ព្រះសីហនុៈ ក្រុមហ៊ុន​អចលនទ្រព្យ​នៅក្នុង​ស្រុក​ចំនួន​ ៣ បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហបុរី​ ដើម្បី​រួមគ្នា​សម្របសម្រួល​ដោះស្រាយ​វិវាទ​ផ្សេងៗ ដោយ​ធ្វើយ៉ាងណា​ ដើម្បី​ឱ្យ​អគារ​ដែល​បាន​ផ្អាក​ការសាងសង់​នៅ​ខេត្ដ​ព្រះសីហនុ បាន​ដំណើរការ​ឡើងវិញ ដែល​ការចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​តាមរយៈ​កិច្ចសម្របសម្រួល​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ នេះ​បើ​តាម​លោក គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​។

លោក គួច ចំរើន បាន​ផ្តល់​បទសម្ភាស​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ឱកាស​មក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា​ថា អគារ​ខ្ពស់ៗ​នៅក្នុង​ខេត្ដ​ព្រះសីហនុ​មាន​ប្រមាណ ១ ពាន់​អគារ​ក្នុង​នោះ​មាន​អគារ​មួយចំនួន​ត្រូវបាន​ផ្អាក​ការសាងសង់​ ដោយសារ​តែ​វិបត្ដិ​កូវីដ​ ១៩​។ សំណង់​អគារ​ទាំងនេះ គឺ​បាន​ដំណើការ​សាងសង់​យ៉ាង​សស្រោកសស្រាំ និង​សកម្ម​នៅត្រឹម​ចុង​ឆ្នាំ​ ២០១៩ មុន​ពេល​កូវីដ​ ១៩ វាយប្រហារ​។ អគារ​ទាំងអស់នេះ គឺជា​អគារ​ដែល​បាន​សាងសង់​ឡើង​ដោយ​វិស័យ​ឯកជន​។ ចំណែក​រដ្ឋបាល​ខេត្ដ គឺ​មាន​តួនាទី​គាំទ្រ និង​សម្របសម្រួល​ផ្នែក​រដ្ឋបាល​ជូន​ម្ចាស់អគារ ទាក់ទង​នឹង​ការសាងសង់ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។

លោក គួច ចំរើន ថ្លែងថា​៖ «​ថ្ងៃ​មុននេះ ខ្ញុំ​ក៏​គិតថា ត្រូវ​រកទីប្រឹក្សា ដែល​គេ​មាន​ជំនាញ ដើម្បី​ឱ្យជួយ​ដោះស្រាយ​។ ខ្ញុំ​ក៏បាន​ចូលរួម​ធ្វើជា​សាក្សី​នៅក្នុង​ការចុះ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ ៤ តាមរយៈ​ការសម្របសម្រួល​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែលមាន​ក្រុមហ៊ុន​មាន​ជំនាញ​មកពី​ប្រទេស​សិង្ហបុរី ធ្លាប់​ឆ្លងកាត់​បទពិសោធ​ដោះស្រាយ​បញ្ហា​ទាំងនេះ​»​។

ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន​អចលនទ្រព្យ​នៅក្នុង​ស្រុក​ចំនួន ៣ ដើម្បី​រួមគ្នា​ធ្វើការ​សម្របសម្រួល​ដោះស្រាយ វិវាទ​ទាំងនេះ ដើម្បី​ធ្វើយ៉ាងណា​ខិតខំ​ឱ្យ​អគារ​ទាំងអស់​នេះ​បាន​ដំណើរការ​ទៅមុខទៀត​។ ទាក់ទង​នឹង​អគារ​ដែល​បាន​ផ្អាក​ដំណើរ​ការសាងសង់​ក្នុង​ខេត្ដ​ព្រះសីហនុ​នេះ​លោក គួច ចំរើន បាន​ឱ្យ​ដឹងថា គឺមាន​ជាប់ទាក់ទង​ជាមួយ​ជម្លោះ​ផ្សេងៗ​ច្រើន​។ លោក​ថា​៖ «​បើ​និយាយ​ឱ្យ​ត្រូវ នៅទីនេះ​ទាក់ទង​នឹង​បញ្ហា​អគារ​នេះ មាន​ច្រើន​បញ្ហា​ដែរ​»​។ បើតាម​លោក គួច ចំរើន ផ្នែក​ឯកជន​ដោយសារ​តែ​ពេលមុន​ការរីករាលដាល​នៃ​កូវីដ​ ១៩ ទីផ្សារ​ជួល​ដីធ្លី និង​អគារ​មាន​តម្លៃ​ខ្ពស់​រហូត​ដល់ ៨០ ដុល្លារ ក្នុង​ ១ ម៉ែត្រការ៉េ​។ ប៉ុន្ដែ​នៅពេល​ដែល​កូវីដ​ ១៩ មកដល់​តម្លៃ​ជួល​បាន​ធ្លាក់​ចុះ​រហូត​ដល់​ដំណាក់កាល​ស្មើនឹង​សូន្យ ដោយសារ​មិនមាន​អ្នកធ្វើ​សកម្មភាព​ពាណិជ្ជកម្ម ហើយ​ភូមិសាស្ដ្រ​ក្រុងព្រះសីហនុ កំពុង​ត្រូវ​បិទខ្ទប់​ដែល​នេះ​ក៏​ជា​បញ្ហា​នាំឱ្យ​មាន​ការផ្អាក​ការសាងសង់​អគារ​មួយចំនួន​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្ដែ​ឥឡូវ​ចាប់ផ្ដើម​រើបៗ​ឡើងវិញ​ហើយ​។ ដូច្នេះ​តើ​ដំណោះស្រាយ​យ៉ាងម៉េច គឺ​ត្រូវ​ផ្អែក​ទៅតាម​ស្ថានការណ៍​នីមួយៗ​។ យើង​មាន​តែ​ការលើក​ទឹកចិត្ដ​ ដើម្បីឱ្យ​វិនិយោគិន​បន្ត​ការរៀបចំ​ជួសជុល​សាងសង់ ដើម្បី​បើក​ដំណើរការ​ឡើងវិញ បើក​ដំណើរការ​បន្តទៀត​»​។

ប៉ុន្មាន​ថ្ងៃមុន មាន​ការស្នើសុំ​ចុះចត​ដោយ​យន្តហោះ​ឯកជន ដោយ​មាន​ថៅកែ​ប៉ុន្មាន​នាក់ ហើយ​លោក​ គួច ចំរើន ​បាន​ផ្ដល់​ភាពអនុគ្រោះ​ឱ្យមក ដើម្បី​បាន​ចាប់ផ្ដើម​គិតគូរ​រៀបចំ​ដំណើរការ​ឡើង​វិញ​។ លោក​ គួច ចំរើន ឱ្យ​ដឹងថា កាលពី​ថ្ងៃទី​ ២៨ វិច្ឆិកា ២០២១ លោក​បាន​ធ្វើជា​អធិបតី សម្ពោធ​បើក​ឱ្យ​ដំណើរការ​នូវ​មជ្ឈមណ្ឌល​កម្សាន្ត​ឆ្នេរសមុទ្រ​មួយ ដែល​មជ្ឈមណ្ឌល​នេះ​គឺជា​លើកដំបូង ដែល​វិស័យ​ឯកជន​ក្នុង​ខេត្ដ​ព្រះសីហនុ​បាន​ចាប់យក​ឱកាស​នេះ​បើក​ដំណើរការ​ឡើង​វិញ ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​បើក​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​។ ​«​ខ្ញុំ​សង្ឃឹមថា ដំណើរការ​បើក​ឡើងវិញ​នឹងមាន​ជា​បន្តបន្ទាប់​»​។

