ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ធ្វើការ​សាងសង់​មន្ទីរពេទ្យ​ថ្មី​ធំ​មួយ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ដែល​នឹង​ចេញ​ជា​រូបរាង​ឡើង នៅ​ចុងឆ្នាំ​ ២០២២ ​នា​រាជធានី​ភ្នំពេញ ខណៈ​ភាគី​ចិន​បាន​ឆ្លើយតប​វិជ្ជមាន​ស្តីអំពី​គម្រោង​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាច​នឹង​​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​។

ជាមួយ​គ្នា​នេះ​លោក​នាយករដ្ឋមន្ត្រី​បាន​សម្រេច​ឱ្យមាន​ការផ្ទេរ​អ្នកជំងឺ​កូវីដ​ ១៩ ដែល​បាន​កំពុង​សម្រាក​ព្យាបាល​នៅតាម​មជ្ឈមណ្ឌល​នានា​របស់​វិស័យ​ឯកជន ទៅ​ព្យាបាល​នៅ​ស្តាត​អូឡាំពិក​វិញ និង​ប្រគល់​អគារ​ដែល​បាន​ខ្ចី​យក​មក​ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ​ឱ្យ​ទៅខាង​វិស័យ​ឯកជន​វិញ នៅ​ត្រឹម​ចុងខែ​ធ្នូ​នេះ​។

លោក ហ៊ុន សែន បាន​លើកឡើង​បែបនេះ​នា​ព្រឹក​ថ្ងៃទី​ ៦ ធ្នូ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង​ថា ដោយសារ​តែ​ស្ថានភាព​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩ ក្នុងប្រទេស​​កម្ពុជា​មាន​ការធ្លាក់ចុះ​ច្រើន​នៅ​ទូទាំង​ប្រទេស មណ្ឌល​ព្យាបាល​កូវីដ​ ១៩ កម្រិត​ស្រាល​មួយចំនួន ក្នុង​រាជធានី-ភ្នំពេញ នឹង​បិទ​ហើយ​ត្រូវប្រគល់​មណ្ឌល​ទាំងនោះ ទៅឱ្យ​វិស័យ​ឯកជន​វិញ ដើម្បី​ឱ្យ​វិស័យ​ឯកជន​ធ្វើការ​រៀបចំ​អាពាហ៍ពិពាហ៍​ ឬ​ការប្រជុំ​នានា ប៉ុន្តែ​សម្រាប់​​ស្តាត​អូឡាំពិក នៅតែ​បន្ត​ប្រើ​សម្រាប់​ដាក់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សុំឱ្យ​ក្រសួង​សុខាភិបាល​ធ្វើការ​ទំនាក់ទំនង​គ្នា ជាមួយ​នឹង​ឯកឧត្តម ឃួង ស្រេង ដើម្បី​រៀបចំ​ធ្វើ​មជ្ឈមណ្ឌល​ព្យាបាល​​កូវីដ​ ១៩ ​មួយ រួចហើយ​ផ្ទេរ​អ្នកជំងឺ​ចេញ និង​ប្រគល់​ស្តាត​អូឡាំពិក ដើម្បី​រៀបចំ​ការហ្វឹកហាត់​បម្រើ​ឱ្យ​កីឡា និង​ស៊ីហ្គេម​ឆ្នាំ​ ២០២៣​។

លោក​បន្ថែមថា៖ «​ដូចនេះ ប្រហែល​ជា​ក្នុង​រង្វង់​ចុងឆ្នាំ​ ២០២២ យើង​អាច​ធ្វើការ​ផ្ទេរ​បាន​។ អ៊ីចឹង​យើង​ត្រូវ​ប្រើ​លុយ​មួយចំនួន​ ដើម្បី​ធ្វើ​មន្ទីរពេទ្យ​ថ្មី​នេះ​។ កន្លងទៅនេះ ដោយសារ​តែមាន​អ្នកជំងឺ​ច្រើនពេក យើង​ខ្ចី​អគារ​កោះពេជ្រ ព្រីមៀរ​សែនសុខ ពិភពថ្មី និង​អគារ​ផ្សេងៗ​ទៀត​។ ដូចនេះ យើង​ត្រូវប្រគល់​ទៅ​វិស័យ​ឯកជន​វិញ តែ​យើង​នៅ​ជំពាក់​​ស្តាត​អូឡាំពិក​សិន​»​។

មជ្ឈមណ្ឌល​ ឬ​មន្ទីរពេទ្យ​ថ្មី​នេះ​មាន​ទំហំ​ធំ​ដែល​អាចដាក់​មនុស្ស​បាន​រាប់ម៉ឺន​នាក់ ក្នុង​ការព្យាបាល ហើយ​ក៏មាន​ផ្នែក​សង្គ្រោះបន្ទាន់​រាប់រយ​គ្រែ​នៅ​ទី​នោះដែរ​។

