ភ្នំពេញៈនគរ​បាល​សណ្តាប់​ធ្នាប់នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៦ ធ្នូបានចុះ​រៀបចំ​សណ្តាប់​ធ្នាប់លើ​ចិញ្ចើម​ផ្លូវ​លេខ ២៧១ ​ដែល​តែង​បង្ក​បញ្ហា​ដល់​ការធ្វើ​ចរាច​រណ៍ចាប់​ពីមុខ​មន្ទីរ​ពេទ្យមិត្ត​ភាព​ខ្មែរ-សូ​វៀត​ដល់​ចំណុច​ខ្លោង​ទ្វារ​វត្ត​សន្សំ​កុសល​ ​ហើយ​​ឃាត់​ម៉ូតូ​អ្នក​ជិះ​បញ្ច្រាសទិស​​បានចំនួន ​១៣​ គ្រឿង​​មក​ផាក​ពិន័យ​ផ​ងដែរ​​។

លោក អេ​ម សម្បត្តិ នាយកា​រិយា​ល័យ​នគរបាល​សណ្តាប់​ធ្នាប់នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី ៧ ​ធ្នូ ថា ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​បង្ក​ឡើងដោយ​អ្នកលក់ដូរ​នៅលើ​ចិញ្ចើម​ផ្លូវ​គឺ​បាន​បង្ក​ការ​រំ​ខាន​យ៉ាង​ខ្លាំង​ដល់​អ្នក​ដំណើរ និង​ធ្វើឱ្យ​បាត់​បង់​សោ​ភណ​ភាព​ទីក្រុង​ទៀត​ផង។

លោក​បាន​បន្តថា ដោយ​សារ​តែ​បញ្ហា​ទាំង​អស់​នេះទើប​លោក​ ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ និងលោក ស ថេត ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​កម្លាំង​នគរបាល​រ​បស់​លោក​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​នៅលើ​កំណាត់​ផ្លូវ​លេខ ​២៧១ ​នេះ។

បើតាម​លោក អេ​ម សម្បត្តិ ការ​រៀបចំ​សណ្តាប់​ធ្នាប់​នៅលើ​ដងផ្លូវលេខ ​២៧១ ​ចាប់ពី​មុខ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត​រហូត​ដល់​ខ្លោង​ទ្វារ​វត្ត​សន្សំ​កុសល​នេះ​គឺ​សមត្ថកិច្ច​របស់​លោក​បាន​ធ្វើ​រាប់​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ដែល​ប្រក​បរបរ​នៅតាម​បណ្តោយ​កំណាត់​ផ្លូវ​នេះ​មិនបាន​ចូលរួម​សហការ​ជា​មួយ​សមត្ថ​កិច្ច​ទេ​ពោលគឺ​នៅតែ​ដាក់​លក់ដូរ​ទំនិញ​លើ​ទ្រូង​ផ្លូវ​បង្កជា​បញ្ហា​ដល់​ការធ្វើ​ចរា​ចរណ៍​ដដែល​។

លោក​ថ្លែង​ថា៖ «ប្រជាជន​យើង​ចូលចិត្ត​តែ​ធ្វើ​អី​ឱ្យ​ក្តៅ ​តែបើ​ធ្វើល្មមៗគឺ​គាត់​មិន​ស្តាប់​យើង​ទេ តែបើ​យើង​ធ្វើ​ក្តៅ​ទៅ​ក៏​មានការ​រិះគន់ថា​យើង​ធ្វើបាប​អ្នក​ក្រីក្រ។អ៊ីចឹង​ការរៀប​ចំ​សណ្តាប់​ធ្នាប់​នេះ​គឺ​ពិបាក​ណាស់​»។

