The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នគរបាល​កំពុង​ស៊ើបអង្កេត ករណី​បាញ់សម្លាប់​បុរស​ចិន​ម្នាក់​នៅ​ក្រុងព្រះសីហនុ




នគរបាល​កំពុង​ស៊ើបអង្កេត ករណី​បាញ់សម្លាប់​បុរស​ចិន​ម្នាក់​នៅ​ក្រុងព្រះសីហនុ

Content image - Phnom Penh Post
នគរបាល​ពិនិត្យ​ករណី​បាញ់សម្លាប់​បុរស​ជនជាតិ​ចិន​។ រូបថត ប៉ូលិស

នគរបាល​កំពុង​ស៊ើបអង្កេត ករណី​បាញ់សម្លាប់​បុរស​ចិន​ម្នាក់​នៅ​ក្រុងព្រះសីហនុ

ព្រះសីហនុៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​ ៧ ​ធ្នូ កំពុង​បន្តធ្វើ​ការស៊ើបអង្កេត​ជុំវិញ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​បុរស​ជនជាតិ​ចិន​ម្នាក់ នៅក្នុង​ផ្ទះល្វែង​មួយ​នៃ​បុរី ប៊្លូស្កាយ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ កាលពី​ថ្ងៃទី​ ៤ ធ្នូ ឆ្នាំ ២០២១​។

លោក ណុប បញ្ញា ស្នងការរង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ៧ ធ្នូ ថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ JIKE MUNAI ភេទ​ប្រុស អាយុ ២១ ​ឆ្នាំ​។ ជនរងគ្រោះ​ជួល​ផ្ទះ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​បុរី​ប៊្លូស្កាយ​ក្នុងភូមិ​៥ សង្កាត់​លេខ​ ៤​។ លោក​ថ្លែងថា​៖ «​ករណីនេះ សមត្ថកិច្ច​របស់​យើង​កំពុង​បើកការ​ស៊ើបអង្កេត​យ៉ាងសកម្ម​។ ការងារ​នេះ​ដឹកនាំ​ស្រាវជ្រាវ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ ជួន ណារិន្ទ​»​។

ទោះយ៉ាងណា​លោក​ ណុប បញ្ញា មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​ដំណើររឿង​នៃ​អំពើ​ឃាតកម្ម​នេះ​ទេ​។ តែបើ​តាម​មន្ត្រី​នគរបាល​ក្រុងព្រះសីហនុ ១ ​រូប ស្នើ​មិនឱ្យ​បញ្ចេញ​ឈ្មោះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៧ ​ធ្នូ​ថា កាលពី​វេលា​ម៉ោងជាង​ ៣ ​រសៀល ថ្ងៃទី​ ៤ ធ្នូ ឆ្នាំ​ ២០២១ មាន​ប្រជាពលរដ្ឋ​ម្នាក់ បានឃើញ​ទ្វារផ្ទះ​ជនរងគ្រោះ​ចំហ ហើយ​បាន​អើតមើល​ក៏ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់ នៅលើ​ឥដ្ឋ​នៅក្បែរ​សាឡុង​មួយ​។ គ្រានោះ​ពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​សង្កាត់​លេខ​ ៤​។

ក្រោយពី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព ដោយ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​គ្រូពេទ្យ​មក បាន​បង្ហាញ​លទ្ធផល​ថា ជនរងគ្រោះ​ត្រូវបាន​ជនដៃដល់​ប្រើ​កាំភ្លើងខ្លី​បាញ់​ត្រូវ​ក្បាលជង្គង់​ទាំងសងខាង និង​ភ្លៅ ដែល​សរុប​ ៣ ​គ្រាប់​។ ស្របពេលនោះ សមត្ថកិច្ច​ជំនាញ​ក៏​បាន​រកឃើញ​សម្បក​គ្រាប់​បាញ់​រួច​ចំនួន​ ១ នៅក្បែរ​សាកសព​ផងដែរ​។

ប្រភព​ដដែល​បន្តថា​៖ «​ករណីនេះ​សមត្ថកិច្ច​ជំនាញ នៅ​មិនទាន់​កំណត់​បាន​ថា ជា​គំនុំ​ ឬ​ជា​រឿង​អ្វីមួយ​ឱ្យ​ច្បាស់​នៅឡើយ​ទេ​ព្រោះ​មិនទាន់​ចាប់​ជនដៃដល់​បាន​។ តែបើ​គ្មាន​ទំនាស់ ជនល្មើស​ក៏​មិន​សម្លាប់​ជនរងគ្រោះ​ដែរ​»​។ មន្ត្រីនគរបាល​បញ្ជាក់​ថា បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួចមក សមត្ថកិច្ច​បាន​យក​សាកសព​ទៅ​បន្ទប់​រក្សា​សព នៅ​មន្ទីរពេទ្យបង្អែក​ក្រុងព្រះសីហនុ ដើម្បី​រង់ចាំ​គ្រួសារ​សព​មក​ទទួលយក​៕

អត្ថបទគួរចាប់អារម្មណ៍