ស្វាយរៀងៈ នគរបាល​ស្រុក​ចន្ទ្រា បញ្ជូន​បុរស​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​ ៦ ធ្នូ ករណី រឹតក សម្លាប់​ប្រពន្ធ​ខ្លួនឯង ប្រព្រឹត្ត​នៅ​ភូមិ​សែនត ឃុំ-ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាលពី​យប់​ថ្ងៃទី​ ៤ ធ្នូ ឆ្នាំ​ ២០២១​។

លោក​ ជិន សុភឿន អធិការ​នគរបាល​ស្រុក​ចន្ទ្រា ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​ ៦ ធ្នូ ថា ជនសង្ស័យ​ឈ្មោះ នេត រ៉ា អាយុ ៤៤ ​ឆ្នាំ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ​ សោ សុខី អាយុ​ ៤៣ ​ឆ្នាំ​។ ពួកគេ​មាន​កូនប្រុស​ស្រី​ ២ ​នាក់ រស់នៅ​ក្នុង​ភូមិ​សែនត ឃុំ-ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​របស់​លោក កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​នៅ​ថ្ងៃទី​ ៦ ធ្នូ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។ ជនសង្ស័យ​បាន​បង្ក​បទល្មើស​សម្លាប់​ប្រពន្ធ​របស់ខ្លួន​។

លោក​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​ជា​នគរបាល​យុត្តិធម៌​មាន​សិទ្ធិ​ធ្វើ​កំណត់ហេតុ​ទៅតាម​អ្វី ដែលជា​ចម្លើយ​របស់​ជនសង្ស័យ និង​សាក្សី​។ អ្វី​ជា​ការងារ​បន្ទាប់ គឺ​យើង បញ្ជូន​ជនសង្ស័យ​ទៅខាង​មន្ត្រី​ជំនាញ​ខេត្ត​ដើម្បី​សាកសួរ​បន្ត​»​។

លោកហាស់ ស៊ីយ៉េត នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ចន្ទ្រា និយាយ​នៅ​រសៀល​ថ្ងៃទី​ ៦ ធ្នូ ថា មុន​កើតហេតុ​នៅវេលា​ព្រលប់ ម៉ោងជាង​ ៦ ថ្ងៃទី​ ៤ ធ្នូ ស្ត្រី​រងគ្រោះ​ទើប​ត្រឡប់​មកពី​ធ្វើការ​រោងចក្រ​កាត់ដេរ​។ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ​ជា​ប្តី​បាន​ទះ​ក្បាល​ស្ត្រី​រងគ្រោះ​ ១ ​ដៃ​ហើយ​បាន​ចាប់ទាញ​កអាវ​ទៅ​ក្រោយ​បណ្តាលឱ្យ​រឹត​កដួល​សន្លប់​តែម្តង​។

លោក​បន្តថា ភ្លាមៗ​នោះ ក្មេងស្រី​អាយុ​ ១៤ ​ឆ្នាំ​ម្នាក់ ដែល​ជា​កូន​របស់​ស្ត្រី​រងគ្រោះ​បាន​រត់​ទៅ​ហៅ​អ្នកជិតខាង និង​ជីតា​ (​ឪពុក​បង្កើត​ស្ត្រី​រងគ្រោះ​) ​ឱ្យ​មកជួយ​ម្តាយ​ខ្លួន​។ ពេល​ទៅ​ដល់​ឪពុក​ស្ត្រី​រងគ្រោះ​បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​លោក ដើម្បី​ចុះទៅ​ធ្វើ​អន្តរាគមន៍​បន្ទាន់ ហើយ​លោក​ក៏បាន​ទៅដល់​ទីតាំង​កើតហេតុ​ប្រមាណ​ជា​ ១០ ​នាទី​ក្រោយ​។

លោក​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កម្ពុជា-វៀតណាម​ទួល​ស្តី​ស្ថិតក្នុង​ឃុំ​ទួលស្តី ស្រុក​ចន្ទ្រា ប៉ុន្តែ​ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រាប់ថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ហើយ​។ ចំណែក​ជនសង្ស័យ​វិញ​ត្រូវបាន​សមត្ថកិច្ច​របស់​លោក​ចាប់​មក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ចន្ទ្រា​។ ប៉ុន្តែ​ជនសង្ស័យ​មិនបាន​និយាយ​អ្វី​ទេ ព្រោះ​ស្រវឹងស្រា​បាត់បង់​ស្មារតី​ទៅហើយ​។

លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ពេល​ខ្ញុំ​បញ្ជូន​ជនសង្ស័យ​ទៅដល់​អធិការដ្ឋាន​នគរបាល​ស្រុក​ទើប​ជនសង្ស័យ​ឆ្លើយថា ខ្លួនគេ​ពិតជា​បាន​ទះ​ក្បាល​ស្ត្រី​រងគ្រោះ​ ១ ​ដៃ ហើយ​ចាប់​កអាវ ទាញ​ទៅក្រោយ​មែន​»​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក​ គឹម ឡៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង នា​ថ្ងៃទី​ ៦ ធ្នូ ប៉ុន្តែ​លោក​មិន​លើក​ទទួល​ទូរស័ព្ទ​៕