The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សត្វស្វា​ ១៨ ​ក្បាល​ដែល​រំខាន​ និង​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​នៅ​តំបន់​វត្តភ្នំ ​ត្រូវបាន​ចាប់​យកទៅ​ភ្នំ​តាម៉ៅ

សត្វស្វា​ ១៨ ​ក្បាល​ដែល​រំខាន​ និង​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​នៅ​តំបន់​វត្តភ្នំ ​ត្រូវបាន​ចាប់​យកទៅ​ភ្នំ​តាម៉ៅ

Content image - Phnom Penh Post
សត្វស្វា​នៅ​តំបន់​វត្តភ្នំ ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​។ រូបថត FB

សត្វស្វា​ ១៨ ​ក្បាល​ដែល​រំខាន​ និង​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​នៅ​តំបន់​វត្តភ្នំ ​ត្រូវបាន​ចាប់​យកទៅ​ភ្នំ​តាម៉ៅ

ភ្នំពេញៈ ស្វា​កាចៗ​ចំនួន​ ១៨ ​ក្បាល ដែល​អុកឡុក​ និង​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ព្រំប្រទល់​រវាង​សង្កាត់​ស្រះចក និង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ នាពេល​កន្លងមក ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ ចាប់យក​ទៅកាន់​ភ្នំ​តាម៉ៅ កាលពី​រសៀល​ថ្ងៃទី​ ៦ ធ្នូ​។ នេះ​បើតាម​លោក​ គាំ សីហា នាយ​ខណ្ឌ-រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​។

លោក​ គាំ សីហា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លងមកនេះ ចំនួន​សត្វស្វា​នៅ​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ​មាន​ការកើនឡើង​ជា​បន្តបន្ទាប់ ធ្វើឱ្យ​ព្រៃឈើ​ក្នុង​តំបន់​រមណីយដ្ឋាន​នេះ​ផ្ដល់​ផ្លែផ្កា​មិន​គ្រប់​សម្រាប់​ជា​ចំណី​របស់​វា​។ ដោយសារ​កង្វះ​ចំណីអាហារ សត្វ​ស្វា​មួយ​ចំនួន ពិសេស​ស្វា​ធំៗ​ដែលមាន​វ័យ​ត្រូវ​បន្ត​ពូជ បាន​ដើរ​បង្ក​ការអុកឡុក នៅតាម​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​វត្តភ្នំ​នេះ​។ ពេលខ្លះ​បាន​លួច​វាយប្រហារ​លើ​កុមារ​តូចៗ ដើម្បី​ដណ្ដើមយក ចំណីអាហារ​មក​ស៊ី​។

លោក​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃ​ម្សិលមិញ​ [​ទី​ ៦ ​ធ្នូ​] ក្រុមការងារ​យើង​ដែលមាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ​នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ចុះបង្ក្រាប​ចាប់​ពួកវា​ [​ស្វា​ធំៗ​ និង​កាចៗ​] ដោយ​ប្រើ​ថ្នាំ​សណ្ដំ និង​សំណាញ់​បាញ់ ត្រង​ចាប់បាន​ ១៨ ​ក្បាល បញ្ជូន​យក​ទៅ​កាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ជាទី​ដែល​មាន​ព្រៃឈើ​ច្រើន​ប្រភេទ​សម្រាប់​ជា​ចំណី​របស់​ពួកវា​ស៊ី​ និង​រស់នៅ​។ ប៉ុន្តែ​ត្រូវធ្វើ​ចត្តាឡីស័ក​ជាមុនសិន ដើម្បី​ប្រាកដ​ថា​ពួកវា​គ្មាន​ជំងឺឆ្លង​ទើប​ដោះលែង​ចូលទៅ​ក្នុងព្រៃ​»​។

បើតាម​លោក​ សីហា សត្វស្វា​ធំៗ ដែល​ច្រើន​ទៅ​បង្ក​ការអុកឡុក​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ​នោះ ភាគច្រើន​ជា​ស្វា ដែល​ធ្លាប់​ត្រូវបាន​អ្នកភូមិ អាណិត​ស្រឡាញ់​និង​ផ្ដល់​ចំណីអាហារ​ឱ្យ​ពួកវា​ស៊ី កាលពី​ពួកវា​នៅ​តូចៗ​។ លុះដល់​វា​ធំ​ឡើង មិនឃើញ​ឱ្យ​ចំណី​អាហារ​ពួកវា​ស៊ី​ទៀត ពួកវា​ក៏បង្ក​ការរំខាន​ចូល​មក​លួច​ផ្លែឈើ នំចំណី ត្រី សាច់ រហូត​ដល់​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ ដែល​អ្នកភូមិ​មិន​ប្រយ័ត្ន ដាក់​ក្បែរ​បង្អួច​ចំហ ឬ​នៅ​យ៉​ខាងមុខផ្ទះ​ជាដើម​។

