ភ្នំពេញៈ​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក​ ហង់ជួន ​ណារ៉ុន ថ្លែង​ថា យុវ​ជន​ ត្រូវ​មាន​ជំនាញ​សត​វត្សរ៍​ទី​២១ ​ដើម្បី​ជោគ​​ជ័យ​ក្នុង​អាជីព​របស់​ខ្លួន​ ក៏ប៉ុន្តែ​ដើម្បី​ទទួល​បាន​ជំនាញ​ទាំង​នេះ ក្រសួង​អប់រំ​ សាលារៀន គ្រឹះ​ស្ថាន​ឧត្ដម​សិក្សាត្រូវ​ផ្លាស់​​ប្ដូរវិធី​សាស្រ្ដ​បង្រៀន​ហើយ​យុវជន​ត្រូវ​ចូល​អនុវត្ដ​កម្ម​វិធី​សិក្សា​ និងសកម្ម​ភាព​​សង្គម​ផ្សេង​ៗ​ទៀត​។​

ការ​លើកឡើ​ង​របស់​លោក ​ហង់ជួន ណារ៉ុន បែប​នេះ​នៅពេ​ល​លោក​ថ្លែង​បាឋក​ថា​ក្រោមប្រធានបទ«យុវ​ជន​ត្រូវ​មាន​ជំនាញ​សត​វត្សរ៍​ទី​២១​ដើម្បី​ជោគ​ជ័យ​ក្នុង​អាជីព»ក្នុង​ពេល​បិទកម្មវិធី​បោះជំរំ​យុវជន​ជា​សាកល​លើក​ទី៧​ក្រោម​ប្រធា​នបទ«យុវជន​ក្នុង​បរិ​បទ​ឌីជីថល» កាល​ពីថ្ងៃទី​៥ ​ខែធ្នូ ឆ្នាំ​២០២១ តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​​ ក្រសួង​អប់រំ​។​

​​លោក​បាន​ថ្លែង​ថា បច្ចេក​វិទ្យា​ដើរលឿន ហើយ​បើ​តាម​ការ​វិភាគ​របស់​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក ​ក្នុង​រយៈ​ពេល​១០​-២០ ឆ្នាំ​​ខាងមុ​ខ បច្ចេក​វិទ្យា​នឹងដើរ​លឿន​យ៉ាង​ខ្លាំង ​ហើយ​ជំនាញ​មួយ​ចំនួន​ដែល​មនុស្ស​​កំពុង​ប្រើ​ប្រាស់​នាពេល​បច្ចុប្បន្ន ​ដោយ​សារ​​តែការ​ធ្វើ​ស្វ័យ​ប្រវត្ដិ​ភាវូបនីយ​កម្ម ​មុខ​វិជ្ជាមួយ​ចំនួន​ គឺទីផ្សារ​ការងារ​លែង​ត្រូវ​ការ ហើយ​ជំនាញ​ថ្មីៗនឹង​លេច​ឡើង​ដែល​ទាម​ទារ​ឱ្យ​យុវជន​ត្រូវ​តែចេះ​ចាប់​យក​និង​រៀន​នូវ​ជំនាញថ្មី​ដើម្បី​ទទួល​បាន​ការងារ​។​​

លោក​បញ្ជាក់​ថា​៖«គេវាយតម្លៃថា​ ជំនាញ​ប្រមាណ​ជា ​៣០-៤០ភាគរយ​ ដែល​កំពុង​មាន​នាពេល​បច្ចុប្បន្ន នឹង​ត្រូវ​បាត់​បង់ ហើយ​ជំនាញ​ថ្មីៗនឹង​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស​»។

លោក​បាន​រំឭក​ថា កាលពី​១០ឆ្នាំមុន​ មិនមាន​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ឬអ៊ីន​ស្ដា​ក្រាមទេ ​ហើយ៣០ឆ្នាំមុន​ក៏​ ​គ្មាន​ការ​ប្រើ​ប្រាស់​អ៊ីមែលដែរ​។ ដូច្នេះ​ ១០ឆ្នាំ​ទៅខាង​មុខទៀត​ ​បច្ចេក​វិទ្យា​ផ្សេង​ៗទៀត​នឹង​កើត​ឡើង។ ​​ដូច្នេះ​ភារកិច្ច​របស់​ក្រសួង​អប់រំ និង​សាលា​រៀន ក៏ដូចជា​ គ្រឹះស្ថាន​ឧត្ដម​សិក្សា គឺ​ត្រូវ​បណ្ដុះ​បណ្ដាល​យុវជន​យ៉ាង​ណា​ដើម្បី​ឱ្យយុវ​ជន​នៅ​តែអាច​​មាន​វិជ្ជា​សម្ប​ទា បំណិន​សម្បទា សម​ស្រប​​។

លោក​បង្ហាញ​ថា ទី១ យុវជន​ត្រូវមាន​ចំណេះដឹ​ង​រឹង​មាំ​ ត្រូវ​មាន​មូលដ្ឋាន​គ្រឹះរឹងមាំ​ គឺមានន័យ​ថា យុវជន​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​មាំមួន។ប្រសិន​បើ​យុវជន​នៅសិក្សា​កម្រិត​មធ្យម​សិក្សាគឺត្រូ​វមាន​ចំណេះដឹង​ផ្នែកវិទ្យា​សាស្រ្ដ និង​វិទ្យា​សាស្រ្ដ​សង្គម​ គឺត្រូ​វយល់​ឱ្យបាន​ច្បាស់។រីឯ​នៅកម្រិត​ឧត្ដម​សិក្សា​ក៏ត្រូវ​មាន​ជំនាញ​ទូទៅ​រឹង​មាំនិង​ត្រូវ​ចេះនូវមុខវិ​ទ្យាឯកទេស​​ឱ្យ​បាន​ច្បាស់លា​ស់​ផង​ដែរ​​។​

