បាត់ដំបងៈ រដ្ឋាភិបាល​បានសម្រេច​ដកហូត​ដីព្រៃ​លិច​ទឹក​ជាង ១២ ០០០ ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ត្រឡប់មកវិញ បន្ទាប់ពី​រង​ការរំលោភបំពាន​យក​ក្នុង​តំបន់​៣ នៃ​បឹង​ទន្លេសាប និង​មាន​អ្នក​ចេញមក​សារភាព​ជាង ៧០ នាក់​ ខណៈ​រដ្ឋាភិបាល​បាន​ចាត់​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​ធ្វើការ​ស្រាវជ្រាវ និង​ចាត់វិធានការ​ច្បាប់ ចំពោះ​លោក ឈួរ ច័ន្ទឌឿន អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង​។

ការប្រកាស​ពី​ការដកហូត​ដីព្រៃ​លិចទឹក​នៅក្នុង​ខេត្ត​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង ចុះ​ទៅ​ពិនិត្យ​ទីតាំង​នៃ​ការកាប់​រានទន្ទ្រាន និង​រំលោភ​យក​ដីព្រៃ​លិចទឹក​ក្នុង​ខេត្ត​បាត់ដំបង​កាលពី​ល្ងាច​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ៦ ធ្នូ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​នៅ​ពោធិ៍សាត់​។

លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ធ្នូ​ថា តាមរយៈ​ការចុះពិនិត្យ​ក្រោយ​រដ្ឋបាលខេត្ត​ស្រាវជ្រាវ​ពី​ករណី​រំលោភ​ដីព្រៃ​លិចទឹក​ទូទាំង​ខេត្តបាត់ដំបង គឺ​គណៈកម្មការ​ដែល​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា សម្រេច​ឱ្យ​ដកហូត​ដី​ទាំង​ជាង ១២ ០០០ ហិកតា​នេះ​ត្រឡប់​មក​វិញ​។

ការដកហូត​នេះ​គឺ​សម្រេច​ឱ្យ​អាជ្ញាធរខេត្ត​ទុកពេល​ឱ្យ​អ្នកកំពុង​បង្កបង្កើនផល​លើដី​អាច​មាន​ពេល​ប្រមូលផល​ស្រូវ​របស់ខ្លួន​ ដើម្បី​ឈានទៅ​ធ្វើការ​បោះបង្គោល​ព្រំដី​ដែល​នៅ​សេសសល់​ប្រមាណ​ ១០ ​ទៅ​ ២០ ​ភាគរយ​ឱ្យបាន​ឆាប់​។

ជាមួយ​នឹង​ការដកហូត​ដី​នេះ លោក សុខ លូ បាន​បញ្ជាក់ថា មកដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ៧១ នាក់ ​បាន​ចូលខ្លួន​មក​សារភាព​ និង​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការរំលោភបំពាន ខណៈ​ក្នុង​ចំណោម​អ្នកចូល​មក​សារភាព​នេះ មិនទាន់​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រីរាជការ ឬ​មន្ត្រីជាន់ខ្ពស់​ណា​ម្នាក់​នោះទេ ដែល​ជំរុញ​ឱ្យ​អ្នកមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​ដីព្រៃ​លិចទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​នេះ​ឆាប់​ចូលខ្លួន​មក​សារភាព​។

លោក​បញ្ជាក់ថា​៖ «​គ្រាន់តែ​តួលេខ​ថ្ងៃទី​ ៥ យើង​មាន​អ្នកចេញ​មក​សារភាព​ ៧១ នាក់​ហើយ​នៅ​តាម​ភូមិ​ឃុំ តែ​មិន​មាន​ឃើញ​ឈ្មោះ​មន្ត្រី​យើង​នោះទេ និង​ត្រូវមាន​បន្តបន្ទាប់​ទៀត ដែល​កំពុង​បន្ត​ចេញមក​សារភាព​។ ការដកហូត​ដី​ទាំងនេះ ធ្វើឱ្យ​ប៉ះពាល់​នឹង​មន្ត្រី​ណា មន្ត្រី​ហ្នឹង​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ហើយ​សម្តេចតេជោ​បាន​ប្រកាស​ថា ឱ្យ​មន្ត្រី​យើង​ចេញ​មក​សារភាព ហើយ​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​»​។

