ភ្នំពេញៈ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ​ប្រចាំ​កម្ពុជា​នឹង​ផ្តល់​បទសម្ភាស​រួមគ្នា​មួយ​ដល់​អ្នកកាសែត​នា​ថ្ងៃទី​ ៩ ខែធ្នូ ឆ្នាំ​ ២០២១ ដើម្បី​ធ្វើការ​ផ្តល់នូវ​ព័ត៌មាន​ពី​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ឈ្មោះ អូមីក្រុង (Omicron) ដែល​ត្រូវបាន​ WHO ​រាយការណ៍​ពី​ការរកឃើញ​វីរុស​បំប្លែង​ថ្មី​នេះ​នៅ​បណ្តា​ប្រទេស​មួយចំនួន​រួចហើយ​នៅលើ​សកលលោក​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​នា​ថ្ងៃទី​ ៧ ខែធ្នូ​ឱ្យដឹងថា ក្រសួង​នឹង​រៀបចំ​ផ្តល់​បទសម្ភាស​រួមគ្នា​មួយ​រវាង​លោកស្រី ឱវណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​។ ក្រសួង​បាន​បញ្ជាក់ថា៖ «​ក្រសួង​រៀបចំ​បទសម្ភាស​រួមគ្នា​នេះ​ឡើង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​វីរុស​​កូវីដ​ ១៩ បំប្លែង​ថ្មី អូមីក្រុង​»​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ធ្វើការ​អំពាវនាវ និង​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​សាជាថ្មី​អំពី​វិធី​ការពារ​ដែល​ក្រសួង​បាន​ដាក់​ចេញ និង​វិធានការ​របស់​រាជរដ្ឋាភិបាល​ ៣ ​កុំ​ ៣ ​ការពារ​ឱ្យបាន​ហ្មត់ចត់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩ រួមទាំង​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ និង​សង្គម​ចាំបាច់​នានា​ដូចជា ការពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ លាង​សម្អាត​ដៃ​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ ១,៥ ម៉ែត្រ​ឡើង​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃទី​ ៦ ធ្នូ ដោយ​លោក​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​រួមគ្នា​ប្រឆាំង​នឹង​មេរោគ​កូវីដ-១៩​ឱ្យបាន​ដើម្បី​កុំឱ្យ​មាន​ការប្រមាថ​ពី​ប្រទេស​ផ្សេង​។

លោក​មានប្រសាសន៍​ថា​៖ «​យើង​ត្រូវ​ប្រឹង​ទាំងអស់​គ្នា កុំឱ្យ​កូវីដ​ងើប​ឡើងវិញ កុំឱ្យ​អ្នកណា​មើលងាយ​យើង​បាន​។ ប្រឹងប្រែង​ព្យាបាល​ប្រជាជន ការពារ​ប្រជាជន​យើង​កុំឱ្យ​ឆ្លង មិនថា​តែ​កូវីដ​ទេ តែ​ជំងឺ​ដទៃទៀត​ដែរ​។ ត្រូវ​ពង្រឹង​វិស័យ​សុខាភិបាល​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ការពារ​សុខភាព​ប្រជាជន​»​។

អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ចុងខែ​វិច្ឆិកា​ថា «​អូមីក្រុង​» ជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​គួរឱ្យ​ព្រួយបារម្ភ សម្រាប់​ការឆ្លើយតប​ជា​សកល ចំពោះ​ការរីករាលដាល​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។ អូមីក្រុង អាច​បំប្លែង​ខ្លួន​ជា​វីរុស​ចំនួន​ច្រើន ហើយ​ការបំប្លែង​ខ្លួន​មួយចំនួន​នៅក្នុង​ចំណោម​នោះ បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​។

WHO បាន​បញ្ជាក់ថា ភ័ស្តុតាង​បឋម​បង្ហាញថា វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​បង្ក​ឱ្យ​មាន​ហានិភ័យ​ខ្ពស់ជាង​វីរុស​បំប្លែង​ថ្មី​ដែល​គួរឱ្យ​ព្រួយបារម្ភ​ដទៃទៀត នៅក្នុង​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​ឡើងវិញ​។ អូមីក្រុង ក៏ត្រូវ​បាន​គេ​រកឃើញ​ក្នុង​អត្រា​ឆ្លង​លឿន​ជាង​អត្រា​នៃ​ការកើនឡើង​ជា​គំហុក​នៃ​ការឆ្លង​នានា​កន្លងមក ដែល​នេះ​បង្ហាញថា វីរុស​បំប្លែង​ខ្លួន​ថ្មី​មួយ​នេះ អាច​ឆ្លង​ដល់​មនុស្ស​បាន​យ៉ាង​ងាយស្រួល ហើយ​ធ្វើឱ្យ​វា​ជា​វីរុស​ដែល​ងាយ​ឆ្លង​ជាង​វីរុស​បំប្លែង​ខ្លួន​ថ្មី​មុន​។

អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា​បាន​បន្តថា​៖ «​យើង​មិនដឹង​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ចំពោះ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​ទេ​។ អ្នកស្រាវជ្រាវ កំពុង​ពិនិត្យមើល​ឥទ្ធិពល​របស់​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​ទៅ​លើ​វ៉ាក់សាំង និង​ឧបករណ៍​ផ្សេងៗ​ទៀត​»​។ ជាមួយ​គ្នា​នេះ​ «​អ្នកវិទ្យាសាស្ត្រ ក៏​កំពុង​ធ្វើការ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ថា​តើ​ការបំប្លែង​ខ្លួន និង​ផលប៉ះពាល់​នឹងមាន​ប៉ុនណា ដោយសារ​លទ្ធភាព​ចម្លង​របស់​វីរុស​ថ្មី​នេះ ថា​តើ​វា​ខ្លាំង​ហើយ​ឆាប់​រាលដាល​កម្រិតណា​»៕