លោក សម្បត្តិ​ បន្តថា ​នៅ​តាម​បណ្តោយ​កំណាត់​ផ្លូវ​ម្តុំ​ខ្លោង​ទ្វារ​វត្ត​សន្សំ​កុសល​ដែល​ពីមុន​មានការ​ដាក់​លក់​គ្មាន​សណ្តាប់ធ្នាប់​​​ពិសេស​អ្នក​ធ្វើ​រទេះ​ដែក​លក់​នោះ ពេលនេះ​មាន​សណ្តាប់​ធ្នាប់​ល្អប្រសើរ​ហើយ ​ដោយ​សារ​អ្នក​លក់​ដូរ​ទំនិញ​ចូល​រួម​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​​។

លោក​បាន​បញ្ជាក់​ថា ក្រោយពី​សមត្ថកិច្ច​​ចុះ​ណែនាំ​ដល់​អ្នក​លក់​ដូរ​ទំនិញ​នៅតាម​បណ្តោយ​ផ្លូវ​លេខ​ ២៧១ ​តាំងពី​ថ្ងៃទី ៦ ធ្នូ មក​ឃើញថា​ ពួកគាត់​បាន​យល់ដឹង​ខ្លះ​ «ប៉ុន្តែ​សមត្ថ​កិច្ច​របស់ខ្ញុំ​នៅតែ​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល​ជាប្រចាំ​ដើម្បី​កែ​ទម្លាប់ និង​ជំរុញ​ឱ្យ​អ្នកលក់ដូរ​លើ​ច​ញ្ចើ​ម​ផ្លូវលេខ ​២៧១ ចេះ​ភ្ញាក់រឭក​​ដោយ​ខ្លួនឯង»។

​ទោះជា​យ៉ាង​ណា លោក​ថា៖«ការកកស្ទះ​ចរាចរណ៍​វា​មិន​ងាយ​មាន​គ្រោះថ្នាក់​ទេ​ តែបើ​ផ្លូវ​ស្ងាត់​គ្មាន​អ្នកជិះ​ច្រើន​គឺ​គ្រោះថ្នាក់​ ព្រោះ​អាង​តែ​ផ្លូវ​ស្ងា​ត់គ្មាន​អី។ ប៉ុន្តែ​បើនៅ​កន្លែង​ចង្អៀត​ដោយសារ​ការលក់​លើ​ចិញ្ចើមផ្លូវ​នេះ​គឺ​អ្នកលក់ដូរ​លើ​ទ្រូងផ្លូវ​ទេ​ ដែល​គ្រោះថ្នាក់​ ព្រោះ​អ្នកបើកបរ​ម៉ូតូ​ឬ​រថយន្ត​គេច​ចុះ​គេច​ឡើង​បុក​តែ​អ្នកលក់​»។

លោក​បញ្ជាក់​ទៀតថា​បញ្ហា​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​គឺជា​ផល​លំបាក​មួយ​ហើយ ប៉ុន្តែ​ការ​ជិះ​ម៉ូតូឬ​រថយន្ត​បញ្ច្រាសទិស​នេះ​គឺ​បាន​បង្កបញ្ហា​មួយទៀត​នៅមុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ​បើទោះជា​សមត្ថកិច្ច​ដាក់​ស្លាក​សញ្ញា​ហាម​មិនឱ្យ​ជិះ​បញ្ច្រាស​ក្តី​ ក៏​អ្នក​ធ្វើដំ​ណើរ​មួយ​ចំនួន​មិន​ព្រម​យក​ចិត្តទុក​ដាក់​ដែរ​។

លោក​ថា ដោយ​សារតែ​ហេតុនេះ​ហើយ​ទើប​នៅ​ថ្ងៃទី ៦ ធ្នូ កន្លង​មកនេះ ​កម្លាំង​សមត្ថកិច្ច​របស់លោក​ឃាត់​បាន​ម៉ូតូ​ចំនួន ​១៣ គ្រឿ​ង​ដែល​ជិះ​បញ្ច្រាស​ទិស​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត ​ហើយ​បានផាក​ពិន័យ​ដល់​ម្ចាស់​ម៉ូតូ​ទាំង​នោះ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​៕