ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​លោក ​ស៊ុន ចាន់ថុល ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន​ ៣៨ ខ្សែ ​នៅ​ក្រុង​សៀមរាប ​នា​ថ្ងៃទី ៧ ​ខែធ្នូ ​ដោយ​បានណែនាំ​ក្រុមការងារ​ឱ្យពិនិត្យ​បន្ថែម​លើ​ការងារ​ពាក់​ព័ន្ធ​នឹង​សោភណភាព​នៃ​ផ្លូវ ​ខណៈ​ការចុះ​ពិនិត្យ​នេះ ​មិនមាន​រកឃើញ​ភាពមិន​ប្រក្រតី​នោះ​ទេ។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ ​និង​ដឹកជញ្ចូន ​បានឱ្យដឹង​នៅ​ថ្ងៃទី ៧ ​ធ្នូ​ ថា​ ការចុះ​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​គុណភាព​នៃ​ការសាង​សង់។ ជំរុញ​ឱ្យ​អង្គភាព​សាងសង់ ​អនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស​សៀវភៅ​បន្ទុក​ឱ្យ​បានត្រឹម​ត្រូវ ​និង​ស្តង់ដា ​ដែល​អាចទទួល​យកបាន ​ពោល​គឺ​ធ្វើផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ​ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង ​និង​បញ្ចប់​តាម​ផែនការ​គ្រោង​ទុក។

ទំព័រ​ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖«ក្នុង​ដំណើរ​ចុះពិនិត្យ​ស្ថានភាព​នៃ​ការសាងសង់​នា​ពេលនេះ ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ [ស៊ុន ចាន់ថុល] ​បានអញ្ជើញ​ធ្វើដំណើរ ​ដោយ​ថ្មើរជើង ​ដឹកនាំ​ក្រុមជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ​ចុះពិនិត្យ​បច្ចេកទេស​នៃ​ការអ៊ុត​កៅ​ស៊ូ​បេតុង ​(AC)។ ការដាំ​កូន​រុក្ខជាតិ​លម្អ​សោភណភាព​នៅ​តាម​បណ្ដោយ​ទ្រូង​ផ្លូវ ​ការអ៊ុត​ភ្ជាប់​មុខ​តំណរ​បេតុង​កៅស៊ូ ​គំនូស​សញ្ញា​ចរាចរណ៍ ​គំនូស​ចែក​ទ្រូងផ្លូវ ​រង្វង់​មូល​ព្រះរាជ​ដំណាក់ ​ខឿន​ចិញ្ចើម​ផ្លូវ ​គំនូស​សញ្ញា​ចរាចរណ៍​សម្រាប់​អ្នក​ថ្មើរជើង ​ការដាំស្មៅ ​និង​ផ្កា​លម្អ​សួន ​និង​ការដាំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ផង​ដែរ»។

ជាមួយ​គ្នានេះ ​លោក ​ស៊ុន ចាន់ថុល ​ក៏បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​របស់​អង្គភាព​សាងសង់​ទាំង​អស់​ជិះកង់ ​ឬ​ដើរ​ត្រួត​ពិនិត្យ​គុណភាព​ផ្លូវ​ដែលបាន​អ៊ុត​កៅស៊ូ​រួច ​ដើម្បី​ធានាបាន​នូវ​គុណភាព​រឹងមាំ​ប្រើប្រាស់​ជាប់​បាន​យូរ​អង្វែង។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង។

លោក​ហេង រ័ដ្ឋពិសិដ្ឋ ​អគ្គនាយក​សាធារណការ ​នៃ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ចូន ​ដែលបាន​ចុះក្នុង​បេសក​កម្ម​ត្រួត​ពិនិត្យ​ផ្លូវនេះ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី ៧ ​ធ្នូ ​ថា ​ការចុះ​ត្រួតពិនិត្យ​នេះ ​ក្រុមការងារ ​មិនបាន​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការសាង​សង់​នោះ​ទេ ​ក្រោយពី​ការសាងសង់​បាន​អនុវត្ត​បានត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស។

លោក​ថ្លែងថា​៖«ក្នុង​ពេល​នោះ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​ បានណែនាំ​ការងារ​បន្ថែម​ពាក់ព័ន្ធ​នឹង​សោភណ​ភាព។ ​ការងារ​ដែល​ក្រុមការងារ ​បាន​សម្រេច​បាន​ក្នុង​ពេលនេះ ​គឺ​ប្រមាណ ​៩៥% ​នឹង​បញ្ចប់​តាម​ផែនការ»។