បើតាម​លោក​ ហង់ជួន ណារ៉ុន បំណិ​ន​ សត​វត្សរ៍​ទី​២១ គឺផ្ដោត​ទៅលើ​បំណិន​ចំនួន​១២ គឺ​ ១-បំណិន​ត្រិះរិះ​ពិចារណា ២- បំណិន​នវានុ​វត្ដន៍ និង​ដោះស្រាយ​បញ្ហា ៣-បំណិន​សហការ​ ៤-បំណិន​ជាអ្នក​ដឹកនាំនិង​ប្រាស័យ​ទាក់​ទង ៥-​បំណិន​អក្ខរ​កម្ម​​ព័ត៌មាន ​៦-បំណិន​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ៧-បំណិន​អក្ខរកម្ម​បច្ចេក​វិទ្យា ៨-បំណិន​នៃភាព​ទន់​ភ្លន់ ៩-ភាព​ជា​អ្នក​ដឹក​នាំ​ ១០-ត្រូវមាន​ការ​ចេះផ្គួ​ច​ផ្ដើម​​គំនិត ១១-ត្រូវ​មាន​ផលិត​ភាព​និង១២-​បំណិន​សង្គម​​។

ចំពោះថា​តើ​បំណិន​ទាំង​អស់នេះ​​យុវជន​អាច​ទទួលបា​ន​យ៉ាងដូ​ចម្ដេច? លោកបាន​ពន្យល់ថា​ ដើម្បីទទួល​បាន​បំណិន​ទាំង​១២​នេះ សាលារៀន ក៏ដូច​ជាគ្រឹះ​ស្ថាន​ឧត្ដម​សិក្សា ត្រូវ​ផ្លាស់​ប្ដូរ​វិធីសាស្រ្ដរៀ​ន និង​​បង្រៀន ហើយ​យុវជ​ន​ត្រូវ​ចូលរួ​មទាំងក្នុ​ង​ការ​អនុ​វត្ដក​ម្មវិធី​សិក្សា​​ក្នុង​សាលា​រៀននិង​ចូលរួម​នៅក្នុង​សកម្ម​ភាព​ផ្សេង​ៗដូចជាកា​រចូលរួម​សកម្មភាព​បោះជំរំ​ជាសកល​​ ការ​ប្រកួត​ប្រជែង ការ​តស៊ូ​មតិ និង​​សកម្ម​ភាព​សង្គម​ផ្សេង​ៗទៀត​។

លោក​បញ្ជាក់​ថា​៖«ដូច្នេះ​​ការ​បណ្ដុះ​បណ្ដាល​​បំណិន​សតវត្សរ៍​ទី២១នេះគឺ​ទាម​ទារ​ឱ្យលោកគ្រូ អ្នក​គ្រូ គណៈ​គ្រប់​គ្រង​សាលា និង​ក្រសួង​​អប់រំ ត្រូវ​រៀបចំ​ការរៀន និង​ការ​បង្រៀន​បែបថ្មី​ ដោយ​បង្កើត​ជា​សាលា​រៀន​ជំនាន់ថ្មី​បង្កើត​ជា​វិធីសាស្រ្ដ​បង្រៀន​​ថ្មី​ ដើ​ម្បី​បង្រៀ​ន​សិស្ស។ មិនមែន​បង្រៀនសិស្ស​ដោយគ្រាន់តែ​ឱ្យទន្ទេ​ញ​ចាំមាត់នោះ​ទេ ប៉ុន្ដែ​គឺ​បង្រៀនសិ​ស្ស​ឱ្យ​ចេះ​គិតនិង​​ចេះ​ធ្វើ​ការ​សិក្សា​ស្រាវជ្រា​វ»​​។

យុវតី​ ឃិន ស្រីល័ក្ខ តំណាង​យុវជន​នៅសាក​លវិទ្យាល័យ​ក្រចេះ បាន​បង្ហាញ​បទពិសោធ​ដែលនា​ង​បាន​ចូលរួ​មកម្ម​វិធី​បោះ​ជំរំ​យុវជន​ជា​សា​កល​លើក​ទី៧​ ក្រោមប្រ​ធាន​បទ«យុវជន​ក្នុង​បរិ​បទ​ឌីជីថល»​រយៈពេល​៥ថ្ងៃ ចាប់ពីថ្ងៃទី​១​ដល់​ថ្ងៃទី៥ ខែធ្នូថា​នាង​បាន​ទទួល​បាន​ចំណេះ​ដឹងនិ​ង​បទពិ​សោធ ​ដែលនា​ងមិនធ្លាប់​បានទ​ទួលពីមុ​នមក​នៅ​សាលា​រៀន​។

​​យុវតីរូ​បនេះ​ថា​៖«ការ​ចូលរួម​សកម្មភាព​សង្គម​មួយនេះ​មិនមែន​ត្រឹមតែ​ជាការ​ចូលរួម​ហាត់​ពត់​លត់​ដំ​កាយ​សម្ប​ទា​និង​ផ្លូវ​ចិត្ដ​របស់​យុវជន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វាបាន​ចូលរួ​មផ្ដល់​ចំណេះដឹង​ជាច្រើន​ដោយផ្សារភ្ជា​ប់​ជាមួយ​សកម្មភាព​ជាក់ស្ដែង​​នៅក្នុង​​សង្គម​​បច្ចុប្បន្ន​ក្នុង​នោះមាន​ដូច​ជា ការ​បង្កើត​នូវ​គំនិត​ថ្មីៗក្នុងកា​រចូល​រួម​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍​​ជាដើម​»៕