ភ្នំពេញៈ កំណើន​ប្រជាជន ​ការកើន​ឡើង​នូវ​តម្រូវការ​សន្តិសុខ​ទឹក ​ស្បៀងអាហារ ​និង​ថាមពល​ពី​បណ្តា​ប្រទេស​តាម​ដងទន្លេ ​និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​គួប​ផ្សំ​នឹង​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ​កំពុង​ដាក់​សម្ពាធ​មកលើ​ធនធាន ​និង​និរន្តរភាព​ទន្លេ​ ដែល​ទាមទារ​ឱ្យ​ប្រទេស​នៅតាម​ដង​ទន្លេ​ទាំងអស់​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ ​គ្រប់គ្រង ​និង​ការអភិវឌ្ឍ​ ប្រកប​ដោយ​ចីរភាព។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ធនធាន​ទឹក។

រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក ​និង​ឧត្តុនិយម ​លោក​លឹម គានហោ ​បានថ្លែង​បែបនេះ​ កាលពី​ថ្ងៃទី ៧ ​ខែធ្នូ ​តាម​ប្រព័ន្ធ​វីដេអូ​ហ្សូម ​ពេល​ចូល​រួម​ក្នុង​វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​ធនធាន​ទឹក ​ឡាន​ឆាង​-មេគង្គ ​លើក​ទី២ ​ក្រោម​ប្រធានបទ​ «ធ្វើ​ការរួមគ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ និង​ជំរុញ​ការអភិវឌ្ឍរួម»​ ដែល​ប្រព្រឹត្តទៅ​រយៈពេល​ ២ថ្ងៃ ​គឺ​នៅ​ថ្ងៃ​ទី ៧-៨ ​ខែធ្នូនេះ​ តប​តាម​ការអញ្ជើញ​របស់​លោក ​Li Guoying ​រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

លោក​ថ្លែងថា ​សារៈសំខាន់​នៃ​ទន្លេមេគង្គ​-ឡានឆាង ​ដែលផ្តល់​នូវ​ធនធាន​ទឹក ​និង​ធនធាន​ពាក់​ព័ន្ធ​ សម្រាប់​ជួយ​ជំរុញ​ដល់​កិច្ចអភិវឌ្ឍ​សេដ្ឋ​កិច្ច​ ​និង​សង្គម​សម្រាប់​បណ្តា​ប្រទេស​តាម​ដងទន្លេ ​ក៏ដូចជា​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ ​និង​សុខុមាល​ភាព​នៃ​ប្រជាជន​ក្នុង​អាង​ទាំង​មូល។

លោក​សង្កត់ធ្ងន់​ថា​៖ «ដោយសារ​តែ​បញ្ហា​ប្រឈម ​រួម​មាន ​កំណើន​ប្រជាជន ​ការកើន​ឡើង​នូវ​តម្រូវការ​សម្រាប់​សន្តិសុខ​ទឹក​ ស្បៀង​អាហារ ​និង​ថាមពល ​នៅក្នុង​បណ្តា​ប្រទេស​តាម​ដងទន្លេ ​និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​អាង ​គួប​ផ្សំ​នឹង​ផល​ប៉ះពាល់ ​និង​ហានិភ័យ​នៃ​ការប្រែប្រួល​អាកាសធាតុ​ដែល​កើតឡើង​បាននិង​កំពុង​ដាក់​សម្ពាធ​មកលើ​ធនធាន ​និង​និរន្តរភាព​ទន្លេ»។

លោក​បន្តថា​ កត្ដានេះ ​ជាទំនួល​ខុសត្រូវ​រួម​របស់​ប្រទេស​តាមដង​ទន្លេ​ទាំងអស់ ​ដែល​ចាំបាច់​ត្រូវ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​តំបន់​និង​ត្រូវ​ធ្វើការ​រួមគ្នា ​ឆ្ពោះទៅ​សម្រេច​បាន​នូវ​លទ្ធផល​ប្រកប​ដោយ​និរន្តរភាព​នៅក្នុង​បរិបទ​ធានា​បាន​នូវ​សន្តិសុខ​ទឹក​ ដើម្បី​គាំទ្រ​ដល់​ការគ្រប់គ្រង ​និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​ក្នុង​តំបន់​មេគង្គ​-ឡាន​ឆាង។