លោក​ ហ៊ុន សែន ​ថា​៖ «​គម្រោង​នៃ​ការរៀបចំ​មន្ទីរពេទ្យ​នេះ ត្រូវ​បានប្រកាស​នៅថ្ងៃនេះ ដើម្បី​ជា​ដំណឹង​ជូនទៅ​គណៈកម្មការ​សម្រាប់​រៀបចំ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ​ផង គណៈកម្មការ​អូឡាំពិក​ផង ក្រសួង​អប់រំ​ផង ក្រសួង​សុខាភិបាល​ផង និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផង​»​។

រាជរដ្ឋាភិបាល​ និង​ក្រសួង​សុខាភិបាល​បាន​ខ្ចី​មជ្ឈមណ្ឌល​ធំៗ​មួយចំនួន​ពី​វិស័យ​ឯកជន ប៉ុន្តែ​ស្ថានភាព​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩ ​មាន​ការថមថយ​ច្រើន​ដែល​ធ្វើឱ្យ​លោក ហ៊ុន សែន សម្រេច​ធ្វើការ​ផ្ទេរ​មណ្ឌល​ទាំងនោះ​ទៅ​វិស័យ​ឯកជន​វិញ ដោយ​យូរ​បំផុត​នៅ​ចុងខែ​ ១២ ដែល​ត្រូវ​ផ្ទេរ​ឱ្យ​ចប់ ហើយ​រក្សាទុក​តែ​មជ្ឈមណ្ឌល​អូឡាំពិក​មួយ​ប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា៖ «​បន្ទាប់​ពីនេះ​យើង​នឹង​ធ្វើការ​សាងសង់​ពេទ្យ​មួយ​ថ្មី ដោយ​បំពាក់​ឧបករណ៍​សម្ភារ​ឱ្យ​គ្រប់គ្រាន់ រួចហើយ​យើង​នឹង​ចាប់ផ្តើម​ផ្ទេរ​អ្នកជំងឺ​ចេញ រួច​ប្រគល់​ស្តាត​អូឡាំពិក​ជូន​​ទៅខាង​ផ្នែក​កីឡា​វិញ​។ នេះ​សុទ្ធតែ​ជា​គម្រោង​ដែល​យើង​ត្រូវ​ដោះស្រាយ​ឱ្យ​អស់ ដែល​ជា​ការប្រឈម​ធំ នៅក្នុង​ប្រទេស​របស់​យើង​»​។

ដោយឡែក​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​នេះដែរ លោក​ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​លើកឡើង​ពី​ការបង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ លោក​ថ្លែងថា ភាគី​ចិន​យកចិត្ត​ទុកដាក់​ខ្ពស់ ចំពោះ​ការលើកឡើង​របស់​លោក ហ៊ុន សែន ស្តីអំពី​គម្រោង​បង្កើត​រោងចក្រ​វ៉ាក់សាំង ដែល​មកដល់​ពេល​នេះ ក្រុមហ៊ុន​ស៊ីណូហ្វាម​ចិន កំពុង​តែ​ទំនាក់ទំនង​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា​។

លោក វ៉ាង វិនធាន ថ្លែងថា​៖ «​ប្រហែល​ឆ្នាំ​ក្រោយ​ប្រជាជន​កម្ពុជា​នឹង​អាច​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ​ដែល​ផលិត​ក្នុងស្រុក​ខ្មែរ​បាន​ហើយ​»​។

ទាក់ទង​នឹង​ការបង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​នេះ​លោក​ ហ៊ុន សែន បាន​បញ្ជាក់ដែរថា គម្រោង​នៃ​ការបង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​កូវីដ​ ១៩ នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ទទួល​ការគាំទ្រ​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ហើយ ហើយ​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ក៏បាន​ចុះហត្ថលេខា​ព្រមព្រៀង​ជាមួយគ្នា​រួចហើយ​ផងដែរ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង បន្តិច​ទៀត​លែង​ខ្វះ​វ៉ាក់សាំង​ដែល​យើង​កំពុងតែ​កង្វល់ យើង​កំពុងតែ​នឹងមាន​វ៉ាក់សាំង​ផ្គត់ផ្គង់​ខ្លួនឯង ប៉ុន្តែ​ក៏ត្រូវ​តែ​ត្រៀម​លុយ​ទិញ​ដែរ មិនមែន​យក​មក​ប្រើ​ទទេៗ​នោះទេ​ គ្រាន់តែ​យើង​ធានា​ថា យើង​មាន​វ៉ាក់សាំង​ផលិត​ក្នុង​ទឹកដី​របស់​យើង​»​។

នៅពេល​ដែល​កម្ពុជា​មាន​រោងចក្រ​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួនឯង នោះ​ការចំណាយ​លើ​ការទិញ​វ៉ាក់សាំង និង​ការដឹកជញ្ជូន​អាច​នឹង​ចំណាយ​តិចជាង​មុន​ច្រើន​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកនាយក​រដ្ឋមន្ត្រី​៕

វីដេអូ៖