ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ប្រធាន​វិលជុំ​នៃ​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ ២០២២ នេះ​បាន​ប្រកាស​ជួប​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា​នៅថ្ងៃ​នេះ បំណង​ស្វែងយល់​អំពី​ចំណុច​ដែល​ត្រូវ​ឈាន​ទៅមុខ​ក្នុង​ក្របខ័ណ្ឌ​កុងសង់ស៊ីស​ ៥ ​ចំណុច​ដែល​មេដឹកនាំ​អាស៊ាន​បាន​ឯកភាពគ្នា​ទាក់ទង​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា ដើម្បី​នឹង​អាច​រក​ដំណោះស្រាយ ធ្វើ​ប្រក្រតីភាព​អាស៊ាន​ឡើងវិញ ក្រោយពី​មាន​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ជា​សមាជិក​មួយ​នេះ​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១​។

ការសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ១១ និង​សាងសង់​គន្លង​ផ្លូវ​ថ្មី​វាង​ក្រុង​ព្រៃវែង​នៅ​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​ ៦ ខែធ្នូ លោក ហ៊ុន សែន ថ្លែងថា​៖ «​ស្អែក​ខ្ញុំ​នឹង​ជួប​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា​។ ក្នុងនាម​កម្ពុជា​បើ​មិន​ធ្វើការ​ជាមួយ​មេដឹកនាំ អ្នក​កាន់អំណាច​មីយ៉ាន់ម៉ា​តើ​ទៅធ្វើ​ជាមួយ​អ្នកណា​? អ៊ីចឹង​មិន​ចាំបាច់​អ្នកណា​មក​ទិតៀន​កម្ពុជា​ទេ​។ កម្ពុជា​ចេះ​ធ្វើ​កិច្ចការ​ខ្លួនឯង​»​។

លោក​ក៏​បាន​ប្រកាស​ទៀតថា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​ជួប​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក មីន អ៊ុងឡាំង ដែល​ក្នុង​ការជជែក​គ្នា​នោះ​គឺ​មិន​ប្រាសចាក​ឆ្ងាយ​ពី​គោលការណ៍​រួម​របស់​អាស៊ាន​នោះទេ ហើយ​ធម្មនុញ្ញា​អាស៊ាន​ចែងថា អាស៊ាន​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​អាស៊ាន​។ ជា​សមាជិក​អាស៊ាន មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​នេះ​ត្រូវតែ​មាន​សិទ្ធិ​ចូលរួម​ប្រជុំ​នានា​របស់​អាស៊ាន​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា​ការយក​រូបមន្ត​របស់​អង្គការ​សហប្រជាជាតិ (​អសប​) មក​ដាក់​ក្នុង​រូបមន្ត​របស់​អាស៊ាន​គឺ​មិន​ត្រឹមត្រូវ​នោះទេ​ ព្រោះ​នៅ អសប មាន​គណៈកម្មការ​ពិនិត្យ​សារតាំង​ចំណែក​នៅ​អាស៊ាន​មិនមាន​គណៈកម្មការ​នេះ​តែបើ​មាន​កិច្ចប្រជុំ​នានា​របស់​អាស៊ាន​គឺ​សមាជិក​អាស៊ាន​ត្រូវតែ​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​ទាំងអស់​គ្នា​។

លោក​បញ្ជាក់ថា​៖ «​បើ​ថ្នាក់​រដ្ឋមន្ត្រី​ហៅ​រដ្ឋមន្ត្រី បើ​ថ្នាក់​កំពូល​ហៅ​កំពូល​។ វា​ត្រូវ​អ៊ីចឹង​»​។

លោក​ថ្លែងថា​៖ «​អង្គការ​សហប្រជាជាតិ​ផ្សឹង​។ រចនាសម្ព័ន្ធ​អង្គការ​សហប្រជាជាតិ​មិនមែន​ជា​រចនាសម្ព័ន្ធ​របស់​អាស៊ាន​។ មិនត្រូវ​យក​ម៉ូដែល​របស់​អង្គការ​សហប្រជាជាតិ​មក​ដាក់ [​ក្នុង​អាស៊ាន​] ហើយ​មានតែ​វិធី​តែ​ ១ ​គត់​គឺ​ធ្វើការ​ជាមួយ​អ្នក​កាន់អំណាច​»​។

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៨ និង ៣៩ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​កាលពី​ខែតុលា​កន្លងទៅ ដែល​ប្រទេស​ប្រ៊ុយណេ​ធ្វើជា​ម្ចាស់ផ្ទះ​តាម​ប្រព័ន្ធ​វីដេអូ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិនមាន​វត្តមាន​របស់​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​ពេលនេះ​ជា​ពេល​ពង្រឹង​អាស៊ាន​ឡើងវិញ​។ ពី​អាស៊ាន​ ១០ ទៅ​អាស៊ាន​ ៩​។ ឥឡូវ​ត្រូវ​វិលត្រឡប់​ទៅ​ ១០ ​វិញ​។ ខាង​មីយ៉ាន់ម៉ា មានបាន​ប្រកាស​ផ្តាច់ខ្លួន​ចេញពី​អាស៊ាន​ពី​អង្កាល់​? អត់​ផង​! ឯ​ក្នុង​ធម្មនុញ្ញ​អាស៊ាន​អត់​មាន​នរណា​មាន​សិទ្ធិ​ដេញ​សមាជិក​ចេញ​ទេ​។ ស្អែក​នេះ ខ្ញុំ​ចង់​ស្តាប់​រដ្ឋមន្ត្រី​ការបរទេស [​មីយ៉ាន់ម៉ា​] ដោយផ្ទាល់​»​។

