សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (The Association of Southeast Asian Nations) ដែល​ហៅ​កាត់​ថា​ «​អាស៊ាន​» (ASEAN) ផ្ដោត​សំខាន់​លើ​សសរស្ដម្ភ​សហគមន៍ ៣ គឺ សសរស្ដម្ភ​សហគមន៍​នយោបាយ-សន្តិសុខ សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ច និង​សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​។ សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​គឺជា​សសរស្ដម្ភ​​ទី​ ៣ ដែល​ទើបតែ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០១៥ និង​ក្នុង​គោលបំណង​សម្រេច​ឱ្យបាន​នូវ​សក្ដានុពល​ពេញលេញ​នៃ​ប្រជាជាតិ​អាស៊ាន​។ ខ្លឹមសារ​អត្ថបទ​ប្រចាំ​ខែធ្នូ ឆ្នាំ​ ២០២១ នេះ ផ្ដោតលើ​ការដឹកនាំ​សសរស្ដម្ភ​ទី​ ៣ «​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​កម្ពុជា​» ដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​តំណាង​ជាតិ​សហគមន៍​សង្គម​វប្បធម៌ ដោយ​រំលេច​ឡើង​នូវ​ការពិនិត្យ​ឡើងវិញ​ពាក់កណ្ដាល​អាណត្តិ​នៃ​ការអនុវត្ត​ផែនការ​មេ​របស់​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​ឆ្នាំ​ ២០២៥ មូលបទ​ប្រធាន​អាស៊ាន​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២២ និង​ចំណុច​អាទិភាព និង​កិច្ចប្រជុំ​សំខាន់ៗ​សម្រាប់​សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​កម្ពុជា​ក្នុង​ឆ្នាំ ​២០២២​។

សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​ធ្វើការ​ជំរុញ​ដើម្បី​ឆ្ពោះទៅរក (១) សហគមន៍​ដែល​មាន​ការប្ដេជ្ញាចិត្ត ការចូលរួម និង​ការទទួល​ខុសត្រូវ​ក្នុងសង្គម​ដើម្បី​ផលប្រយោជន៍​ប្រជាជន​អាស៊ាន (២) សហគមន៍​ប្រកបដោយ​បរិយាប័ន្ន​ដែល​លើកកម្ពស់​គុណភាព​ជីវិត ការទទួល​បាន​ឱកាស​ប្រកប​ដោយ​សមធម៌ និង​ការលើកកម្ពស់​ និង​ការការពារ​សិទ្ធិមនុស្ស (៣) សហគមន៍​ប្រកបដោយ​និរន្តរភាព​ដែល​លើកកម្ពស់​ការអភិវឌ្ឍ​សង្គម និង​ការការពារ​បរិស្ថាន (៤) សហគមន៍​ដែល​មាន​ភាពធន់ រួមជាមួយ​ការពង្រឹងសមត្ថភាព និង​លទ្ធភាព ដើម្បី​សម្រប​ខ្លួន​ និង​ឆ្លើយតប​ទៅនឹង​ភាពងាយ​រងគ្រោះ​នៃ​សង្គម​ និង​សេដ្ឋកិច្ច គ្រោះមហន្តរាយ ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ប្រឈម​ថ្មី​ផ្សេងៗ​ទៀត និង (៥) សហគមន៍​ប្រកប​ដោយ​ភាពស្វាហាប់​ និង​សុខដុមរមនា ដែលមាន​ការយល់ដឹង​ និង​មាន​មោទនភាព​ចំពោះ​អត្តសញ្ញាណ វប្បធម៌ និង​បេតិកភណ្ឌ​របស់ខ្លួន​។ ដើម្បី​សម្រេចបាន​គោលបំណង​ទាំងនេះ ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ១០ ខិតខំ​បង្កើត​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​រួមមាន វប្បធម៌​ និង​សិល្បៈ ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ អប់រំ យុវជន កីឡា សុខុមាលភាព​សង្គម​និង​ការអភិវឌ្ឍ យេនឌ័រ សិទ្ធ​ស្ត្រី និង​កុមារ ការអភិវឌ្ឍ​ជនបទ និង​ការលុបបំបាត់​ភាពក្រីក្រ ការងារ មុខងារសាធារណៈ បរិស្ថាន ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ជំនួយ​មនុស្សធម៌ និង​សុខាភិបាល​។