ទោះយ៉ាងណា លោក​បាន​អំពាវនាវ​ពលរដ្ឋ កុំ​វាយប្រហារ​ពួកវា ឬ​ដាក់​អង្គប់ ដាក់​អន្ទាក់ ចាប់​ពួកវា ដោយ​គ្មាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​ជំនាញ​នោះទេ​។ ត្រូវ​រាយការណ៍​ដល់​សមត្ថកិច្ច​ជំនាញ នៅពេល​ឃើញ​ពួកវា​មក​បង្ក​ការអុកឡុក រំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​។

លោក​ សីហា បន្តថា នៅ​ថ្ងៃទី​​ ៧ ខែធ្នូ ក្រុមការងារ​របស់លោក​នៅតែ​បន្ត​ប្រតិបត្តិការ​ចុះ​ពិនិត្យ និង​បង្ក្រាប​ចាប់​សត្វស្វា​កាចៗ ក្នុង​តំបន់​វត្តភ្នំ​នេះ​ផងដែរ ដើម្បី ការពារ​ដល់​សុវត្ថិភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​។ សត្វស្វា​ធំៗ​កាចៗ​ទាំងនោះ ភាគច្រើន​មិន​រស់​នៅលើ​ដើមឈើ​នោះទេ គឺ​វា​រស់​នៅលើ​ពិតាន​នៃ​ដំបូល​អគារ​ចាស់ៗ ភាគ​ខាងត្បូង​នៃ​មន្ទីរពេទ្យ​ព្រះកេតុមាលា ដែល​ពិបាក​ក្នុងការ​បង្ក្រាប​ចាប់​វា​។

ការចុះ​អន្តរាគមន៍​បង្ក្រាប​ចាប់​សត្វស្វា​ធំៗ កាចៗ របស់​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ នាពេលនេះ ត្រូវ​បាន​ទទួល​ការស្វាគមន៍ និង​គាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ស្រះចក និង​សង្កាត់​វត្តភ្នំ​នៃ​ខណ្ឌដូនពេញ​។

លោក​ ប្រាក់ សុផាត អាយុ​ ៤២ ​ឆ្នាំ​មាន​លំនៅ​ភូមិ​ ១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គាត់​ និង​អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​ចិត្ត​បន្តិច ក្រោយពេល​ឃើញ​ក្រុមមន្ត្រី​ជំនាញ​ចុះបង្ក្រាប​ចាប់​សត្វ​ស្វា​ «​ទំនើង​» ​ទាំងនោះ​ចេញពី​តំបន់​រស់នៅ​របស់គាត់​។

លោក​ សុផាត បាន​និយាយថា​៖ «​ខ្ញុំ​ត្រេកអរ​ពេល​ឃើញ​មន្ត្រី​ជំនាញ​គេ​មក​ចាប់​ពួកវា​ [​សត្វ​ស្វា​] ​យក​ទៅ ព្រោះ​ពួកវា​មួយចំនួន​មាន​ចរិត​កាចសាហាវ​ហ៊ាន​ចូល​លួច​ផ្លែឈើ ត្រី សាច់ និង​ខោអាវ ដែល​យើង​ដាក់​ហាល​នៅ​យ៉​ខាងមុខផ្ទះ ហើយ​ពេល​យើង​យក​ឈើ​ទៅ​ [​ជន្ល​] ​វាយ​វា វា​លោត​ស្ទុះ​មករក​ខាំ​យើង​វិញ​។ វា​មិន​ខ្លាច​យើង​ទេ​»​។

ចំណែក​អ្នកស្រី​ ទេព ផល្លី អាយុ​ ៥៦ ​ឆ្នាំ​មាន​លំនៅ​ភូមិ​ ១០ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ក៏បាន​រៀបរាប់​ស្រដៀងគ្នា​នេះដែរ​ថា កូនចៅ​គាត់​មួយចំនួន​ធ្លាប់​ត្រូវ​ស្វា​ទាំងនោះ​ខាំ​ដណ្ដើម​យកនំបុ័ង​សាច់ និង​ចេកទុំ ហើយ​ពួកស្វា​ទាំងនោះ គាត់​ធ្លាប់​ឱ្យ​ផ្លែឈើ​ដល់​ពួកវា​ស៊ី កាលពី​នៅ​តូចៗ​។

អ្នកស្រី​និយាយថា​៖ «​សត្វស្វា​តូចៗ គឺ​ស្លូតបូត​គួរឱ្យ​ស្រឡាញ់​។ ប៉ុន្តែ​នៅពេល​ពួកវា​ធំ បែរជា​កាច​សាហាវ ហ៊ាន ខាំ ក្រញៅ​យើង ដែល​ធ្លាប់​ឱ្យ​នំចំណី​ និង​ផ្លែឈើ​ដល់​ពួកវា​ស៊ី កាលពី​ពួកវា​នៅ​តូចៗ​។ កូនចៅ​ខ្ញុំ​ ២ ​នាក់​ធ្លាប់​ត្រូវ​វា​ខ្វាច​ក្រញៅ និង​ដេញ​ខាំ​ឱ្យ​រងរបួស​ថែម​ទៀតផង​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