ភ្នំពេញៈ គ​ណៈកម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយប​ន្ត​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បច្ចេ​កទេស​សង្គ្រោះ​គ្រោះម​ហន្តរាយ​ដល់​កង​ប្រតិបត្តិ​ការ​រុករ​កនិង​សង្គ្រោះ​ដើម្បី​ពង្រឹង​ជំនាញ​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ឱ្យបាន​ទាន់​ពេល​វេលា​និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។

លោក​ ច័ន្ទ លំផាត់ អនុប្រធាន​គណៈក​ម្មាធិកា​​រ​ជាតិ​គ្រប់​គ្រង​គ្រោះម​ហន្ត​រាយ និង​ជា​ប្រធាន​ក្រុម​ការងារ​សម្រប​សម្រួល​កង​ប្រតិបត្តិ​ការរុករ​កនិង​សង្គ្រោះ​គ្រោះមហន្តរា​យនៅ​ថ្ងៃទី​៦ធ្នូ​ បាន​ចូលរួ​ម​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺនជំ​នាញ​បច្ចេក​ទេស​សង្គ្រោះ​គ្រោះមហន្ត​រាយលើក​ទី៦​ ដើម្បី​បំពាក់បំប៉នដល់​កង​ប្រតិបត្តិ​ការ​រុករ​ក និង​សង្គ្រោះ​គ្រោះមហន្តរាយ​លេខ ​៧០៦ នៅ​​ទីបញ្ជាការ​យោធភូ​មិភា​គ​ពិសេស​។

នាឱកា​ស​នោះដែ​រ លោក ច័ន្ទ លំផាត់ បានលើ​កទឹក​ចិត្ត​ឱ្យ​កង​កម្លាំង​ទាំង​អស់​ហ្វឹក​ហាត់​ដុស​ខាត់​ជំនាញ​ឱ្យបាន​ជាប្រចាំ ​ដើម្បី​ត្រៀម​ឆ្លើយតប​​គ្រោះធ​ម្មជាតិដែ​ល​អាច​កើតឡើង​ក្នុងពេល​​ណាមួ​យ និង​​ការ​សង្គ្រោះលើ​​មុខ​សញ្ញាផ្សេ​ងៗទៀ​ត​ជាយ​ថាហេ​តុ​ជូន​​ប្រជា​ពលរដ្ឋ​។

លោក​ ឃុន​ សុខា អ្នកនាំពា​ក្យ​គណៈកម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរា​យបាន​​ថ្លែ​ងប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា វគ្គ​ហ្វឹក​ហ្វឺន​នោះ​មាន​សិក្ខា​ចំនួន ១២០​ នាក់ ដែល​បាន​ចូលរួម​ទទួល​ការបណ្តុះ​បណ្តា​ល​នេះ។​ លោក​​បន្តថា ការហ្វឹកហ្វឺន​នេះពិត​ជាមាន​សារៈសំ​ខាន់​ណាស់​ក្នុង​ការបំ​ពេញ​ចន្លោះ​ខ្វះ​ខ្វាត​របស់​កង​កម្លាំង និង​ពង្រឹង​ជំនាញ​បច្ចេកទេ​ស​ដើម្បី​ត្រៀម​សង្គ្រោះ​ឱ្យមាន​ប្រសិទ្ធភាព​​ខ្ពស់។​

លោ​ក​ថា៖ «ការហ្វឹក​ហ្វឺន​សម្រាប់​ពេល​មាន​គ្រោះមហន្ត​រាយ​កើត​ឡើង ​ដូចជា​ ទឹកជំន​ន់ រលំ​បាក់​អគារ ពេល​នោះ​ហើយ ដែល​កងកម្លាំ​ង​ទាំង​អស់​មាន​ភារកិច្ច​ចុះជួយ​អន្ត​រាគមន៍​ជាប​ន្ទាន់​»។

លោក​​បន្តទៀ​តថា ក្នុង​វគ្គ​​ហ្វឹកហ្វឺន​នោះ អ្នក​ជំនាញបា​នផ្តល់​​ការបណ្តុះ​ប​ណ្តុះបណ្តា​ល​ជំនា​ញ​ដូចជា​ ការ​បើក​បរ​កាណូ​ត វិធី​ជួយ​សង្គ្រោះ ការ​បញ្ចៀស​ឧ​បទ្ទ​វ​ហេតុគ្រោះ​ថ្នាក់ឬ​​គ្រោះមហន្ត​រាយ​ធ្ងន់​ធ្ងរ។

លោក​ថា៖​ «ក្រៅពី​នោះគឺមា​ន​ការរៀបចំ​​បោះទីតាំង​ដើម្បី​ឈរជើ​ងជួយស​ង្គ្រោះ​ប្រ​ជាពលរ​ដ្ឋ និង​រៀបចំ​ទីតាំង​សង្គ្រោះនៅ​តាម​ផ្លូវ​គោកនិ​ង​ទឹកនិង​សង្គ្រោះ​នៅតាម​ការបាក់​​រលំ​អគា​រឬ​គ្រោះថ្នាក់ផ្សេ​ង»។

