ក្រចេះ: នគរបាល​ជំនាញ​ស្រុក​ឆ្លូង ក្នុង​ខេត្ត​ក្រចេះ​កំពុង​បើក​ការស្រាវជ្រាវ​រក​ជនដៃដល់ ក្រោយពី​មាន​ការសង្ស័យ​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​មួយ​ករណី​ ដែល​បាន​រកឃើញ​កាលពី​ថ្ងៃទី​ ៤ ខែធ្នូ នៅក្នុង​ព្រៃរបោះ ក្នុង​ភូមិ ព្រែក​ចំឡាក់ ឃុំ​កញ្ជរ​។

លោក ឆុង តូរ៉ាន់ អធិការនគរបាល​ស្រុក​ឆ្លូង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ៦ ធ្នូ​ថា ជនរងគ្រោះ​ឈ្មោះ អ៊ិន វាសនា ភេទ ប្រុស អាយុ​ ២៤ ​ឆ្នាំ របរ​ជា​កសិករ​រស់នៅក្នុង ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ករណី​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ជា​ករណី​ឃាតកម្ម​ ព្រោះ​នៅលើ​ក្បាល​សាកសព​មាន​ស្នាម​ប៉ះ​នឹង​វត្ថុ​រឹង​។

លោក​ថ្លែងថា​៖ «​បើតាម​នគរបាល​កោសល្យវិច័យ​បង្ហាញថា ជន​រងគ្រោះ​មាន​ស្នាម​ប្រេះ​លលាដ៍ក្បាល​ទើប​យើង​មាន​ការសង្ស័យ​ថា ជនរងគ្រោះ​អាច​ឈ្លោះ​គ្នា ហើយ​ត្រូវគេ​វាយ​។ ​ព្រោះ​នៅក្បែរ​សាកសព​មាន​ដប​សម្រាប់​ជក់​គ្រឿងញៀន​ ១ ​ផង និង​ម៉ូតូ​ ១ ​គ្រឿង​»​។

លោក​ថ្លែង​យោងតាម​សម្តី​សាច់ញាតិ​បានឱ្យ​ដឹងថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ ហើយ​បាត់​ដំណឹង​តាំងពី​ថ្ងៃទី​ ២២ វិច្ឆិកា ឆ្នាំ​ ២០២១​។ ប៉ុន្តែ​គ្រួសារ​របស់​ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​កញ្ជរ​ទេ លុះ​រំលង​បាន​ ២ ​ថ្ងៃ ទើប​ឪពុក​របស់​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​។ បន្ទាប់ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹង​ពី​ឪពុក​របស់​ជនរងគ្រោះ​មក សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ក្រចេះ​បាន​ចាត់​កម្លាំង​ស្រាវជ្រាវ​រក​ជនរងគ្រោះ​តែ​មិន​ទទួល​បាន​លទ្ធផល​ឡើយ​។ លុះ​នៅ​ថ្ងៃទី​ ៤ ធ្នូ ឆ្នាំ​ ២០២១ ​ក៏មាន​ប្រជាពលរដ្ឋ​ម្នាក់​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ឃុំ​កញ្ជរ​ថា គាត់​បានឃើញ​ម៉ូតូ ម៉ាក​វេវ​អាល់ហ្វា​ ១ ​គ្រឿង​បាន​បញ្ឈរ ទុកចោល​ក្នុង​ព្រៃរបោះ​ជាង​ ១០ ​ថ្ងៃ​មកហើយ ដោយ​មិនឃើញ​មាន​នរណា​ទៅយក​ម៉ូតូ​នោះទេ​។

លោក ឆុង តូរ៉ាន់ ថ្លែងថា ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ដល់​ទីតាំង​នោះ​សមត្ថកិច្ច​បាន​ចាត់​កម្លាំង​ដើររក​ក្នុងព្រៃ​ក៏ធំ​ក្លិន​ស្អុយ​ហើយ​បាន​ប្រទះឃើញ​សាកសព​មាន​សភាព​ហើមរលួយ​សាច់​អស់​ទៅហើយ​។ ​ចំពោះ​សាកសព​គឺ​នៅ​ចម្ងាយ​ពី​ម៉ូតូ​ប្រហែល​ ២០ ​ម៉ែត្រ​ប៉ុណ្ណោះ នៅក្បែរ​សាកសព​វិញ​គឺ​សមត្ថកិច្ច​រកឃើញ​តែ​ដប​ទឹកសុទ្ធ​ចំនួន​ ១ ភ្ជាប់​នឹង​បំពង់​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន តែ​មិនឃើញ​មាន​ទូរស័ព្ទ​ទេ​។ លោក​បញ្ជាក់​ថា នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត និង​គ្រូពេទ្យ​បានធ្វើ​កោសល្យវិច័យ​លើ​សាកសព​ពិនិត្យឃើញ​ថា នៅលើ​ក្បាល​មាន​ស្នាម​ប៉ះ​នឹង​វត្ថុ​រឹង​ប្រេះ​លលាដ៍ក្បាល​។ ​ហេតុ​ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនរងគ្រោះ​អាច​ត្រូវ​បាន​ជនសង្ស័យ​វ៉ែ​ឱ្យស្លាប់​ ដែល​ប្រហែល​ជា​ទំនាស់​គ្នា​រឿង​គ្រឿងញៀន​នេះឯង​៕