​ទៀត​រហូតបាន ​២០ ០០០ ​ដើម។ ដើម​សណ្តាន់​ទាំង​នោះ​ទទួល​បាន​ការឧបត្ថម្ភ​ពី​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ជា​ សុផារ៉ា។

លោក​បន្តថា ​ការដាំដើម​សណ្តាន់​នេះ​ទៀត​សោត ​នឹង​ដាំ​ជារួម​នៅតាម​បង្គោលព្រំ​ ដើម្បី​កំណត់​ចំណាំ​បាន​យូរអង្វែង ​ព្រោះ​បង្គោល​ព្រំ​ដែល​ធ្វើ​ពី​ស៊ីម៉ងត៍ ​អាចនឹង​ខូច​បាត់បង់​ក្នុង​រយៈ​ប្រមាណ​ ១០ ​ឬ ​២០ ឆ្នាំ​ទៀត។ ការដាំ​នឹង​មាន​គម្លាត​ពី​គ្នា ​២០ម៉ែត្រ​១ដើម​ ព័ទ្ធ​ជុំវិញ។

លោក​សយ ទូច ​បញ្ជក់ថា​៖«ការដាំ​ដើម​សណ្តាន់​មាន​ប្រយោជន៍ ​សម្រាប់​ការ​ដាំដើម​ឈើ​ព្រៃ​លិចទឹក​ឡើង​វិញ​ផង។ ពលរដ្ឋ​អាច​អាស្រ័យ​ផល​យក​ទៅធ្វើ​ម្ជូរ​ផង ​និង​ឱ្យក្លាយ​ជា​បង្គោល​ព្រំ​ព្រៃលិច​ទឹក​ផង»។

លោក​អភិបាល​ស្រុកប្រាប់ថា ​នឹង​រៀបចំ​តំបន់​ប្រើប្រាស់​ច្រើយ៉ាង​ឱ្យក្លាយជា​តំបន់​អេកូ​ទេសចរណ៍ ​ដែល​អាច​បោះតង់ ​ស្ទូចត្រី​កម្សាន្ត ​ជិះទូក​កម្សាន្ត ​ខណៈ​កសិករ​ដែល​នៅ​ជុំវិញ​នោះ ​អាច​ទាញយក​ប្រយោជន៍​តាមរយៈ​ការយក​ទឹក​ពី​តំបន់​បឹង​នោះ​យក​ទៅ​បម្រើ​វិស័យ​កសិកម្ម​នៅ​ជុំវិញ​នោះ​មាន​ផ្ទៃដី​ប្រើប្រាស់​ប្រមាណ ​២ ០០០ ហិកតា។

បើ​តាម​លោក​អភិបាល​ស្រុក ​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​នោះ ​ក៏មាន​កន្លែង​ដើម​ចារ​ដុះ​មាន​ផ្កា​ស្អាត​ប្រមាណ ​១០០ ហិកតា ​ ដែល​អំណោយ​ផល​ដល់​ការរៀបចំ​ជាផ្លូវ​តូច​ ដើម្បី​ឱ្យ​អ្នកទេសចរ​ជិះកង់​កម្សាន្ត​លេង។ ក្រៅពី​នោះ​ក៏មាន​ព្រៃ​ល្ពាក់​ ព្រៃផ្តៅ ​ប្រមាណ​ ៥០ ហិកតា ​សម្រាប់​ប្រជា​ពលរដ្ឋ​ដក​ហូត​យកទៅ​ត្បាញ​ធ្វើ​ទៅជា​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ផង​ដែរ។

លោក​បញ្ជាក់ថា ​តំបន់​នោះ​ក៏​មាន​កំប្លោក ​និង​ដើម​ឈូក​ជាច្រើន​ដុះ​ក្នុង​បឹង ​ដែល​គេ​អាច​យក​សូត្រ​ទៅ​ធ្វើ​សម្លៀក​បំពាក់​មាន​តម្លៃ។

លោក​ថ្លែងថា​៖«យើង​មាន​ការងារ​ច្រើន​ដែល​ត្រូវ​អភិវឌ្ឍ ​និង​អភិរក្ស​នៅ​ទីនោះ។​ យើង​នឹង​ដាំដើម​ឈើ​មួយចំនួន​ទៀត​ដែល​មាន​ប្រយោជន៍​ជា​ឱសថ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ហើយ​ត្រី​សាច់​សម្បូរ​ណាស់​នៅ​តំបន់​នេះ។ យើង​ត្រូវការ​ពារ​បទល្មើស​កុំឱ្យ​មាន ​ហើយ​ឆ្នាំនេះ​ទូទាំង​ស្រុក​ក្រូចឆ្មារ ​យើង​បង្ក្រាប​បទល្មើស​ដាក់​ស្បៃមុង​សរុប​ប្រវែង​ជិត​៥​ម៉ឺន​ម៉ែត្រ»។