បើតាម​ទំព័រ​ហ្វេសប៊ុក​របស់លោក​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឱ្យ​ដឹងថា ក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង គិតតែ​ក្នុង​តំបន់​ ៣ មាន​ផ្ទៃដី​ចំនួន​ ២០៦ ៩៥៣ ​ហិកតា ស្មើនឹង ៣១,៩៦% នៃ​ផ្ទៃដី​តំបន់ ៣ សរុប ដោយ​ក្នុងនោះ​មាន​ចំនួន ២៩ ​ទីតាំង​ស្មើនឹង​ផ្ទៃដី​ប្រមាណ​ ១២ ២២១ ​ហិកតា ដែលមាន​ប្រជាពលរដ្ឋ​ចូល​ទន្ទ្រាន​កាន់កាប់​ចំនួន ២ ៥១៤ ​គ្រួសារ ស្ថិតនៅក្នុង​ឃុំ​ចំនួន ១៧ ក្នុងស្រុក​ទាំង​ ៤​។

លោក វេង សាខុន បន្តថា ក្រោយ​កិច្ចប្រជុំ​បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់ និង​ស៊ីជម្រៅ​ទាក់ទង​បញ្ហា​នៃ​ការរំលោភបំពាន​នេះ កិច្ចប្រជុំ​បាន​សម្រេច​ឱ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​មាន​រដ្ឋបាល​ជលផល​ជា​សេនាធិការ រៀបចំ​បោះបង្គោល​ព្រំដី​ព្រៃ​លិចទឹក​ឱ្យបាន​គ្រប់​ចំនួន​សរុប​ ៦០ ដែល​មិនទាន់​បោះ​ក្នុងចំណោម​បង្គោល​សរុប​ទូទាំង​ខេត្ត​ចំនួន ១១២ ​បង្គោល​។

បន្ថែម​ពីនេះ លោក​បញ្ជាក់​ថា ចំពោះ​ការដកហូត​មកវិញ​គឺ​ត្រូវ​ផ្តល់​យន្តការ​ដោះស្រាយ​បញ្ហា​ជារួម​ដែលមាន ៧ ​ចំណុច និង​បញ្ឈប់​ការពិនិត្យ​បញ្ជាក់​លើ​លិខិត​សុំ​កាន់កាប់​ដី និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ក្នុង​ដែន​ព្រៃ​លិចទឹក​ព្រមទាំង​ចេញ​លិខិត​បដិសេធ លើ​រាល់​លិខិត​ដែល​បានចេញ​រួច​កាលពី​មុន​។

ជាមួយ​ការចុះ​ដកហូត​ដី​នៅ​ខេត្ត​បាត់ដំបង​នេះ​រាជរដ្ឋាភិបាល​បាន​ចេញ​របាយការណ៍​ផ្លូវការ​ស្ដីពី​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិចទឹក​នៃ​តំបន់​បឹង​ទន្លេសាប ស្ថិត​ក្នុង​ភូមិសាស្ដ្រ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។ យោងតាម​របាយការណ៍​នេះ​បាន​ឱ្យ​ដឹងថា សម្រាប់​ករណី​នៅ​ខេត្ត​កំពង់ឆ្នាំង គឺ​សម្រេច​ដកហូត​ដី​រដ្ឋ​ទំហំ​ជាង ២ ០០០ ហិកតា ដែល​ស្ថិតក្នុង​ដែន​ព្រៃ​លិចទឹក​ស្ថិតនៅ​ឃុំ​ច្រណូក និង​ឃុំ​ដារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ហើយ​ប្រគល់​​ភារកិច្ច​ជូន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ដឹកនាំ​យុទ្ធនាការ​ដាំ​ដើមឈើ​ឡើងវិញ​។

