The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកជំនាញ​បន្ត​ពិភាក្សា វិសោធនកម្ម​ច្បាប់​ដែល​នឹង​ផ្ទេរ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ




អ្នកជំនាញ​បន្ត​ពិភាក្សា វិសោធនកម្ម​ច្បាប់​ដែល​នឹង​ផ្ទេរ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ

Content image - Phnom Penh Post
លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​។ រូបថត ក្រសួង​មហាផ្ទៃ

អ្នកជំនាញ​បន្ត​ពិភាក្សា វិសោធនកម្ម​ច្បាប់​ដែល​នឹង​ផ្ទេរ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ

ភ្នំពេញៈ ក្រុម​អ្នកជំនាញ ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ព្រៃឈើ ជលផល និង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ កំពុង​បន្ត​ធ្វើការ​ពិភាក្សា ត្រង់ចំណុច​ស្តីពី​ការផ្ទេរ​មុខងារ ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ក្រសួង​ទៅ​ថ្នាក់​ក្រោមជាតិ ខណៈ​ដែល​បញ្ហា​ស្មុគស្មាញ​ផ្សេងៗ​ទៀត បាន​ស្រុះស្រួល​គ្នា​អស់ហើយ​។ នេះ​បើតាម​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ​។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​មហាផ្ទៃ​ថ្លែង​នៅ​ថ្ងៃទី ៦ ​ធ្នូ​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន ៣ ដែល​រួមមាន ច្បាប់​ស្តីពី ព្រៃឈើ ច្បាប់​ស្តីពី​ជលផល និង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ បាន​ស្រុះស្រួល​គ្នាច្រើន​ហើយ ប៉ុន្តែ​នៅមាន​បញ្ហា​មួយ​ដែល​កំពុង​បន្ត​ជជែក​គ្នា នោះ​គឺ​ជម្រើស​ក្នុង​ការផ្ទេរ​មុខងារ​ក្នុង​ការគ្រប់គ្រង ថែរក្សា​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ពី​ថ្នាក់​ក្រសួង​ទៅ​ថ្នាក់ក្រោម​ជាតិ​។

លោក​ថា ការផ្ទេរ​មុខងារ​ត្រូវ​ភ្ជាប់​ជាមួយ​រចនាសម្ព័ន្ធ ភ្ជាប់​ទាំង​តួនាទី និង​មន្ត្រី ហេតុនេះ ក្រសួង​ពាក់ព័ន្ធ​ត្រូវ​យល់​គ្នា​អំពី​ជម្រើស​នេះ ដើម្បី​ឱ្យ​ការអនុវត្ត​មាន​ភាពរលូន​ជាមួយគ្នា​។ ចំណុច​នេះ​ត្រូវតែមាន​ការសិក្សា​ឱ្យបាន​ច្បាស់លាស់​ព្រោះ​ពាក់ព័ន្ធ​នឹង​ធនធាន​ធម្មជាតិ និង​និរន្តរភាព​នៃ​កិច្ចការ​ថែរក្សា​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​នៅសល់​តែមួយ​ហ្នឹង​ទេ ចំណែក​ធ្វើ​គោលនយោបាយ​ព្រៃឈើ​បាន​ឯកភាពគ្នា​ហើយ គឺ​ច្បាប់​ហ្នឹង​ធ្វើ​គ្របដណ្តប់​ព្រៃឈើ​ទាំងអស់ ទាំង​ព្រៃឈើ​ដែល​គ្រប់គ្រង​ដោយ​បរិស្ថាន​ទាំង​ព្រៃឈើ​ដែល​គ្រប់​គ្រង់​ដោយ​កសិកម្ម​ក្តី ព្រោះ​ពីមុនមក​ច្បាប់​ហ្នឹង ផ្តល់​តែ​លើ​ព្រៃ​ដែល​គ្រប់គ្រង​ដោយ​ផ្នែក​កសិកម្ម​»​។

បើតាម​លោក សក់ សេដ្ឋា ច្បាប់​នេះ​មាន​រចនាសម្ព័ន្ធ​ច្រើន​ជំពូក និង​បាន​សរសេរ​រួចរាល់​ច្រើន​ជំពូក​ហើយ ប៉ុន្តែ​នៅសល់​ជំពូក​ចំនួន​ ២ ដែល​ចែង​ពី​រចនាសម្ព័ន្ធ និង​តួនាទី និង​ជំពូក​ដែល​ចែង​ពី​ទោសប្បញ្ញត្តិ​នៅ​មិនទាន់​ស្រុះស្រួល​គ្នា​។ យ៉ាងណា​លោក​បញ្ជាក់ថា ចំពោះ​ទោសប្បញ្ញត្តិ​មិនមាន​បញ្ហា​ចោទ​ច្រើន​ទេ ព្រោះ​អាច​រំឭក​ឡើងវិញ​នូវ​ច្បាប់​ទាំង​ ៣ ដែលមាន​ស្រាប់​ឱ្យ​ស៊ីគ្នា​ជាមួយ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ​។

ទោះយ៉ាងណា​លោក សក់ សេដ្ឋា មិន​បាន​ប្រាប់​ឱ្យដឹងថា សេចក្តី​ព្រាងច្បាប់​ទាំងនេះ​នឹង​ត្រូវ​បញ្ចប់​នៅពេលណា​នោះទេ​។

