ភ្នំពេញៈ ​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ទាំងអស់​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​សកល ដើម្បី​ការគាំពារ និង​អភិវឌ្ឍ​កុមារ​តូច ប្រកប​ដោយ​ជោគជ័យ​។

លោក ហង់ជួន ណារ៉ុន បាន​ថ្លែង​បែបនេះ​ក្នុង​ពេល​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​សកល​ សម្រាប់​កុមារ​តូច (The Global Partnership Strategy (GPS) for Early Childhood) កាលពី​ថ្ងៃទី​ ៦ ធ្នូ​តាម​ប្រព័ន្ធ​វីដេអូ​។

លោក​រដ្ឋមន្ត្រី លើកឡើង​ថា កម្ពុជា​បាន​ប្តេជ្ញាចិត្ត​អនុវត្ត​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​សកល ដើម្បី​ការគាំពារ និង​អភិវឌ្ឍ​កុមារ​តូច​ប្រកប​ដោយ​ជោគជ័យ និង​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ទាំងអស់ ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​សកល ដើម្បី​ការគាំពារ និង​អភិវឌ្ឍ​កុមារ​តូច​ប្រកប​ដោយ​ជោគជ័យ​។ លោក​បន្តថា​៖ «​ប្រទេស​ទាំងអស់ គួរតែ​បន្ត​សហការ​គ្នា​ក្នុង​ការចែករំលែក​បទពិសោធ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ ដើម្បី​កុមារ​ទាំងអស់​ទូទាំង​ពិភពលោក​»​។

បើតាម​ក្រសួង​អប់រំ យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​សកល​សម្រាប់​កុមារ​តូច ជា​គំនិត​ផ្តួចផ្តើម​ដែល​បង្កើតឡើង​ដោយ​អង្គការ​យូណេស្កូ និង​ដៃគូ​សហការ ដើម្បី​ឆ្លើយតប​ទៅនឹង​ការខ្វះខាត​សេវា​បម្រើ​ដល់​សេចក្ដី​ត្រូវការ​របស់​កុមារ​តូច រួមមាន​ការអប់រំ​នៅ​មត្តេយ្យ​សិក្សា សុខភាព អាហារូបត្ថម្ភ អនាម័យ និង​ការការពារ​កុមារ​ទូទាំង​ពិភពលោក​។ ក្រសួង​បាន​ឱ្យ​ដឹងថា បេសកកម្ម​នេះ ស្របតាម​របៀបវារៈ​ឆ្នាំ​ ២០៣០ ជាគោលការណ៍​ស្នូល​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ដែល​ត្រូវ​ធានា​បាន​ថា កុមារ​ទាំងអស់​មាន​លទ្ធភាព​ទទួលបាន​ការថែទាំ និង​ការអប់រំ​មត្តេយ្យ​សិក្សា​ប្រកបដោយ​គុណភាព​ ដើម្បី​ឱ្យ​ពួកគេ​អាច​ត្រៀមខ្លួន​សម្រាប់​សាលាបឋមសិក្សា​។

អង្គការ UNESCO បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស​ដៃគូ សម្រាប់​ការចូលរួម​ក្នុង​កិច្ចសន្ទនា ប្រកប​ដោយ​ភាពច្នៃប្រឌិត ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​សកល​សម្រាប់​កុមារ​តូច ក៏ដូចជា​រដ្ឋ​សមាជិក​ទាំងអស់​សម្រាប់​ការប្តេជ្ញាចិត្ត​ចំពោះ​សិទ្ធិ​ទទួលបាន​ការអប់រំរ​បស់​កុមារ​តូច​នេះ​។

UNESCO បង្ហាញថា អង្គការ​សុខភាព​ពិភពលោក (WHO) បានកំណត់​អត្តសញ្ញាណ​ជំងឺ​រាតត្បាត កូវីដ​ ១៩ ​នៅ​អំឡុង​ខែមីនា ឆ្នាំ​ ២០២០ ហើយ​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២១ ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម ត្រូវបាន​គេ​រាយការណ៍​ថា បាន​កាត់បន្ថយ​ថវិកា សម្រាប់​ការអប់រំ​សាធារណៈ​របស់​ពួកគេ (Education Finance Watch Report, 2021)​។

ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ការសម្រេច​បាន​នូវ​លទ្ធភាព​ទទួល​បាន​សេវា​កុមារ​តូច ប្រកប​ដោយ​គុណភាព​នៅ​មុន​ការរាតត្បាត​នៃ​ជំងឺ​រាតត្បាត​ក៏ដោយ ក៏​ការរកឃើញ​នេះ​បង្ហាញ​យ៉ាងច្បាស់​ពី​របៀប​ដែល​ជំងឺ​រាតត្បាត​គំរាមកំហែង​ដល់​ការលុបបំបាត់​ការទទួល​បាន​ជយលាភី​ដ៏លំបាក ដែល​សម្រេច​បាន​រួចហើយ​សម្រាប់​កុមារ និង​គ្រួសារ ហើយ​អាច​បន្ត​មាន​ផលប៉ះពាល់​អវិជ្ជមាន​ខ្លាំង​លើ​ការអភិវឌ្ឍ​កុមារ ការសិក្សា​កម្រិត​មូលដ្ឋាន សុខុមាលភាព​គ្រួសារ និង​ផ្នែក​ផ្សេងទៀត​នៃ​ការផ្ដល់សេវា​របស់​កុមារ​តូច​។

បើតាម​អង្គការ UNESCO យុទ្ធសាស្ត្រ GPS សម្រាប់​កុមារ​តូច​ត្រូវ​បាន​បង្កើតឡើង ដើម្បី​ទប់ទល់​នឹង​និន្នាការ​អវិជ្ជមាន​លើ​ការអប់រំ​កុមារ-តូច និង​ដើម្បី​យកឈ្នះ​លើ​ការកាត់បន្ថយ និង​ការបិទ​សេវាកម្ម​សម្រាប់​សុខភាព អាហារូបត្ថម្ភ អនាម័យ និង​ការការពារ​កុមារ​នៅក្នុង​គ្រប់​តំបន់​លើ​ពិភពលោក​៕