លោក​សុខ សារិទ្ធ ​អភិបាល​ស្រុកតំបែរ​ថ្លែង​នៅ​ថ្ងៃទី ៦ ​ខែធ្នូថា​ ​ក្រៅពី​ការចូលរួម​អភិរក្ស​ ថែរក្សា ​ការពារ​តំបន់​ប្រើប្រាស់​ច្រើយ៉ាង​ រដ្ឋបាល​ស្រុក​តំបែរ​គ្រោង​ដាំ​ដើម​សណ្តាន់ ​និង​ត្របែក​ព្រៃ​នៅ​ថ្ងៃខាង​មុខ​ ព្រមទាំង​ជួសជុល​ផ្លូវ​ចូល​ឱ្យងាយ​ស្រួល​ធ្វើដំណើរ​ផងដែរ។ ការដែល​មិនទាន់​បាន​ដាំ​ដើម​ឈើ​បន្ថែម​នៅ​ទីនោះ ​ដោយ​សារ​តែ​រក​កូនឈើ​មិនទាន់​បាន។

លោក​ថ្លែងថា​៖«យើង​គ្រោង​ដាំ​ ៥០០ កូន ​ទៅ ​១ ០០០ កូន ​ជាបន្តបន្ទាប់​ជា​ជំហានៗ។ ឥឡូវ​នេះ​យើង​កំពុង​បណ្តុះ​កូន​សណ្តាន់ ​និង​កូន​ត្រ​បែក​ព្រៃ។ យើង​ដាំ​ធ្វើម៉េច​ឱ្យមាន​ព្រៃ​ធម្មជាតិ ​និង​ចង់​លម្អ​កន្លែង​ហ្នឹង​ឱ្យ​មើលទៅ​ស្អាត​និង​ទាក់ទាញ​ទេសចរ»។

លោក ​នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ ​និង​ជាអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ​ថ្លែង​នៅ​ថ្ងៃទី ៦ ​ធ្នូថា ​ក្រសួង​បរិស្ថាន​គ្រោង​ធ្វើការ​បោះ​បង្គោល​ព្រំ​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​កាដេរ ​ដើម្បី​កំណត់​ឱ្យបាន​ច្បាស់លាស់ ​ក្នុង​ការទប់ស្កាត់​កុំឱ្យ​មាន​ការកាប់​ទន្ទ្រាន​រុក​រាន​យក​ដី​ជុំវិញ​តំបន់​នោះ។

ជាមួយ​គ្នា​នោះ ​ក្រសួង​ក៏នឹង​ស្នើសុំ​ចុះ​បញ្ជី​ដីរដ្ឋ ​ដើម្បី​ឱ្យ​មាន​ការការពារ​ស្របតាម​ច្បាប់ ​និង​ជ្រើស​រើស​មន្ត្រី​ឧទ្យានុរក្ស ​ដើម្បី​ការពារ​តំបន់​នោះ​ផង​ដែរ។

លោក​ថ្លែងថា​៖ «មន្ត្រី​ឧទ្យានុរក្ស​ដែលជា​មន្ត្រី​ស្ម័គ្រចិត្ត​ហ្នឹង ​គឺ​អាច​ជ្រើសរើស​ពី​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ​ដើម្បី​ឱ្យ​គាត់​បម្រើ​ការងារ​ក្នុង​ការការពារ ​និង​អភិរក្ស​នៅ​តំបន់​ហ្នឹង»។

លោក​ នេត្រ ភក្ត្រា ​បញ្ជាក់ថា ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​កាដេរ ​មាន​ផ្ទៃដី​ ១ ៦៤៣ ហិកតា ​ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​ក្រូចឆ្មារ ​និង​ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ។ ការបង្កើត​តំបន់​នេះ ​រដ្ឋាភិបាល​មាន​បំណង ​ថែរក្សា ​និង​ការពារ​សោភណភាព​ធម្មជាតិ ​ប្រព័ន្ធ​អេកូឡូ​ស៊ី ​ជីវៈចម្រុះ ​បរិស្ថាន ​និង​វប្បធម៌។ ព្រមទាំង​ផ្តល់​ផលិតផល ​និង​សេវាកម្ម​ធម្មជាតិ ​សម្រាប់​ការប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព ​បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់​ជាដើម៕