លោក​ថ្លែង​ថា មីយ៉ាន់ម៉ា​ក៏​នៅតែ​ពង្រឹង​សាមគ្គីភាព​ក្នុង​អាស៊ាន​ហើយ​លោក​ចោទ​សួរថា​តើ​ត្រូវ​មាន​អាស៊ាន​ ៩ ​ប្រទេស ឬ​ ១០ ​ប្រទេស​ក្នុង​ការចូលរួម​កិច្ចប្រជុំ​នានា​របស់​អាស៊ាន​ ខណៈ​កិច្ចប្រជុំ​កន្លងទៅ​ប្រព្រឹត្ត​ទៅ​មាន​សមាជិក​អាស៊ាន​ចំនួន​ ៩ ​ប្រទេស​ដែល​បាន​ចូលរួម​។ សូម្បីតែ​ចិន​ក៏បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​មីយ៉ាន់ម៉ា​ឱ្យ​ចូលរួម​កិច្ចប្រជុំ​របស់ខ្លួន​ផងដែរ​។

លោក ហ៊ុន សែន អះអាង​ថា ការដែល​កម្ពុជា​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ហើយ​ជួប​ជាមួយ​លោក ដោយសារ​កម្ពុជា​គឺជា​រដ្ឋអធិបតេយ្យ​ដែលមាន​សិទ្ធិ​នឹងធ្វើ​កិច្ចការ​ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី​ផង ហើយក៏​ស្វែងយល់​អំពី​ចំណុច​ដែល​ត្រូវ​ឈាន​ទៅមុខ​ក្នុង​ក្របខ័ណ្ឌ​ ៥ ​ចំណុច​ដែល​បាន​ព្រមព្រៀង (​កុងសង់ស៊ីស​) ដែល​មេដឹកនាំ​អាស៊ាន​បាន​ឯកភាពគ្នា​ទាក់ទង​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​នៅក្នុង​កិច្ចប្រជុំ​ពិសេស​របស់​មេដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃទី​ ២៤ ខែមេសា ឆ្នាំ​ ២០២១​។

គួរ​បញ្ជាក់ថា ចំណុច​ទាំង​ ៥ នៃ​កុងសង់ស៊ីស​រួមមាន ការបញ្ឈប់​ជាបន្ទាន់​នូវ​អំពើហិង្សា​ក្នុងប្រទេស​មីយ៉ាន់ម៉ា​ការ​ចាប់ផ្តើម​ឱ្យមាន​កិច្ចសន្ទនា​ក្នុង​ន័យ​ស្ថាបនា​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​នឹង​សម្របសម្រួល​នៃ​ដំណើរការ​កិច្ចសន្ទនា អាស៊ាន​នឹង​ផ្តល់​ជំនួយ​មនុស្សធម៌ និង​បេសកជន​ពិសេស និង​គណៈប្រតិភូ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​ សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៦ ខែធ្នូ ថា ការបរាជ័យ​របស់​ប្រ៊ុយណេ​ក្នុង​ការជំរុញ​ឱ្យ​មីយ៉ាន់ម៉ា​ទទួលយក​ចំណុច​ឯកច្ឆន្ទ​ទាំង​ ៥ ​របស់​អាស៊ាន​បាន​ឆ្លុះបញ្ចាំង​អំពី​ភាពរឹងទទឹង​របស់​រដ្ឋាភិបាល​យោធា​ដែល​បាន​កាន់អំណាច​តាំងពី​ខែកុម្ភៈ​មក​។

លោក​បន្តថា​៖ «​ជំនួប​រវាង​ប្រមុខ​ដឹកនាំ​កម្ពុជា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា​នឹង​ជំរុញ​ និង​ពង្រឹង​បន្ថែមទៀត​ក្នុង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២ និង​ផ្អែកលើ​បទពិសោធ​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ក្នុង​ការដឹកនាំ​កម្ពុជា​ឆ្ពោះទៅកាន់​សុខសន្តិភាព​ពេញលេញ ដោយ​សង្ឃឹម​ថា កម្ពុជា​នឹង​អាចជួយ​មីយ៉ាន់ម៉ា​ក្នុង​ការដោះស្រាយ​វិបត្តិ​នយោបាយ​របស់ខ្លួន​បាន​»​។

លោក​បន្ត​ថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ឆ្នាំក្រោយ កម្ពុជា​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការស្វះ​ស្វែងរក​ជំនួយ​សម្រាប់​មនុស្សធម៌ សេដ្ឋកិច្ច-សង្គម និង​ប្រជាជន​មីយ៉ាន់ម៉ា​ដោយ​ផ្អែកលើ​គោលការណ៍​មិន​លូកដៃ​ចូល​ផ្ទៃក្នុង និង​អព្យាក្រឹត និង​ដើម្បី​ប្រយោជន៍​ប្រជាជាតិ​អាស៊ាន​។

លោក​ថា​៖ «​កម្ពុជា​មិន​ចង់ឱ្យ​មាន​ការបែកបាក់​ផ្ទៃក្នុង​ ឬ​​អាស៊ាន​ ៩ ឡើយ ដោយ​សម្តេច​តេជោ​ចង់​ឱ្យ​មាន​អាស៊ាន​ទាំង ១០ ចូលរួម​ប្រជុំ​នៅ​ឆ្នាំក្រោយ ដែល​នេះ​ក៏​ជា​សមិទ្ធផល​ដ៏ធំ​មួយ​របស់​កម្ពុជា​ផងដែរ​»៕