បន្ថែម​ពីនេះ រដ្ឋាភិបាល​ក៏​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​រៀបចំ​ប៉ាណូ​ផ្សព្វផ្សាយ​ផែនទី​ដែន​ព្រៃ​លិចទឹក និង​ប្រគល់​ភារកិច្ច​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​ការពារ​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិចទឹក​ ដើម្បី​ធានា​និរន្តរភាព និង​ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល ដោយ​ធ្វើ​យ៉ាងណា​រំលាយ​ព្រំ​ខណ្ឌ​ក្បាលដី និង​ដក​បង្គោល​ព្រំដី​ដែល​បាន​ដាំ​ដោយ​ខុសច្បាប់​។

ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ក៏បាន​ប្រគល់​ភារកិច្ច​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ធ្វើការ​អង្កេត ស្រាវជ្រាវ​ និង​ចាត់វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ ឈួរ ច័ន្ទឌឿន អតីត​អភិបាល​នៃ​គណៈអភិបាលខេត្ត​កំពង់ឆ្នាំង ខណៈ​បទល្មើស​រំលោភ​យក​ដីព្រៃ​លិចទឹក​ទាំង​ជាង ២ ០០០ ហិកតា​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រីជាន់ខ្ពស់ និង​ពលរដ្ឋ​ចំនួន ១៣ ​នាក់​។

សម្រាប់​វិធានការ​ខេត្តកំពង់ធំ​វិញ របាយការណ៍​ដដែល​ក៏​បាន​ឱ្យដឹង​ទៀត​ថា រដ្ឋាភិបាល​សម្រេច​ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ខេត្តកំពង់ធំ ជំរុញ​នីតិវិធី​តុលាការ​​ករណី​សំណុំរឿង​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិចទឹក​នៃ​តំបន់​ទន្លេសាប​។

ជាមួយ​គ្នា​នោះ​រដ្ឋាភិបាល​ក៏​បាន​ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ខេត្ត​កំពង់ធំ​បន្ត​ចាត់វិធានការ​ការពារ និង​បង្ក្រាប​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅក្នុង​ដែន​ព្រៃ​លិចទឹក​ជុំវិញ​បឹង​ទន្លេសាប​ ដើម្បី​ធានា​និរន្តរភាព និង​ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជា​។

សូម​ជម្រាបថា ការកាប់​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់ ក្នុង​ខេត្ត​កំពង់ធំ គឺ​មាន​ជិត ៥០ ករណី ដែល​មាន​ផ្ទៃដី​ជិត​ ៤ ០០០ ហិកតា​ចាប់ពី​ឆ្នាំ​ ២០១៩ រហូតដល់​ឆ្នាំ​ ២០២១ ដែល​ស្ថិតនៅ​ក្នុងស្រុក​ចំនួន​ ៤ ​មាន​ក្រុង​ស្ទឹងសែន​មាន ៣ ករណី ស្រុក​បារាយ​រណ៍​មាន​ចំនួន ២ ករណី ស្រុក​ស្ទោង មាន​ ៦ ករណី និង​ស្រុក​កំពង់ស្វាយ​មាន ១៩ ករណី​។

កាលពី​ថ្ងៃទី ២៨ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរខេត្ត​ជុំវិញ​បឹងទន្លេសាប និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​បង្ក្រាប​បទល្មើស​កាប់ទន្ទ្រាន​ព្រៃ​លិចទឹក​យក​ដី​យ៉ាង​អនាធិបតេយ្យ ដោយ​ក្នុងនោះ​លោក​បាន​លើកឡើង​ចំៗ​ទៅ​កាន់​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​បាន​រំលោភ​យក​ដីព្រៃ​លិចទឹក​ក្នុង​ពេល​ខ្លួន​មាន​អំណាច​គ្រប់គ្រង​ខេត្ត​នេះ​៕

វីដេអូ៖