សម្រាប់​ប្រទេស​កម្ពុជា សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​កម្ពុជា​ត្រូវបាន​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត-សភាចារ្យ ហង់ជួន ណារ៉ុន ដែលជា​តំណាង​ជាតិ​សម្រាប់​ក្រុមប្រឹក្សា​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការចូលរួម​ពី​សំណាក់ ១១ ក្រសួង-ស្ថាប័ន​ដែល​ទទួលបន្ទុក​លើ​ ១៥ ​វិស័យ​គឺ (១) គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (២) ក្រសួង​កិច្ចការនារី (៣) ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា (៤) ក្រសួងបរិស្ថាន (៥) ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ (៦) ក្រសួង​មុខងារសាធារណៈ (៧) ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ (៨) ក្រសួង​អប់រំ យុវជន និង​កីឡា (៩) ក្រសួង សុខាភិបាល (១០) ក្រសួង​ព័ត៌មាន និង (១១) ក្រសួង​អភិវឌ្ឍន៍ជនបទ​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។

នៅក្នុង​ឆ្នាំ​ ២០២០ ក្រសួង​អប់រំ យុវជន កីឡា បាន​ដឹកនាំ​ដំណើរការ​នៃ​ការពិនិត្យ​ឡើងវិញ​ពាក់កណ្ដាល​អាណត្តិ​នៃ​ការអនុវត្ត​ផែនការមេ​របស់​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​ឆ្នាំ​ ២០២៥ (Mid-Term Review of the ASEAN Socio-Cultural Community Blueprint 2025) ដោយ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​គួរឱ្យកត់សម្គាល់​។ ក្រុមការងារ​ពិនិត្យឡើងវិញ​ពាក់កណ្ដាល​អាណត្តិ​ត្រូវបាន​បង្កើតឡើង និង​បានចាប់ផ្ដើម​ការងារ​របស់​ខ្លួន​ក្នុង​ខែមេសា ឆ្នាំ​ ២០២០ ដោយ​ត្រូវ​សិក្សា​លើស​មាសភាព​ ៥ រួមមាន​៖ (១) ធាតុ​នៃ​សកម្មភាព (២) ប្រសិទ្ធភាព​នៃ​ការអនុវត្ត (៣) យន្តការ​ស្ថាប័ន (៤) មធ្យោបាយ​ក្នុង​ការអនុវត្ត និង (៥) ប្រភពធនធាន​។

ការសិក្សា​ទៅលើ​សមាសភាព​ទាំង​ ៥ នេះ គឺ​ដើម្បី​ពិនិត្យមើល​លទ្ធផល​នៃ​គោលបំណង​ទាំង​ ៥ របស់​ផែនការមេ​របស់​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន (ASCC Blueprint) ដែលមាន​ដូចជា​៖ (១) ការចូលរួម​ និង​ផលប្រយោជន៍​ប្រជាជន (Engage and Benefit the People) (២) បរិយាប័ន្ន (Inclusive) (៣) និរន្តរភាព (Sustainable) (៤) ភាពធន (Resilient) និង (៥) ​ឌីណាមិក (Dynamics)​។ ក្រុមការងារ​នេះ​បាន​ប្រើ​វិធីសាស្ត្រ​ចម្រុះ តាមរយៈ​ការសម្ភាស​តាម​កម្រង​សំណួរ​បែប​បរិមាណ​វិស័យ​ និង​ការសម្ភាស​ជា​យុទ្ធសាស្ត្រ​បែប​គុណវិស័យ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពាក់ព័ន្ធ ការពិភាក្សា​ជាមួយ​ក្រុមមនុស្ស ករណី​សិក្សា ការសិក្សា​ពី​ភាពជោគជ័យ​របស់​បុគ្គល​សំខាន់ៗ​មួយចំនួន និង​ការសិក្សា​ទៅលើ​ឯកសារ​ពាក់ព័ន្ធ​។ ក្រុមការងារ​ក៏បាន​ចូលរួម នៅក្នុង​កិច្ចប្រជុំ​សម្របសម្រួល​ចំនួន​ ២ ​លើក ស្ដីពី​ផែនការ​ប្រមូល​ទិន្នន័យ​ដែល​រៀបចំ​ឡើង​ដោយ​លេខាធិការដ្ឋាន​អាស៊ាន​។ បន្ទាប់ពី​ប្រមូល​ទិន្នន័យ​បាន​គ្រប់គ្រាន់ ក្រុមការងារ​វិភាគ​ និង​សរសេរ​របាយការណ៍​បាន​ចាប់ផ្ដើម​សរសេរ ដោយបាន​បញ្ចប់​របាយ​ការណ៍​ចុងក្រោយ​នៅ​ដើមខែ​កញ្ញា ឆ្នាំ​ ២០២០​។ ជា​លទ្ធផល ការពិនិត្យ​ឡើងវិញ​ពាក់កណ្ដាល​អាណត្តិ​នេះ​បានបង្ហាញ​ឱ្យឃើញ​ថា កម្ពុជា​ស្ថិតនៅលើ​ផ្លូវត្រូវ​ក្នុង​ការអនុវត្ត​ផែនការមេ​របស់​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​ឆ្នាំ​ ២០២៥ និង​ឈានទៅរក​ការសម្រេច​បាន​ដោយ​ជោគជ័យ​នូវ​ផែនការ​មេនេះ​ក្នុង​ឆ្នាំ​ ២០២៥​។

