ភ្នំពេញៈ តំណាង​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស ​ច្រានចោល​ការលើកឡើង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជា​ជាតិ ​(UN) ​អំពី​ការព្រួយបារម្ភ​ពី​ភាពមិន​ស៊ីចង្វាក់​គ្នា​ទៅលើ​ភ័ស្តុតាង​ដែល​ផ្តល់​ដោយ​អាជ្ញាធរ​កម្ពុជា ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ ១ រូប ​កាលពី​ខែវិច្ចិកា ​ហើយ​ដែល​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ ​អំពាវនាវ​ឱ្យ​មាន​ការស៊ើប​អង្កេត​ឯករាជ្យ។

លោក ​ស៊ិន ខុន ​សកម្មជន​នៃ​អតីត​គណបក្ស​សង្រ្គោះជាតិ​ត្រូវបាន​ជនសង្ស័យ​កាប់​នឹង​កាំបិត​ផ្គាក់ ​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២១ ​ខែវិច្ឆិកា ​បណ្តាលឱ្យ​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ ​ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ​ខណ្ឌជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែលបាន​ឱ្យដឹង​តាម​ហ្វេសប៊ុក ​កាលពី​ថ្ងៃ​ទី ២៣​ ខែវិច្ឆិកា។

កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ​មិន​ដល់ ​៤៨ ម៉ោង​ផង ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ​និង​បាន​អះអាងថា​ ឃាតកម្ម​នេះ​មិនជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ ​ប៉ុន្តែ​ដោយសារ​ជនសង្ស័យ​ឧស្សាហ៍​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ជន​រងគ្រោះ។

លោក​ Rupert Colville ​អ្នកនាំពាក្យ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR) ​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី ៣ ​ខែធ្នូថា​៖ «យើង​កត់សម្គាល់​ថា​ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់​ខ្លួន ​ប៉ុន្តែ​មាន​ការព្រួយបារម្ភ​ពី​ភាពមិន​ស៊ីចង្វាក់​គ្នា ​រវាង​ភ័ស្តុតាង ​ដែល​ផ្តល់​ដោយ​អាជ្ញាធរ ​និង​ព័ត៌មាន​ដែល​ទទួលបាន​ដោយ​ការិយាល័យ​របស់​យើង។ យើង​អំពាវនាវឱ្យ​មាន​ការស៊ើប​អង្កេត​ឯករាជ្យ ​និង​មិនលម្អៀង​លើ​ឧក្រិដ្ឋកម្ម​នេះ»។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​នៅ​ទីក្រុង​ហ្សឺណែវ ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ៦ ​ខែធ្នូថា​ អាជ្ញាធរ​កម្ពុជា ​ពុំដែល​ព្រងើយ​កន្តើយ ​ចំពោះ​សេចក្តី​រាយការណ៍ ​អំពី​ឧក្រិដ្ឋកម្ម​ណាមួយ​នោះ​ទេ។ ការស៊ើប​អង្កេត​យ៉ាង​ហ្មត់ចត់​ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​ភ័ស្តុតាង​និង​សាក្សី ​បានឈាន​ទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ ​ដែល​ក្រោយមក​បានឆ្លើយ​សារភាព​ពី​ការប្រព្រឹត្ត​បទល្មើស។

សេចក្តី​ថ្លែងការណ៍​បន្តថា ​ប្រសិនបើ ​OHCHR ​មាន​ភ័ស្តុតាង​ដោះ​បន្ទុក​រឹងមាំ ​OHCHR ​ត្រូវបាន​ស្វាគមន៍​ឱ្យបញ្ជូន​ភ័ស្តុតាង​ទាំង​នោះ​ទៅកាន់​អាជ្ញាធរ​កម្ពុជា​ដែល​មាន​សមត្ថកិច្ច ​ដើម្បី​ផ្ទៀងផ្ទាត់ ​ដោយ​អនុលោម​តាម​វិធាន​ដែល​មាន​ចែង។ កិច្ចសហ​ប្រតិបត្តិការ​ពិតប្រាកដ ​ដែល​គ្មាន​របៀបវារៈ​លាក់​កំបាំង​ត្រូវបាន​រំពឹងទុក​ថា ​នឹង​ទទួលបាន​ពី​ទីភ្នាក់ងារ​ទាំងអស់ ​របស់​អង្គការ​សហប្រជាជាតិ ​ ដែល​មាន​តួនាទី​ជួយ​គាំទ្រ ​មិនមែន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក​នោះ​ទេ។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់ថា​៖ «ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​នៅ​ទីក្រុង​ហ្សឺណែវ ​ច្រានចោល​ទាំង​ស្រុង​ចំពោះ​ការអត្ថាធិប្បាយ​បង្ក​ការភាន់​ច្រឡំ​មាន​លក្ខណៈ​នយោបាយូបនីកម្ម ​ជ្រើសរើស​តែមួយ​ជ្រុង ​និង​បុរេវិនិច្ឆ័យ ​របស់​លោក ​Rupert Colville ​ទាក់ទិន​ការស៊ើប​អង្កេត​លើ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម»។

សេចក្តី​ថ្លែងការណ៍​បានឱ្យ​ដឹងថា ​OHCHR ​ចាំបាច់​ត្រូវ​បំពេញ​អាណត្តិ​របស់​ខ្លួន​ដោយ​អនុលោម​តាម​សេចក្ដី​សម្រេច​ ដែល​បានបង្កើត​ស្ថាប័ន​នេះ​ឡើង ​និង​បាន​កំណត់​ឱ្យ​ការិយាល័យ​សិទ្ធិមនុស្ស​នេះ ​អនុវត្ត​មុខងារ ​របស់​ខ្លួន​ក្នុង​វិសាលភាព​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ​និង​មាន​កាតព្វកិច្ច​គោរព​អធិបតេយ្យភាព​និង​ដែន​យុត្តាធិការ​ក្នុង​ស្រុក​របស់​រដ្ឋ​នីមួយៗ៕