ភ្នំពេញៈ ​គណបក្ស​នានា​បាន​​ប្រកាស​ត្រៀម​លក្ខណសម្បត្តិ​​សម្រាប់​ដាក់​អ្នក​បន្តវេន​បេក្ខភាព​នាយករដ្ឋមន្ត្រី ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​នឹង​អនាគត​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​កាន់អំណាច​​ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ដាក់​លោក ហ៊ុន ម៉ាណែត និង​យុវជន​ផ្សេងទៀត​ជា​អនាគត​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក​។

លោក ឡឹក សុធារ អ្នកនាំពាក្យ​​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GPD) ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៧ ​ខែធ្នូ​ឆ្នាំនេះ​ថា ការប្រកាស​ឈ្មោះ​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​របស់​លោក ហ៊ុន សែន ​គឺជា​រឿង​ល្អ ព្រោះ​មាន​អ្នក​បន្តវេន​មួយ​ច្បាស់លាស់​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​អាច​បញ្ចៀស​ភាពចលាចល ឬ​​អសន្តិសុខ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

លោក​ថា​៖ «​ការដែល​ជ្រើសរើស​ច្បាស់លាស់​នេះ​ជា​យុទ្ធសាស្ត្រ​នយោបាយ​មួយ​ដ៏ឈ្លាសវៃ ប៉ុន្តែ​ជ្រើស​បាន​អ្នកណា​នោះ គឺជា​រឿង​មួយទៀត បើ​ទោះបី​ជា​កូន​ជា​ក្មួយ និង​អ្នកណា​ក៏ដោយ​វា​ជា​កិច្ចការ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​ទាំងស្រុង​»​។

ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ លោក​ថា​​មិនបាន​និយាយ​ដល់​ការដាក់​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​បេសកកម្ម​​របស់​គណបក្ស គឺ​បណ្តុះ​អ្នកដឹកនាំ​ល្អ ហើយ​កន្លងមក​នេះ​​គណបក្ស​បាន​បណ្តុះ​ជំនាន់​ទី​ ២ ​រួចហើយ និង​កំពុង​បន្ត​បណ្តុះ​អ្នក​ជំនាន់​ទី​ ៣ ​ទៀត​។

លោក​ថ្លែងថា​៖ «​ជំនាន់​ទី​ ២ ​យើង​ត្រៀម​ឡើង​កាច់ចង្កូត​រួចហើយ ប្រសិនបើ​ជំនាន់​ទី​ ១ ​របស់​យើង​មាន​បញ្ហា​អ្វីមួយ​នោះ​។

បច្ចុប្បន្ននេះ​គណបក្ស​ក៏​កំពុង​បន្ត​បណ្តុះ​នូវ​អ្នក​ជំនាន់​ទី​ ៣ ​ទៀត​ដែល​អាច​ចូលរួម​ប្រកួតប្រជែង​ជាមួយ​នឹង​ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុង​ស្មារតី​ប្រជាធិបតេយ្យ​សេរីពហុបក្ស​»​។

លោក​បាន​រំពឹងថា អ្នក​ជំនាន់​ទី​ ២ ​របស់​គណបក្ស​នឹង​អាច​មើល​បាន​ឆ្ងាយ​ជាង​អ្នក​ជំនាន់​ទី​ ១ ​ពីព្រោះថា អ្នក​ជំនាន់​ទី​ ២ ​បាន​ឈរលើ​ស្មា​របស់​ជំនាន់​ទី​ ១​។

ពេលនេះ​អ្វីដែល​អ្នកដឹកនាំ​ត្រូវ​​ធ្វើ​បន្ត​គឺ​ត្រូវ​បណ្តុះ​អ្នកដឹកនាំ​​បន្ត និង​អ្នកដឹកនាំ​ល្អ ដើម្បីឱ្យ​គ្រប់​លក្ខខណ្ឌ និង​គុណវុឌ្ឍិ​ដែល​ត្រូវបាន​សរសេរ​យ៉ាងច្បាស់លាស់​នៅក្នុង​លក្ខន្តិកៈ​របស់​គណបក្ស​។

រីឯ​លោក គង់ គាំ ទីប្រឹក្សា​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៧ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​ថា លោក​បាន​សាទរ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បានប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​​របស់​ CPP (​តាម​ការបោះឆ្នោត​) ​ព្រោះ​មិន​គ្រាន់តែ​ស្រប​នឹង​បរិយាកាស​របស់​កម្ពុជា​ទេ​គឺ​វា ស្រប​ផងដែរ​ចំពោះ​និន្នាការ​រួម​របស់​ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភពលោក​។ ​លោក​ថា​៖ «​ដូច​ដឹង​ស្រាប់ អ្នកនយោបាយ​វ័យចាស់​មាន​អរិភាព​ជាមួយគ្នា ហើយ​មិនអាច​មើលមុខ​គ្នា​ចំ និង​មិន​អាចមាន​សាមគ្គី​ទេ​​ ដូច្នេះ​ការបើក​ទំព័រ​ឱ្យ​អ្នក​នយោបាយ​វ័យក្មេង​ហ្នឹង​វា​នឹង​បញ្ចប់​អតីតកាល​ដោយ​ឱ្យ​ក្មេងៗ​ដែល​មាន​ការសិក្សា​ និង​កម្រិតវប្បធម៌ ជ្រៅជ្រះ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ និង​ជឿនលឿន ដឹកនាំ​ប្រទេស​គឺជា​រឿង​ល្អ​»​។