នៅក្នុង​ឆ្នាំ​ ២០២២ ខាងមុខនេះ កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​ផ្លាស់​វេន និង​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង​លើក​ទី​ ៤១​។ សូម​រំឭក​ផងដែរ​ថា ចាប់តាំងពី​ពេលដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ​ ១៩៩៩ មក នេះ​ជា​លើក​ទី​ ៣ ​ហើយ​សម្រាប់​កម្ពុជា​ក្នុង​ការធ្វើជា​ប្រធាន​ផ្លាស់​វេន និង​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដោយ​លើក​ទី​ ១ ក្នុង​ឆ្នាំ​ ២០០២ និង​លើក​ទី​ ២ ក្នុង​ឆ្នាំ​ ២០១២​។

នៅ​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ​ ២០២១ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជា​ផ្លូវការ​នូវ​ «​ញញួរ​ប្រធាន​អាស៊ាន​» (​និមិត្តរូប​នៃ​ភាពជា​ប្រធាន​អាស៊ាន​) សម្រាប់​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២ ពី​ប្រទេស​ប្រុយណេដារូសាឡឹម ដែលជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២១​។ សូម​គូសបញ្ជាក់​ផងដែរ​ថា កម្ពុជា​នឹង​ចាប់ផ្ដើម​ការងារ​ជា​ប្រធាន​អាស៊ាន​របស់ខ្លួន​ចាប់ពី​ខែមករា ឆ្នាំ​ ២០២២ តទៅ​។ សម្រាប់​ការធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២​នេះ កម្ពុជា​កំណត់​យក​មូលបទ​ «​អាស៊ាន​រួមគ្នា​ធ្វើ៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​» ដែលមាន​គោលបំណង​ជំរុញ​ឱ្យ​សមាជិក​អាស៊ាន​មាន​ឆន្ទៈ​បើកទូលាយ ស្មោះត្រង់ គ្មាន​ការបែងចែក​ និង​រើសអើង​គ្នា និង​តម្កល់​ផលប្រយោជន៍​រួម​ជាធំ សំដៅ​បន្ត​ជំរុញ ដំណើរការ​កសាង​សហគមន៍​អាស៊ាន​ដែល​ប្រជាជន​ទាំងអស់​រួមរស់​ជាមួយ​គ្នា​ប្រកប​ដោយ​ភាពសុខដុម ក្នុង​សន្តិភាព សន្តិសុខ និង​វិបុលភាព​។

ឈរលើ​មូលដ្ឋាន​នេះ សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​អន្តរ​វិស័យ​សមាជិក​ទាំងអស់ និង​បានសម្រេច​កំណត់​យក​ចំណុច​អាទិភាព​ចំនួន ៤ រួមមាន​៖ (១) លើកកម្ពស់​តម្លៃ ការយល់ដឹង និង​អត្តសញ្ញាណ​អាស៊ាន​តាមរយៈ​ការអប់រំ យុវជន កីឡា និង​វប្បធម៌ (២) លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​តួនាទី​ស្ត្រី​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង (៣) លើកកម្ពស់​សុខភាព សុខុមាលភាព និង​កិច្ច​គាំពារ​សង្គម​ដល់​ប្រជាជន​អាស៊ាន សំដៅ​កសាង​សហគមន៍​អាស៊ាន និង (៤) ពង្រឹងសមត្ថភាព​ស្ថាប័ន និង​ប្រសិទ្ធភាព​របស់​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​។