លោក​បន្តថា ក្រោយ​ទទួលបាន​​ការហ្វឹក​ហ្វឺន​ដ៏​ពិសេស លោក​ង្កេ​ត​ឃើញថា ​កងកម្លាំង​​បាន​ចុះ​ប្រតិបត្តិ​ការរុក​រកនិង​ជួយស​ង្គ្រោះ​ពលរដ្ឋ​ក្នុង​គ្រោះមហ​ន្តរាយ​បានល្អ​ជាង​មុនដូច​ជា​ករណី​ទឹក​ជំនន់ បាក់​ច្រាំង រាំ​ងស្ងួ​ត ជំងឺឆ្លង និង​ខ្យល់​កន្ត្រាក់​ជា​ដើម​។

លោក​សុខា ​ឱ្យដឹងទៀ​តថា គិ​ត​ចាប់ពី​ដើមឆ្នាំ ២​០២០​ មក មានសិក្ខាកាម​សរុប​ចំនួន ៧២០ នាក់​ហើយ ​ដែល​បាន​ទទួល​ការហ្វឹក​ហ្វឺន​នេះ។លោក​ថា៖«យើង​បើក​វគ្គ​បណ្តុះប​ណ្តាល​​បាន​ប្រមាណ​ជា៦​កង​ហើយ​ដោយ​ក្នុង​១​កងមា​នកម្លាំ​ង ១២០ នា​ក់ តាម​ផែនការ​យើង​នឹង​ហ្វឹកហ្វឺន​ដល់​កង​កម្លាំង​ទាំង​អស់ចំ​នួន​ ១៦ កង អ៊ីចឹ​ង​​នៅស​ល់ ១០ កង ទៀត​ដែល​យើង​ត្រូវ​ហ្វឹកហ្វឺន​»។​

លោក​​បាន​បញ្ជាក់​ថា ការ​ហ្វឺ​ក​ហ្វឺ​ន​កងកម្លាំង​នេះដើម្បី​​ឆ្លើយតប​ទៅនឹ​ងគំនិត​ផ្តួ​ច​ផ្តើ​ម​របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​បង្កើត​ក្រុម​ការងារ​ចំនួន​២ក្រុម​ដើម្បី​បង្កើន​ប្រសិទ្ធភា​ព​ជួយ​សង្គ្រោះគឺ​​ក្រុម​កា​ងារ​សម្រប​ម្រួ​ល​ការគ្រប់គ្រ​ង​គ្រោះមហន្ត​រាយ​និង​ក្រុម​ការងារ​អន្តរាគមន៍​ប្រតិបត្តិ​ការរុករ​ក និង​សង្គ្រោះ​គ្រោះម​ហន្តរា​យកាល​ពី​ឆ្នាំ ២០១៩​។

លោក​​បន្តថា​៖ «ការបង្កើត​កង​នេះសម្តេច​មាន​គោល​បំណង​ថានៅពេល​​​មាន​គ្រោះម​ហន្តរា​យគឺ​ក្រុម​ទាំង​អស់​នោះ​មាន​ភារកិច្ច​បន្ទាន់​ចាំ​បាច់​ក្នុងការ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ទាន់ពេ​លហើ​យ​ជា​កង​កម្លាំង​សង្គ្រោះ​ក្នុ​ងការ​​​ប្រមូលផ្តុំ​ដោ​យសា​រ​យើង​មាន​មធ្យោ​បាយឧបក​រណ៍និ​ង​សម្ភារដែ​ល​យើង​បាន​ត្រៀម អីចឹង​នៅពេល​ដែល​គាត់​ហ្វឹ​ក​ហ្វឺ​ន​ហើយគាត់​​មានចំ​ណេះដឹង​​ជំនាញ​បន្ថែម​ទៀត​អាច​​នឹង​សង្គ្រោះ​ទាន់ពេលនិង​ធានា​ប្រសិទ្ធ​ភាព​ដល់​ប្រជាព​លរដ្ឋ» ​។

លោក គឹម​ រតនា​ នាយ​កប្រតិ​បត្តិនៃ​អង្គការកា​រីតាស បាន​ថ្លែង​ថា ការ​បង្កើ​ន​វគ្គ​បំ​ពា​ក់​បំ​ប៉ន​នេះនឹ​ងជួយ​ពង្រឹងស​មត្ថ​ភាពក​ងកម្លាំង​បន្ថែម​ទៀត ដើម្បីជួយ​អន្តរាគ​មន៍ទាន់​ពេល​វេលាខណៈ​លោ​កស​ង្កេត​ឃើញថា​ ការចុះ​ជួយព​លរដ្ឋ​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​មាន​លក្ខណៈល្អ​ប្រសើរ​។

លោ​ក​ថា៖​ «ខ្ញុំឃើញ​មាន​លក្ខ​ណៈល្អប្រ​សើរច្រើ​នទាក់ទ​ងនឹង​ការជួ​យសង្គ្រោះ​ពេល​មាន​ទឹកជំន​ន់គ្រោះ​រាំង​ស្ងួតខ្ញុំ​ឃើញអា​ជ្ញា​ធ​រទាំ​ងថ្នា​ក់ជាតិ​និង​ក្រោមជា​តិ​សក​ម្មមែន​ទែន​ដូចឆ្នាំ​មុនអី​អាជ្ញាធ​រឆ្លើយត​បទាន់ពេ​ល ​ទាំងកា​រផ្ត​ល់ព័ត៌​មាន​ ការជ​ម្លៀសទៅ​ទីទួល​សុវត្ថិ​ភាព គឺជួយបា​នលឿ​ន»​។