ព្រៃវែងៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​សាជាថ្មី​ថា មិនមែន​មាន​តែ​លោក ហ៊ុន ម៉ាណែត ដែលជា​កូនប្រុស​ច្បង​របស់​លោក​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ ដែលជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត​គឺ​នៅមាន​បេក្ខជន​ជាច្រើន​នាក់​ផ្សេងទៀត​ ដែល​ជា​កូន​របស់​សមាជិក គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​ប្រជាជន​កម្ពុជា​។ ​

លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​ ១១ នៅ​ខេត្តព្រៃវែង​នា​ថ្ងៃទី​ ៦ ធ្នូ​ថា ការជ្រើសរើស​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី គឺ​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​ការបោះឆ្នោត និង​មាន​បេក្ខជន​ជាច្រើន សម្រាប់​ជ្រើសរើស​។

លោកថ្លែងថា​៖ «​ករណី​រើស​បេក្ខភាព​នេះ​មិនមែន​យក ហ៊ុន ម៉ាណែត មក​ធ្វើ​លើ​សម្តេច សាយ ឈុំ សម្តេច ហេង សំរិន សម្តេច ស ខេង ទេ​។ ករណី ហ៊ុន សែន អត់​ស្លាប់​ទេ ហ៊ុន ម៉ាណែត មាន​កំហុស​ណាមួយ ខ្ញុំ​មិន​អាច​លើក​កូន​ខ្ញុំ​នោះទេ តែ​នេះ​ដោយសារ​ការញុះញង់​ម្តងហើយ​ម្តងទៀត​»​។

លោកនាយក​រដ្ឋមន្ត្រី​ពន្យល់​ថា ពាក្យ​ថា អនាគត ហ៊ុន ម៉ាណែត ជា​បេក្ខភាព មាន​ន័យថា​មិនដឹង​ពេលណា ថ្ងៃ​អនាគត​នោះ​ទេ ខណៈ​ដែល​លោក​នៅក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅឡើយ​។ បេក្ខភាព​នាយករដ្ឋមន្ត្រី គឺ​មិន​ក្រោម​ឆ្នាំ​ ២០២៨ ​នោះ​ទេ ហើយ​លោក​បាន​ត្រៀម​បេក្ខជន​ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​រហូត​ដល់​ ៤ ​នាក់​ឯណោះ សម្រាប់​តំណែង​មួយ​នេះ​។

លោក ហ៊ុន សែន ប្រកាស​ថា​លោក​នឹង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ពី ៨ ទៅ ១០ ឆ្នាំ​បន្ថែមទៀត ដូច្នេះ​លោក​ស្នើសុំ​ឱ្យ​កាត់បន្ថយ​កង្វល់​លើ​បញ្ហា​ថា អាច​នឹង​មាន​ការផ្លាស់ប្តូរ​អំណាច​ក្នុងពេល​ឆាប់ៗ​នោះ​។ ប៉ុន្តែ​បើ​ចង់​ដូរ​ទិសដៅ​នយោបាយ​ត្រូវ​ធ្វើឃាត​លោក​ជាមុន​សិន ដូច​ករណី​កាលពី​ឆ្នាំ​ ១៩៩៨ ករណី​ចង់​ធ្វើឃាត​រូបលោក​នៅឯ​ខេត្ត​សៀមរាប​។

លោក​បញ្ជាក់ថា​៖ «​ករណី​ធ្វើឃាត​ខ្ញុំ​នៅ​សៀមរាប​ឆ្នាំ​ ១៩៩៨ បើ​ធ្វើ​ខ្ញុំ​ពេលនោះ គ្រឹប​បាត់​ហើយ តែ​សំណាង​ណាស់​ពេលនោះ ឥឡូវ​មិនមែន​ស្លាប់ ដោយសារ​គេ​ធ្វើឃាត​ទេ ស្លាប់​ដោយសារ​ជំងឺ ពេល​នោះ​មិនមែន​បេក្ខភាព​នាយករដ្ឋមន្ត្រី​តែ ហ៊ុន ម៉ាណែត​ទេ គឺ​អ្នកដឹកនាំ​រាល់​ថ្ងៃ​នេះ គេ​រើស​បន្ត​ហើយ​»​។