លោក​ឱ្យដឹងថា កាលពី​ពេល​ចុះ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​សិង្ហបុរី​លោក​ក៏​ស្វែងយល់​ពី​ក្រុមហ៊ុន​សិង្ហបុរី​ដែល​មាន​បទពិសោធ​ និង​ធ្លាប់​ដោះស្រាយ​បញ្ហា​តាំងពី​វិបត្ដិ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំ​ ១៩៩៨ និង​វិបត្ដិ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ពិភពលោក​។ លោក​បន្តថា​៖ «​អ៊ីចឹង ខ្ញុំ​ថា​មាន​តែ​ការរៀនសូត្រ​ពី​គាត់ ដើម្បី​បន្ត​ការដោះស្រាយ​ជាក់ស្ដែង​បន្ថែមទៀត តាម​ចំណុច​នៃ​វិវាទ​នីមួយៗ​។ រឿង​វិវាទ​នៅទីនេះ អាច​មាន​ច្រើន​រឿង​ច្រើន​រ៉ាវ​ទាក់ទង​នឹង​បញ្ហា​នេះ ដែល​យើង​ត្រូវការ​រួម​គិត រួម​ដោះស្រាយ​ជា​បន្តទៀត​»​។

កាលពី​ឆ្នាំ​ ២០១៩ សំណង់​ចម្រុះ​ចំនួន ១៤ កន្លែង​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​អាជ្ញាធរ​តម្រូវ​ឱ្យ​រុះរើ​ចេញ​វិញ បន្ទាប់ពី​ក្រុម​ការងារ​បច្ចេកទេស​រកឃើញ​ថា សំណង់​ទាំងនោះ សង់​ឡើង​ដោយ​គ្មាន​គុណភាព ចំណែក​សំណង់​ចំនួន ៧០ ផ្សេងទៀត​ត្រូវ​បាន​ធ្វើ​កោសល្យវិច័យ​ពី​គុណភាព ក្នុង​ចំណោម​សំណង់​ជាង ៥០០ កន្លែង​ដែល​ត្រូវបាន​ចុះ​ត្រួតពិនិត្យ​។

លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​ដែលជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ដ​ព្រះសីហនុ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​ ៦ ធ្នូ​ដោយ​ទូរស័ព្ទ​របស់លោក​គ្មាន​អ្នកទទួល​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ៦ ​ធ្នូ​ថា វិស័យ​សំណង់​ក្នុង​ខេត្ដ​ព្រះសីហនុ គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៧ រហូតដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​នេះ​មាន​សំណង់​សរុប​ចំនួន ១ ៦៦១ គម្រោង សរុប​ទុនវិនិយោគ មាន​ប្រមាណ​ជាង​ ៨ ៤០០ ​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​សំណង់​អគារ​ខ្ពស់​ចាប់ពី ៥ ជាន់ រហូតដល់ ៥៣ ជាន់ គឺមាន​ចំនួន ៦២០ គម្រោង​។

ទាក់ទង​នឹង​សំណង់​ចម្រុះ​ចំនួន ១៤ ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​តម្រូវ​ឱ្យ​រុះរើ​ចេញ​វិញ បន្ទាប់ពី​ក្រុមការងារ​បច្ចេកទេស​រកឃើញ​ថា សំណង់​ទាំងនោះ​សង់​ឡើង​ដោយ​គ្មាន​គុណភាព​។ រហូតដល់​បច្ចុប្បន្ន​មាន​ការដ្ឋាន​ដែល​បញ្ចប់​ការរុះរើ និង​សាងសង់​ឡើងវិញ​ចំនួន​ ៥ ​ការដ្ឋាន​ហើយ​ការដ្ឋាន​សំណង់​ដែល​បញ្ចប់​ការរុះរើ និង​ទុក​ដី​ទំនេរ​មាន​ចំនួន ២ ការដ្ឋាន​។ ការដ្ឋាន​ដែល​បាន​កាត់​ជាន់​តាម​ការណែនាំ​របស់​គណៈកម្មការ​មាន​ ៣ ​ការដ្ឋាន​។ ការដ្ឋាន​ដែល​កំពុង​រុះរើ​មាន ១ ការដ្ឋាន​។ ការដ្ឋាន​ដែល​ស្នើសុំ​កោសល្យវិច័យ​មាន​ ១ ការដ្ឋាន​។ ការដ្ឋាន​ដែល​គ្មាន​សកម្មភាព​រុះរើ​មាន​ចំនួន ២ ការដ្ឋាន​។ បច្ចុប្បន្ន គណៈកម្មការ​កំពុងតែ​ជំរុញ​ទៅលើ​ការងារ​ដែល​នៅ​សេសសល់​៕