The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន សែន៖ ​ផ្លូវជាតិ​លេខ​ ១១ ​ជា​សមិទ្ធផល​ថ្មី ១ ​ទៀត​នៃ​ទំនាក់ទំនង​កម្ពុជា-ចិន

លោក​ ហ៊ុន សែន៖ ​ផ្លូវជាតិ​លេខ​ ១១ ​ជា​សមិទ្ធផល​ថ្មី ១ ​ទៀត​នៃ​ទំនាក់ទំនង​កម្ពុជា-ចិន

Content image - Phnom Penh Post
ទិដ្ឋភាព​មើល​ពីលើ​ផ្លូវជាតិ​លេខ​ ១១ ​ដែល​ភ្ជាប់​ពី​ខេត្តព្រៃវែង​ទៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ។ រូបថត ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

លោក​ ហ៊ុន សែន៖ ​ផ្លូវជាតិ​លេខ​ ១១ ​ជា​សមិទ្ធផល​ថ្មី ១ ​ទៀត​នៃ​ទំនាក់ទំនង​កម្ពុជា-ចិន

ព្រៃវែងៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុក​ការដាក់​ឱ្យប្រើ​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​ ១១ ​ដែល​ភ្ជាប់​ពី​ខេត្តព្រៃវែង​ទៅ​ខេត្ត​ត្បូងឃ្មុំ ជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា និង​ចិន​ក្នុង​ការផ្តល់​ភាពងាយស្រួល​ដល់​ការធ្វើ​ចរាចរណ៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ខណៈ​លោក​ក៏​បានឱ្យ​សិក្សា​សាងសង់​ផ្លូវ​បន្ថែមទៀត​​ផងដែរ​ ដើម្បី​ភ្ជាប់​ទៅកាន់​ព្រំដែន​។

ការអះអាង​របស់​លោក​នាយករដ្ឋមន្ត្រី​បែបនេះ​បាន​ធ្វើឡើង​ក្នុងពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​ ១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី​ ៦ ​ធ្នូ​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើន​​រូប និង​លោក វ៉ាង វិនធៀន ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។

ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន បាន​លើកឡើង​ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​រដ្ឋាភិបាល​ចិន និង​ប្រជាជន​ចិន​បាន​ជួយ​ដល់​កម្ពុជា ក្នុង​​ការអភិវឌ្ឍ​ប្រទេស និង​បង្ក​ភាពងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរ​។ លោក​បន្តថា ក្នុង​សុភាសិត​បុរាណ​ខ្មែរ​មាន​ពាក្យ ១ ​ឃ្លា​ថា “​មាន​ផ្លូវ មាន​ក្តីសង្ឃឹម​” ចំណែក​សុភាសិត​ចិន មាន​ពាក្យ​ថា “​ចង់​មាន ត្រូវ​ធ្វើ​ផ្លូវ​មុន​” ដែល​សុភាសិត​ទាំងនេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត ចំពោះ​សេចក្តី​ត្រូវការ​របស់​មនុស្ស​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្មែរ​យើង មាន​ទម្លាប់​មួយ​សួរ​គ្នា​ថា មាន​ផ្លូវ​ឬ​អត់​? មាន​ផ្លូវ​ ឬ​អត់​ប្រើ​គ្រប់ មិនមែន​គ្រាន់តែ​ចង់​សំដៅ​ផ្លូវ​ធ្វើ​ដំណើរ​នោះទេ​...​គឺមាន​ផ្លូវ គឺ​មាន​សង្ឃឹម​។ ​ដូច្នេះ​ដូចគ្នា​ផងដែរ យើង​ត្រូវខិតខំ​ដើម្បី​បន្ត​ការវិនិយោគ​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​។ ក្នុងនោះ​មិនមែន​មាន​តែ​ផ្លូវ​ទេ ក៏ប៉ុន្តែ​អ្វី​ [​ដែល​] ​ខ្ញុំ​ចង់​លើក​ក្នុង​ពេលនេះ គឺ​ការតភ្ជាប់​តាមរយៈ​ការធ្វើ​ផ្លូវ ធ្វើ​ស្ពាន​នេះ​តែម្តង​»​។

Content image - Phnom Penh Post
លោក​ ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​ ១១ ពីថ្ងៃ​ទី​ ៦ ធ្នូ​។ រូបថត ក្រសួង​សាធារណការ

