ភ្នំពេញៈ អង្គការ​អន្តរជាតិ​នានា​ និង​តំណាង​ក្រសួង​អប់រំ​បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត ក្រោម​ប្រធានបទ​ «​ស្ម័គ្រចិត្ត​ឥឡូវនេះ ដើម្បី​អនាគត​រួម​របស់​ពួកយើង​» ដើម្បី​ជំរុញ​ឱ្យ​យុវជន​បាន​កសាង​ទំនាក់ទំនង​កាន់តែ​រឹងមាំ ជាមួយ​មិត្តភក្តិ លោកគ្រូ​អ្នកគ្រូ សហគមន៍​ និង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​ការងារ​ស្ម័គ្រចិត្ត​នេះ​ក៏បាន​ធ្វើឱ្យ​យុវជន​ជឿជាក់​លើ​ខ្លួនឯង​ផងដែរ​។ យោងតាម​លោក Robert Gillen តំណាង​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា ផ្នែក​យុទ្ធសាស្ត្រ គុណភាព​កម្មវិធី និង​អភិវឌ្ឍ​ធនធាន​។

លោក Robert Gillen បាន​ថ្លែងថា ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត ក្រោម​ប្រធានបទ​ «​ស្ម័គ្រចិត្ត​ឥឡូវនេះ ដើម្បី​អនាគត​រួម​របស់​ពួកយើង​» បាន​រៀបចំ​ឡើង​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក អង្គការ​វីអេសអូ​កម្ពុជា គណៈកម្មាធិការ​សហប្រតិបត្តិការ​ ដើម្បី​កម្ពុជា ភ្នាក់ងារ​ភីសខ័រ​សហរដ្ឋអាមេរិក និង​អង្គការ​ឌីវីវី​អន្តរជាតិ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​នាយកដ្ឋាន​គ្រប់គ្រង​មជ្ឈមណ្ឌល​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អនុវត្ត​កម្មវិធី​ «​ការស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ​» ​នៅ​ ២៥ ​រាជធានី​ខេត្ត​ដោយមាន​យុវជន​ស្ម័គ្រចិត្ត​ចំនួន​ ៣៥៥ ​នាក់​ចូលរួម​។

ថ្ងៃទី​ ៥ ខែធ្នូ ជា​រៀងរាល់​ឆ្នាំ​ត្រូវ​បាន​មហាសន្និបាត​អង្គការ​សហប្រជាតិ​កំណត់​យក​ជា​ទិវា «​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត​»​។

លោក Robert Gillen បានលើកឡើង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ទស្សនៈ​ពិភពលោក​នៅ​ថ្ងៃទី​ ៧ ​ខែធ្នូ ថា​៖ «​តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​យុវជន​បាន​កសាង​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​មិត្តភក្តិ លោកគ្រូ​អ្នកគ្រូ​របស់​ពួកគេ សហគមន៍ និង ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​»​។

លោក​បន្ថែមថា​៖ «​ការងារ​ស្ម័គ្រចិត្ត​ធ្វើឱ្យ​យុវជន​ជឿជាក់​លើ​ខ្លួនឯង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជំនាញ​ដោះស្រាយ​បញ្ហា​តាមរយៈ​បទពិសោធ​អនុវត្ត​គម្រោង​ដែល​ពួកគាត់​បាន​ដឹកនាំ​។ ​ការងារ​ស្ម័គ្រចិត្ត​ក៏​រួមចំណែក​ធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​សម្រាប់​សហគមន៍​ផងដែរ​ពោលគឺ​តាមរយៈ​កម្មវិធី​ដែល​ដឹកនាំ​ដោយ​យុវជន​»​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​ក្នុង​ទិវា​នោះដែរ​ថា​ជា​រៀងរាល់ថ្ងៃ​អ្នកស្ម័គ្រចិត្ត​ជា​យុវជន​រាប់ពាន់នាក់​កំពុង​ធ្វើការងារ​ស្ម័គ្រចិត្ត​ ដើម្បី​រួមចំណែក​ដល់​សន្តិភាព និង​ការអភិវឌ្ឍ​ក៏ដូចជា ធ្វើការ​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។

លោក​ថ្លែងថា​៖ «​ដោយ​បង្កើន​ភាពស្អិតល្មួត និង​សាមគ្គី​ក្នុង​រង្វង់​សង្គមជាតិ ការស្ម័គ្រចិត្ត​ពិតជា​បាន​កសាង​ធនធាន​សង្គម ពីព្រោះ​ការងារ​ស្ម័គ្រចិត្ត​បានប្រែក្លាយ​ពី​សកម្មភាព​បុគ្គល​ឱ្យទៅជា​សកម្មភាព​ប្រមូលផ្តុំ​ដែលជា​ការតម្រង់ទិស​ឆ្ពោះ​ទៅ​បញ្ចប់​ទុក្ខលំបាក​របស់​សង្គម​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ការស្ម័គ្រចិត្ត​ធ្វើឱ្យ​សង្គម​ប្រមូលផ្តុំ​ជា​ធ្លុង​មួយ ដើម្បី​រួមគ្នា​អភិវឌ្ឍ​សហគមន៍ និង​ថែមទាំង​ផ្តល់​ជា​មធ្យោបាយ​សម្រាប់​ឱ្យ​ប្រជាជន បង្ហាញ​ពី​តម្លៃ​របស់​ពួកគាត់ និង​បញ្ជាក់​សាជាថ្មី​ថា ពួកគាត់​មាន​ចំណែក​ដ៏មាន​សារៈសំខាន់​សម្រាប់​សង្គម​។