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​យល់​ឃើញ​ថា ការប្រកាស​របស់​លោក​ ហ៊ុន សែន វា​ហាក់បី​ដូចជា​លឿន​ពេក ព្រោះ​មិនទាន់​ដល់​ចប់​អាណត្តិ និង​មិនទាន់​ដល់ពេល​ចាប់ផ្តើម​រៀបចំ​ការបោះឆ្នោត​អាណត្តិ​ថ្មី​នៅឡើយ​។

លោក​ថ្លែងថា​៖ «​នៅពេលដែល​ប្រកាស​បែបនេះ​ធ្វើឱ្យ​មាន​ការយល់ច្រឡំ​ដល់​សាធារណជន និង​អ្នកគាំទ្រ​របស់​លោក ក៏​ដូច្នោះ​ដែរ ឃើញ​សារ​ព្រោងព្រាត​គាំទ្រ​បេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ជាដើម​។ ទោះបីជា​លោក​ប្រកាស​មាន​បេក្ខភាព​ ២ ឬ ៣ ​រូប​ទៀត​មាន​សមត្ថភាព​ក៏ដោយ​ ក៏​ប្រសាសន៍​លោក​ប្រកាស​ចេញ​ហើយ ឱ្យ​គាំទ្រ​កូន​របស់​លោក​ហាក់បី​ដូច​បិទផ្លូវ​ដល់​អ្នក​ទាំង​ ២ ឬ ៣ ​នាក់​នោះ​ហើយ​»​។

បើតាម​លោក អ៊ូ ច័ន្ធរ័ត្ន គណបក្ស​របស់លោក​មិនទាន់​បាន​គិតថា នឹងដាក់​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី ដើម្បី​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​នាពេល​ខាងមុខ​នៅឡើយ​ទេ ព្រោះ​គណបក្ស​កំពុងតែ​រៀបចំ​រចនាសម្ព័ន្ធ និង​បើ​ធៀប​ជាមួយ​កម្លាំង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​វា​ខុសគ្នា​ឆ្ងាយ​។ ប៉ុន្តែ​នៅក្នុង​រយៈពេល​ ២ ​ឬ​ ៣ ឆ្នាំ​ទៅមុខ គណបក្ស​របស់​លោក​នឹង​រៀបចំ​បេក្ខភាព​នាយករដ្ឋមន្ត្រី ដោយ​ចាប់ផ្តើម​កសាង​កម្លាំង​ពីនេះ​តទៅទៀត ដើម្បី​ប្រកួតប្រជែង​ជាមួយ​នឹង​លោក ហ៊ុន ម៉ាណែត នៅ​អាណត្តិ​ក្រោយៗ​ទៀត​។

លោក យ៉ង ពៅ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​យល់​ឃើញ​ថា ការប្រកាស​បេក្ខភាព លោក​ ហ៊ុន ម៉ាណែត និង​បេក្ខជន ៣ ​នាក់ ផ្សេងទៀត​ជា នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក ហ៊ុន សែន មិនមាន​អ្វី​ខុស​នោះទេ ប៉ុន្តែ​ការជ្រើសរើស​នេះ​ត្រូវតែ​មាន​ការបោះឆ្នោត​គាំទ្រ​នៅក្នុង​ជួរ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ការដែល​សម្តេចនាយក​ប្រកាស​បេក្ខភាព​ឯកឧត្តម ហ៊ុន ម៉ាណែត និង​បេក្ខជន​ចំនួន​ ៣ ​ផ្សេងទៀត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី មិនមាន​អ្វី​ខុស​ទេ ព្រោះ​ជា​ការត្រៀម​សម្រាប់​បោះឆ្នោត​នៅពេល​ខាងមុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​»៕

វីដេអូ៖