លោក​បន្តថា សម្រាប់​គណបក្ស​ឆន្ទៈ​ខ្មែរ​នឹង​ជ្រើសរើស​លោក គង់ ម៉ូនីកា ដែលជា​មេដឹកនាំ​វ័យក្មេង​របស់​គណបក្ស​​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​​នឹងចូលរួម​ប្រកួតប្រជែង​ក្នុង​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​របស់​កម្ពុជា​ចាប់ពី​អាណត្តិ​ (​ឆ្នាំ​ ២០២៣ ដល់​ឆ្នាំ​ ២០២៨) ដោយ​មិន​រង់ចាំ​ ១០ ​ឆ្នាំ​ទៀត​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការបើក​ទំព័រ​ថ្មី​ជា​ប្រវត្តិសាស្ត្រ និង​ការបើក​ឱកាស​ឱ្យ​អ្នក​នយោបាយ​កម្ពុជា​វ័យក្មេង​ទាំងឡាយ​​ដែលមាន​ប្រវត្តិ​សិក្សា​ក្នុង​ប្រទេស ក្រៅប្រទេស និង​មាន​កម្រិតវប្បធម៌ ចំណេះ​ជំនាញ​ខ្ពស់​ពី​មហា​ប្រទេស​ពី​ប្រទេស​រីកចម្រើន​ជឿនលឿន​នានា​លើ​ពិភពលោក​ពិតជា​ការគិតគូរ​ និង​​សម្លឹង​យ៉ាង​ត្រឹមត្រូវ​ឆ្ពោះ​ការប្រកួតប្រជែង​ខ្លាំងក្លា​លើ​គ្រប់​វិស័យ​មិនអាច​បង្អែបង្អង់​បាន​»​។

ដោយឡែក​លោក ម៉ម សុណង់ដូ ប្រធាន​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ថ្លែងថា ក្នុង​គណបក្ស​លោក​ដូច​មិនឃើញ​អ្នកមាន​សមត្ថភាព និង​គុណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទេ​។ ​ដូច្នេះ​លោក​សម្រេច​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។

លោក​ថា​៖ «​ខ្ញុំ​គ្មាន​សមត្ថភាព​​ក្នុង​ការប្រកួតប្រជែង​ជាមួយ​​ឯកឧត្តម ហ៊ុន ម៉ាណែត ទេ ហើយ​មួយទៀត​ខ្ញុំ​អត់​អាច​រក​អ្នកណា ដែល​មាន​សមត្ថភាព​លើសពី​ឯកឧត្តម​ ហ៊ុន ម៉ាណែត ដែរ​»​។ យ៉ាងណាក្ដី លោក​ថា មិន​ថា​លោក ហ៊ុន ម៉ាណែត ជា​កូន​សម្តេច​ដែល​លោក​ត្រូវ​បោះឆ្នោត​ឱ្យ​នោះទេ ឱ្យតែ​អ្នកណា​មួយ​មានចំណេះ​វិជ្ជា និង​​បទពិសោធ​ដឹកនាំ​គឺ​លោក​បោះឆ្នោត​ឱ្យ​អ្នកនោះ​ហើយ​។

លោក យង់ ពៅ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​​បាន​បង្ហាញ​ការយល់ឃើញ​ថា នេះ​គឺជា​របត់​នយោបាយ​មួយ​ថ្មី​នៅ​កម្ពុជា ប៉ុន្តែ​ប្រសិនបើ​មើល​ក្នុង​ទិដ្ឋភាព​ទូទៅ​វា​ជា​របត់​សាមញ្ញ​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​​ត្រូវតែ​ផ្តល់​ការបន្ត​វេន​ដល់​អ្នកជំនាន់​ក្រោយ​។ ត្រង់ចំណុច​នេះ​​កម្ពុជា​ហាក់ដូច​ដើរ​យឺត​ជាង​ប្រទេស​មួយចំនួន ប៉ុន្តែ​ជា​របត់​ល្អ​សម្រាប់​អ្នកជំនាន់ក្រោយ​។

លោក​បន្តថា ការដាក់​អ្នកបន្តវេន​នេះ ប្រសិន​បើ​មិនមាន​ការរៀបចំ​ទុក​មុន​ទេវា​នឹង​ធ្វើ​​ឱ្យ​របត់​សង្គម​មាន​គ្រោះថ្នាក់​​ដូច្នេះ អ្នកនយោបាយ​ត្រូវតែ​រៀបចំ​ទុក​មុន​នូវ​អ្នក​បន្តវេន​​ហើយក៏​មិនមាន​អ្វី​ខុស​ដែរ​ចំពោះ​ការរៀបចំ​នេះ ពីព្រោះ​លើ​​ពិភពលោក​ក៏​ធ្វើ​ដូច​នេះដែរ​។ ឧទាហរណ៍​នៅ​អាមេរិក​ក៏មាន​រៀបចំ​អ្នកនយោបាយ​បន្តវេន​ដែរ​។

លោក​ថា​៖ «​ក្មេងៗ​ជំនាន់ក្រោយ​មាន​ចំណេះដឹង ក៏ប៉ុន្តែ​​បទពិសោធ​ត្រូវការ​អ្នក​ជំនាន់​មុន​។ ​អ៊ីចឹង​យើង​ត្រូវតែ​មាន​វប្បធម៌​បន្តវេន ទាំង​នយោបាយ​​ ទាំង​បច្ចេកទេស ហើយ​ខ្ញុំ​គាំទ្រ​ឱ្យមាន​បែប​ហ្នឹង ហើយ​អ្នកជំនាន់​ក្រោយ​នេះ​បាន​សិក្សា​ស៊ីជម្រៅ និង​ការយល់ដឹង​ក្នុង​សង្គម​ប្រជាធិបតេយ្យ​បាន​ច្រើន​ជាង​អ្នក​ជំនាន់​មុន​ដែល​ធ្វើ​នយោបាយ​តាម​លក្ខណៈ​តស៊ូ​»៕