ជាមួយ​គ្នា​នេះដែរ ក្រសួង​អប់រំ យុវជន និង​កីឡា លើកឡើង​នូវ​គំនិត​ផ្ដួចផ្ដើម​ចំនួន​ ៣ សម្រាប់​វិស័យ​អប់រំ យុវជន និង​កីឡា ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន​អនុម័ត ដូចជា​៖ (១) សេចក្ដីថ្លែងការណ៍​ឆ្នាំ​ ២០២២ ជា​ឆ្នាំ​យុវជន​អាស៊ាន (Year of ASEAN Youth 2022) (២) ការបង្កើត​តំបន់​កីឡា និង​កម្សាន្ត​អាស៊ាន និង (៣) ផែនការ​សកម្មភាព​ថ្នាក់​តំបន់​សម្រាប់​ការលើកកម្ពស់​កីឡា និង​ល្បែង​ប្រពៃណី​។ វិស័យ​ផ្សេងៗ​ទៀត​ដែល​ស្ថិតនៅក្រោម​ឆត្រ​សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌ ក៏បាន​លើកឡើង​នូវ​សកម្មភាព​គាំទ្រ និង​គំនិត​ផ្ដួចផ្ដើម​រៀងៗ​ខ្លួន​ផងដែរ​។

ស្ថិតក្នុង​មូលដ្ឋាន​នៃ​ការធ្វើ​ជា​ប្រធាន​អាស៊ាន នៅក្នុង​ឆ្នាំ​ ២០២២ នេះដែរ សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​កម្ពុជា​នឹងត្រូវ​ដឹកនាំ និង​ចូលរួម​រៀបចំ កិច្ចប្រជុំ​ធំៗ​មួយ ចំនួន​ទាំង​នៅក្នុង​ និង​ឆ្លង​សសរស្ដម្ភ ពោលគឺ​៖ (១) កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន (SOCA Retreat) ស្ដីពី​សកម្មភាព​គាំទ្រ និង​ចំណុច​អាទិភាព​សម្រាប់​ឆ្នាំ​ ២០២២ របស់​សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌ (២) សន្និសីទ សម្របសម្រួល​អាស៊ាន​លើក​ទី​ ១៦ សម្រាប់​សសរស្តម្ភ​សហគមន៍​សង្គម-វប្បធម៌ (16th Coordinating Coference on the ASCC) (៣) កិច្ចប្រជុំ​លើក​ទី​ ៥ នៃ​ក្រុមការងារ​អាស៊ាន​លើ​​សេចក្តី​ថ្លែងការណ៍​ស្តីពី​វប្បធម៌​នៃ​ការការពារ​ ដើម្បី​សង្គម​មួយ​ដែលមាន​វិបុលភាព បរិយាប័ន្ន ភាពធន់ សុខុមាលភាព និង​ភាពសុខុដុមរមនា​ (5th Meeting of ASEAN Working Group on the Declaration on Culture of Prevention for a Peaceful, Inclusive, Resilient, Healthy and Harmonious Society) (៤) កិច្ចប្រជុំ​ឧត្តមមន្ត្រី​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​លើក​ទី​ ៣២ (32nd SOCA Meeting) (៥) កិច្ចប្រជុំ​​ក្រុមប្រឹក្សា​សសរស្តម្ភ​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​លើក​ទី​ ២៧ (27th ASCC Council Meeting) (៦) កិច្ចប្រជុំ​ឧត្តមមន្ត្រី សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​លើក​ទី​ ៣៣ (33rd SOCA Meeting) និង (៧) កិច្ចប្រជុំ​ក្រុមប្រឹក្សា​សសរស្តរម្ភ​សហគមន៍​វប្បធម៌​អាស៊ាន​លើក​ទី​ ២៨ (28th ASCC Council Meeting) ។ ស្ថិតក្នុង​ភាពមិន​ច្បាស់លាស់​វិបត្តិ​សុខាភិបាល​ជា​សកល​ដែល​បណ្ដាល​មកពី​ជំងឺ​កូវីដ​ ១៩ កាល បរិច្ឆេទ និង​ទីកន្លែង​ជាក់លាក់​នៃ​កិច្ចប្រជុំ​សំខាន់ៗ​ខាងលើ​នឹង​មាន​ភាពបទបែន​ដោយ​ស្រប​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​។

ក្រសួង​អប់រំ យុវជន និង​កីឡា ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​ការដឹកនាំ និង​សម្របសម្រួល​ជាមួយ​ស្ថាប័ន​អន្តរ​វិស័យ​ទាំងអស់​ដែល​ស្ថិតក្រោម​សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​កម្ពុជា​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​ថ្នាក់​តំបន់ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​សម្រេចបាន​ដោយ​ជោគជ័យ​នូវ​ការអនុវត្ត​ផែនការមេ​របស់​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​ឆ្នាំ​ ២០២៥ និង​ចំណុច​អាទិភាព​ដែល​បានដាក់​ចេញ​សម្រាប់​សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​កម្ពុជា​ទាំង​នៅក្នុង​ពេល និង​ក្រោយពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​៕