កំពង់ស្ពឺៈ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ នៅ​ថ្ងៃទី ៨ ធ្នូ​ កំពុង​បន្ត​ធ្វើការ​សាកសួរ​ជន​ប្រុស ​ស្រី​ចំនួន ២២ នាក់ បន្ទាប់​ពី​ត្រូវ​នគរបាល​ ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៦ ធ្នូ នៅ​ភូមិ​ពញា​អោ​ង ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ពាក់ព័ន្ធ​ករណី​ប្រមូល​ផ្តុំ​គ្នា​លេង​ល្បែង​អា​ប៉ោង​ខុសច្បាប់​។

លោក វ៉ិ​ត ម​ឃៈ អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​រសៀល​ថ្ងៃទី៨ ធ្នូ ថា ជន​ប្រុស ស្រី​ ចំនួន​២២​នាក់ កំពុង​ត្រូវបាន​តំណាង​អយ្យ​ការ​ សាកសួរ​នៅ​ថ្ងៃទី ៨ ធ្នូ។

លោក​ថ្លែង​ថា​៖ «​ឥឡូវនេះ​ ខាង​តំណាង​អយ្យការ​ កំពុង​សាកសួរ​ពួកគេ​ មិនទាន់​អស់​គ្នា​ទេ​ពេញ ១ ថ្ងៃនេះ (ថ្ងៃទី ៨ ធ្នូ) ព្រោះ​នគរ​បាល​ ទើប​បញ្ជូន​ពួកគេ​មក​ដល់​តុលាការ​ដែរ»។

លោក ឃុ​ត សុផល អធិការនគរបាល​ស្រុក សំរោង​ទង ប្រាប់​នៅ​រសៀល​ថ្ងៃទី ៨ ធ្នូ ថា មុន​មានការ​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុមអ្នកលេង​ល្បែង​អាប៉ោង​ទាំង​នេះ គឺ​កាលពី​ថ្ងៃទី ៦ ធ្នូ ឆ្នាំ ២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ​ទំព័រ​មាស បានទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា នៅក្នុង​ភូមិ ពញា​អោ​ង មានផ្ទះ​មួយ​បាន​បើក​លេង​​ល្បែង​​អាប៉ោង។

បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍ នគរបាល​ប៉ុស្តិ៍​ បាន​រាយការណ៍​បន្ត​មក​លោក ​ហើយ​លោក​ក៏​សុំ​គោល​ការណ៍​ពី​លោក សម សាមួន​ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​មានការ​សម្របសម្រួល​ផ្លូវច្បាប់​ ពី​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ក៏​សមត្ថកិច្ច​របស់លោក​ បាន​ចុះទៅ​ទីតាំង​លេងល្បែង​នៅ​ថ្ងៃ​ដដែល​នោះ ហើយ​បាន​​ឃាត់​បាន​ជាក់ស្តែង​មនុស្ស ប្រុស ​ស្រី​ចំនួន ២២ នាក់ (ស្រី ៧ នាក់)។

ក្រុម​ជនសង្ស័យ​ទាំងនោះ ​មាន​អាយុ​ចន្លោះ​ពី ២៤ ឆ្នាំ​ ទៅដល់ ៦៤ ឆ្នាំ។ ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​​​មាន គ្រាប់​អាប៉ោង ចំនួន ៣​គ្រាប់ ចាន​បាញ់​អាប៉ោង ចំនួន១ គម្រប​ផ្តិល១ កម្រាល​អាប៉ោង១ ទូរ​ស័ព្ទ​ដៃ ចំនួន​​២៣​គ្រឿង ម៉ូតូ​៣​គ្រឿង និង​ប្រាក់​រៀល​មួយ​ចំនួន​។

លោក​ប្រាប់ថា៖ «ល្បែងស៊ីសង​នេះ ​បាន​បង្ក​ភាពអសន្តិសុខ ​ក្នុង​មូលដ្ឋាន​យ៉ាងខ្លាំង​ ព្រោះ​បើ​លេងល្បែង​ចាញ់​ពួកគេ​នឹង​ប្រព្រឹត្ត​អំពើផ្សេងៗ មានដូចជា​ការដើរ​លួច​ប្លន់​ជាដើម។ ដូច្នេះ​ ដើម្បី​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​ ខ្ញុំ​តែង​ចាត់​កម្លាំង​ដើរ​ល្បាត​ នៅតាម​គោល​ដៅ​ជាប្រចាំ»៕