លោក​លឹម គានហោ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព ​និង​សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេច​បាន​រហូត​មក​ទល់​ពេល​នេះ​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហ​ប្រតិបត្តិការ​ឡានឆាង​-មេគង្គ ​ដោយ​បាន​រួម​ចំណែក​ជួយ​បណ្តា​ប្រទេស​តាម​ដង​ទន្លេ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ប្រកប​ដោយ​ចីរភាព ​និង​បានជួយ​នាំមក​នូវ​វិបុលភាព​ក្នុង​តំបន់​ប្រកប​ដោយ​ផលិតភាព ​និង​លទ្ធផល​ជាក់​ស្តែង ​ក្នុង​នោះ​ក៏រួមទាំង​កិច្ចសហ​ប្រតិបត្តិការ​ធនធាន​ទឹក​ផង​ដែរ។

លោក​បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត ​និង​ការត្រៀម​ខ្លួន​របស់​កម្ពុជា ​ដើម្បី​បន្ត​ធ្វើការ​កាន់​តែ​ជិតស្និទ្ធ​ក្នុង​ស្មារតី​នៃ​ការទទួល​ខុស​ត្រូវ​រួមគ្នា​ឆ្ពោះ​ទៅ​រក​ការសម្រេច​បាន​នូវ​វិបុលភាព​រួមគ្នា ​ជាមួយ​នឹង​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន ​និង​អនាគត​ប្រកប​ដោយ​ចីរភាព​សម្រាប់​ប្រទេស​តាម​ដង​ទន្លេ​នីមួយៗ​ និង​សម្រាប់​តំបន់​ឡាន​ឆាង​-មេគង្គ​ទាំងមូល​រួម​គ្នា។

តាម​រយៈ​កិច្ច​សហ​ប្រតិ​បត្តិការ​ធនធាន​ទឹក ​ឡាន​ឆាង​-មេគង្គ​នេះ​ កាលពី​ថ្ងៃ​ទី ២៥-២៦ ​ខែវិច្ឆិកា ​ឆ្នាំ ​២០២១ ​មន្រ្ដី​របស់​កម្ពុជា​២រូប ​នៃ​ក្រសួង​បរិស្ថាន ​និង​ក្រសួង​រ៉ែ ​និង​ថាមពល ​ក៏បាន​ចូលរួម​កម្មវិធី​ប្រកួត​ប្រជែង​ចិន​ អាស៊ាន ​ ស្តីពី ​សុវត្ថិភាព​ ទំនប់​ទឹក​ (China-ASEAN Science Popularization Contest Focuses on Dam Safety) ​តាម​ប្រព័ន្ធ​វីដេអូ​ហ្សូម​ផង​ដែរ។​

កម្មវិធី​ប្រកួត​ប្រជែង​ស្តីពី​សុវត្ថិភាព​ទំនប់ទឹក​នេះ ​លោក​ ប៊ុន វិចិត្រ ​មន្ត្រី ​នៃ​ក្រសួងរ៉ែ ​និង​ថាមពល ​បានធ្វើ​បទបង្ហាញ​អំពី​ ទំនប់ ​វារីអគ្គីសនី ​សេសាន ​ក្រោម២ ​និង​លោក​ហួ ថានិត ​ មន្ត្រី​នៃ​ក្រសួង​បរិស្ថាន ​បានធ្វើ​បទបង្ហាញ ​អំពី​អត្ថ​ប្រយោជន៍​នៃ​អាង​ត្រពាំង​ថ្ម ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយ​មានជ័យ​ក្នុង​ការការពារ​បរិស្ថាន ​សេដ្ឋកិច្ច​និង​សង្គម។

លោក​ហួ ថានិត ​ថ្លែង​ថា​៖ «តាមរយៈ​កម្មវិធី​នេះ​បានកសាង​ទំនាក់ទំនង ​ និង​សមត្ថភាព​យុវជន​យើង​លើ​ការសិក្សា ​ពីការ​គ្រប់គ្រង ​និង​ការរក្សា​ទឹក​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​និង​ប្រទេស​សមាជិក​អាស៊ាន»៕