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សិក្សា​លើ​ការសាងសង់​ផ្លូវ​ថ្មី ១ ​ខ្សែ​ទៀត តភ្ជាប់​ពី​ស្រុក​ល្វាឯម ខេត្ត​កណ្តាល មកកាន់​ផ្លូវជាតិ​លេខ​ ១១ និង​ផ្លូវជាតិ​លេខ​ ១ ​ទៅ​ព្រំដែន​កម្ពុជា វៀតណាម​ ដើម្បី​ស្វែងរក​ថវិកា​សាងសង់​បន្ថែម បន្ទាប់ពី​លោក​​បាន​អនុញ្ញាត​តាម​សំណើ​របស់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

ផ្លូវជាតិ​លេខ​ ១១ ​ដែល​មាន​ប្រវែង​សរុប​ ៩៦,៤៨ ​គីឡូម៉ែត្រ​ចាប់ពី​អ្នកលឿង​ (​ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​ ១) ខេត្តព្រៃវែង​ដល់​ថ្នល់ទទឹង (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​ ៧) ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សាងសង់​ដោយ​ការផ្ដល់​ហិរញ្ញប្បទាន​សម្បទាន ជំនួយ​ឥតសំណង និង​បច្ចេកទេស​ជា​បន្ដ​បន្ទាប់ពី​ចិន​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាងថា ផ្លូវជាតិ​លេខ​ ១១ ​នេះ​​គឺជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​ AC កម្រាស់​ ៥ ​សង់ទីម៉ែត្រ​លើក​កម្រិត​គុណភាព និង​ពង្រីក​ទទឹងផ្លូវ​ពី​ ៩ ​ម៉ែត្រ​ទៅ​ ១១ ​ម៉ែត្រ ក្រាល​ស្រទាប់​គ្រឹះ​ទាំង​លើ និង​ក្រោម​កម្រាស់​ ៦០ ​សង់ទីម៉ែត្រ​។

គម្រោង​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ក្វាងចូវ​វ៉ានអាន ដោយ​ប្រើពេល​សាងសង់​ត្រឹម​​តែ​ ៣០ ​ខែ​ប៉ុណ្ណោះ គិត​ចាប់​ខែធ្នូ ឆ្នាំ​ ២០១៧ និង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​ ២០២០ ដោយ​ចំណាយ​ថវិកា​សរុប​ ៩៨,៣៨ ​លាន​ដុល្លារ​អាមេរិក រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ដោះស្រាយ​ផលប៉ះពាល់ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ផងដែរ​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា សក្តានុពល​នៃ​ផ្លូវជាតិ​ថ្មី​នេះ​នឹង​តភ្ជាប់​ទំនាក់ទំនង​រូបវន្ត ស្ថាប័ន និង​ប្រជាជន​រវាង​ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ​ជាមួយ​នឹង​រាជធានី-ខេត្ត​ផ្សេងៗ​ទៀត​។ ​លោក​បាន​បន្តថា ផ្លូវ​នេះ​ក៏​នឹង​ជួយ​សម្រួល​ដល់​ចរាចរណ៍ ការដឹកជញ្ជូន​ទំនិញ អ្នកដំណើរ និង​ទេសចរ ព្រមទាំង​កសិផល និង​ដំណាំ​កសិឧស្សាហកម្ម​ផ្សេងៗ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក​ និង​អន្តរជាតិ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស និង​ចំណាយ​តិច​។

លោក​បាន​បន្ថែមថា​៖ «​សមិទ្ធផល​ថ្មី​នេះ​គឺជា​ចំណងដៃ​ដ៏ថ្លៃថ្លា​មិនអាច​កាត់ថ្លៃ​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ទូទៅ​...»​។

ជាមួយ​នឹង​សមិទ្ធផល​ថ្មី​នេះ​លោក ស៊ុន ចាន់ថុល ក៏បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចូលរួម​ថែរក្សា​ទ្រព្យសម្បត្តិ​ទាំងនេះ ឱ្យបាន​យូរអង្វែង​ផងដែរ​។

បើតាម​លោក ស៊ុន ចាន់ថុល កំណើន​រថយន្ត និង​ទោចក្រយានយន្ត​បច្ចុប្បន្ន​​ធៀប​នឹង​ឆ្នាំ​ ១៩៩៨ ដោយ​ចំនួន​រថយន្ត​បាន​កើនឡើង​ប្រមាណ​ពី​ ៦,៥ ​ម៉ឺន​គ្រឿង​រហូតដល់​ ៩២ ​ម៉ឺន​គ្រឿង រីឯ​ចំនួន​ទោចក្រយានយន្ត​កើនឡើង​ប្រមាណ​ពី​ ២០ ​ម៉ឺន​គ្រឿង រហូត​ដល់​ ៥,២ ​លាន​គ្រឿង​៕

អត្ថបទគួរចាប់អារម្មណ៍