លោក ប៉ែន បុណ្ណារ៍ មន្ត្រី​ជាន់ខ្ពស់ សមាគម​អាដហុក​ថ្លែង​នៅ​ថ្ងៃទី​ ៦ ធ្នូ​ថា ច្បាប់​នៅក្នុង​ការធ្វើ​វិសោធនកម្ម​នោះ​គឺមាន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​មិនទាន់​បែងចែក​តួនាទី​បាន​ច្បាស់លាស់​។ ការដាក់​ទោសទណ្ឌ ការកំណត់​តួនាទី​របស់​ស្ថាប័ន​នីមួយៗ​របស់​មន្ត្រី​យុត្តិធម៌ គឺ​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ​ច្បាប់​មាន​ប្រសិទ្ធភាព​។ ច្បាប់​មាន​ប្រសិទ្ធភាព​ទៅបាន​លុះត្រាតែ​អ្នក​ល្មើស​ត្រូវ​បាន​ទទួលទោស​ទៅតាម​ច្បាប់​នោះ​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​អ្នកណា​ធ្វើ​ខុស​ធ្វើ​ត្រូវ​យ៉ាងម៉េច គឺថា​ដូចជា​បង្កើត​បាន​ជា​ប្រព័ន្ធ​មួយ​ការពារ​គ្នា អនុវត្ត​បាន​តែ​លើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ ហើយ​បើ​អ្នកធំ​បាន​មួយៗ​អ៊ីចឹងទៅ​។ អ៊ីចឹង​វា​ធ្វើឱ្យ​ភាពអនាធិបតេយ្យ​នៃ​ការកាប់បំផ្លាញ​ធនធាន​ព្រៃឈើ លុប​បឹង ដណ្តើម​ដី​គេ កើតឡើង​យ៉ាង​អនាធិបតេយ្យ​»​។ បើតាម​លោក បុណ្ណារ៍ ការធ្វើ​វិសោធនកម្ម​ច្បាប់​មិនមាន​ប្រសិទ្ធភាព​នោះទេ​ បើសិន​ជា​គ្រប់គ្នា​មិន​ទទួល​ខុសត្រូវ​ក្នុង​ការអនុវត្ត ហើយ​មាន​ការយោគយល់​គ្នា និង​ធ្វើឡើង​បានតែ​ចំពោះ​អ្នក​​ទន់ខ្សោយ​នោះ ទោះបី​ធ្វើ​វិសោធនកម្ម ១០០ ​ដង​ទៀត ក៏​នៅតែ​មិនអាច​ការពារ​ធនធាន​ធម្មជាតិ​បានដែរ​។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ.ជ.អ.ប) លោក ង៉ាន់ ចំរើន ថ្លែង​នៅ​ថ្ងៃទី​ ៦ ខែធ្នូ​ថា ការតម្រូវ​ឱ្យធ្វើ​វិសោធនកម្ម​ច្បាប់​នោះ ដោយសារ​តែ​ច្បាប់​បានផ្តល់​សិទ្ធិអំណាច​ផ្តាច់មុខ​ទៅ​ឱ្យតែ​ក្រសួង​ថ្នាក់ជាតិ ទាំង​ករណី​បង្ក្រាប និង​ករណី​រៀបចំ​បណ្តឹង​ទៅ​តុលាការ ហេតុនេះ​ទើប​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​បាន​ងាយស្រួល មិន​ប្រាសចាក​ពី​ទិដ្ឋភាព​ច្បាប់ និង​ដើម្បី​កុំឱ្យ​សិទ្ធិអំណាច​តែ​លើ​រដ្ឋបាល​ព្រៃឈើ​ផ្តាច់មុខ ឬ​រដ្ឋបាល​ជលផល​ផ្តាច់មុខ ហើយ​គួរតែ​មាន​ការចូលរួម​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ដទៃទៀត​ជាពិសេស​បែងចែង​អំណាច​ទៅឱ្យ​ថ្នាក់ក្រោម​ជាតិ​ជួយ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។

លោក​ថ្លែងថា​៖ «​ឱ្យ​ថ្នាក់ក្រោម​ជាតិ​លោក​ជួយ​មើល កុំឱ្យ​ផ្តាច់​មុខតែ​ក្រសួងកសិកម្ម​អ៊ីចឹង អ្នកណា​ឃើញ​ករណី​ចុះបង្ក្រាប​ភ្លាម​ហើយ​រៀបចំ​បណ្តឹង​ទៅ​តុលាការ​ខ្លួនឯង ជា​អ្នករៀបចំ​ម្ចាស់​បណ្តឹង​មិនបាច់​ផ្ទេរ​អាហ្នឹង​ទៅ​រដ្ឋបាល​ជលផល ព្រៃឈើ​ជា​អ្នករៀបចំ​នីតិវិធី​ដាក់​បណ្តឹង​ទៅ​តុលាការ​ទេ តែ​កន្លងមក​ច្បាប់​យើង​វា​អ៊ីចឹង ទើប​យើង​ត្រូវ​កែ​ឡើងវិញ​»៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។