លោក ហង់ជួន ណារ៉ុន បាន​បញ្ជាក់ថា​៖ «​ការស្ម័គ្រចិត្ត​អាច​កសាង​តម្លៃ​ខ្លួនឯង និង​មាន​អារម្មណ៍​ថា​មាន​មោទនភាព​ពិតប្រាកដ​សម្រាប់​រួមចំណែក​បង្កើត​ពិភពលោក​មួយ​ដ៏ល្អប្រសើរ​»​។

លោកស្រី ហ៊ុន បូរមី តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​ និង​ថៃ​នៃ​អង្គការ​វីអេសអូ (VSO) ក៏បាន​លើកឡើង​ដែរ​ថា​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​គាំទ្រ និង​ចូលរួម​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​។

លោកស្រី​ថា​៖ «​អ្នកស្ម័គ្រចិត្ត​ និង​សហគមន៍​មូលដ្ឋាន​ត្រូវ​បានផ្តល់​សិទ្ធិអំណាច និង​ធ្វើការ​រួមគ្នា​ក្នុង​ការដឹកនាំ​គម្រោង​របស់​ពួកគេ​ដែល​គម្រោង​ទាំងនោះ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​ក៏ដូចជា​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។

យោងតាម​លោកស្រី​ ហ៊ុន បូរមី បាន​ឱ្យ​ដឹងថា អង្គការ​វីអេសអូ​កម្ពុជា​ជឿជាក់ថា​ការស្ម័គ្រចិត្ត​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវមាន​សារៈសំខាន់​ចំពោះ​ដំណើរការ​អភិវឌ្ឍន៍​សហគមន៍ និង​សង្គមជាតិ​ឆ្ពោះទៅ​បង្កើត​នូវ​សង្គម​មួយ​ដែល​ប្រកបដោយ​បរិយាប័ន្ន​ភាពធន់ និង​សុខ​សុវតិ្ថភាព​។

លោកស្រី​បាន​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ៣ ​ទសវត្សរ៍​មកនេះ​អ្នកស្ម័គ្រចិត្ត​ប្រមាណ​ជាង​ ១ ​ពាន់​នាក់​បានរួម​ចំណែក​ធ្វើឱ្យ​ការងារ​របស់​អង្គការ​ទទួល​បាន​ជោគជ័យ​។

អ្នកធ្វើការ​ស្ម័គ្រចិត្ត​អង្គការ​​វីអេសអូ​កម្ពុជា​កញ្ញា ទុស ភក្តី បាន​ប្រាប់ថា ការងារ​ស្ម័គ្រចិត្ត​បាន​ធ្វើឱ្យ​កញ្ញា និង​អ្នក​ស្ម័គ្រចិត្ត​ដទៃទៀត​យល់​ពី​ខ្លួនឯង​កាន់តែ​ច្បាស់​ដោយសារ​តែ​ការងារ​នេះ​បាន​ធ្វើឱ្យ​កញ្ញា​ទទួលបាន​ចំណេះដឹង​ជំនាញ​ និង​យល់​ពី​គោលបំណង​ទៅ​អនាគត​របស់ខ្លួន​។ ការងារ​ស្ម័គ្រចិត្ត​ក៏បាន​ធ្វើឱ្យ​កញ្ញា​ក្លាយជា​ភ្នាក់ងារ​មួយ​ក្នុង​ការដោះស្រាយ​បញ្ហា​សង្គម​ផងដែរ​។

កញ្ញា​ថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ដល់​រដ្ឋាភិបាល​កម្ពុជា ម្ចាស់ជំនួយ​វិស័យ​ឯកជន​ និង​សង្គម​ស៊ីវិល​បន្ត​ទទួលស្គាល់​វិនិយោគ​ធ្វើការ​ជា​ដៃគូ​ជាមួយ​និង​គាំទ្រ​អ្នកស្ម័គ្រចិត្ត​គ្រប់លំដាប់​ថ្នាក់​ដើម្បីឱ្យ​ពួកគាត់​អាច​បញ្ចេញ​សក្តានុពល និង​ធ្វើ​សកម្មភាព​ស្ម័គ្រចិត្ត​គំនិត​ផ្តួចផ្តើម​ និង​គម្រោង​សហគមន៍​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សហគមន៍ និង​គាំទ្រ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​»៕