សូម​ជម្រាបថា ​គម្រោង​សាងសង់​ផ្លូវ​ទាំង ៨ ​ខ្សែ​នេះ ​គឺ​មាន​ប្រវែង​សរុប​ ១០៦,៤២៤ ​គីឡូម៉ែត្រ ​ប្រើប្រាស់​ថវិកា​ជាតិ​សរុប​ជាង ​១៤៩ ២១៦ ៥៩៥ ដុល្លារ ​ដោយ​ក្នុងនោះ​ចំនួន ​៩​ លាន​ដុល្លារ​ចំណាយ​លើ​ការងារ​ចាំបាច់​ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង ​និង​ទឹក​កខ្វក់ ​ស្ថិត​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​ ៣៨ ​នេះ។ ចំណាយ​ពេល​សាងសង់​ចំនួន​ ១៣ ​ខែ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ ​២០២១។

លោក​គង់ រតនៈ ​ប្រធាន​វិទ្យា​ស្ថានជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​មិនអាច​ធ្វើការ​វាយ​តម្លៃបាន​ចំពោះ​ដំណើរការ​ទាំង​ស្រុង​នៃ​ការសាងសង់​ផ្លូវ​ទាំង ​៣៨ ខ្សែ​នេះ​ស្ថិត​ក្នុង​កម្រិតណា​នោះ​ទេ។ ប៉ុន្តែ​លោក ​មើលឃើញ​ថា ​ការចុះត្រួត​ពិនិត្យ​របស់​ថ្នាក់​ដឹកនាំ​ទាំង​នេះ ​បង្ហាញ​ពី​ការយក​ចិត្តទុក​ដាក់ ​ក្នុង​ការពង្រឹង​គុណភាព​នៃ​ការសាង​សង់ ​ចៀស​វាង​ការធ្វេស​ប្រហែស ​ជាពិសេស​ការសាងសង់​ដែល​មិន​គោរព​ទៅតាម​ស្តងដា​បច្ចេកទេស​ជាដើម។

លោក​បញ្ជាក់ថា​៖ «សម្រាប់​ខ្ញុំ ​រាល់​ការអភិវឌ្ឍ​ដែល​មាន​ការចូលរួម​លើក​ទឹក​ចិត្ត​និង​គាំទ្រ ​សម្រាប់​ខ្ញុំ​នេះ ​គឺ​ជា​រឿង​ដែល​ប្រសើរ។ ដើម្បី​ផ្តល់​គំរូ​ទាំងនេះ​ទៅដល់​កន្លែង​ផ្សេងៗ​ទៀត​ នៃ​ស្ថាប័ន​សាធារណៈ​ហ្នឹង ​គឺ​សូម​ឱ្យ​គាត់​បង្ហាញ​តម្លាភាព​ តាមរយៈ​ឱ្យ​មាន​ការចូលរួម​នៅ​ក្នុង​ការត្រួត​ពិនិត្យ​សមិទ្ធផល​នានា ​ក៏ដូចជា​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង»។

ក្រៅពី​ចូលរួម​សាទរ ​លោក​គង់ រតនៈ ​ថ្លែងថា ​គម្រោង​នេះ ​វា​នឹង​ផ្តល់​ផល​ដ៏ធំធេង​ដល់​ប្រជាពលរដ្ឋ ​និង​សង្គម​ជាតិ ​ក្នុង​រយៈ​ពេល​វែង​ណា​មួយ។ ដូច្នេះ ​អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ ​ត្រូវតែ​ចូលរួម​រួមគ្នា ​ជាពិសេស​យកចិត្ត​ទុកដាក់​ក្នុង​ការថែទាំ​ និង​គ្រប់គ្រង​ឱ្យបាន​ត្រឹម​ត្រូវ។ ព្រោះ​ក្នុង​ករណី​ដែល​គ្មាន​ការគ្រប់គ្រង​បានត្រឹម​ត្រូវ ​នឹង​បង្ក​ទៅ​គុណវិបត្តិ​ដែល​នាំឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ​និង​ការឆាប់​ខូច​ខាត​ផ្លូវ​ទៅ​វិញ៕