ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​កបប​) ​រកឃើញ​ដេប៉ូ​ប្រេងឥន្ធន: ១២ ​ទីតាំង​ក្នុង​រាជធានី​-​ខេត្ត​ចំនួន​ ៣ ​បាន​ប្រកប​អាជីកម្ម​មិន​អនុលោម​តាមច្បាប់ និង​បាន​ដកហូត​ទំនិញ​ខូចគុណភាព​ជិត​ ៤០០ ​គីឡូក្រាម ព្រមទាំង​អាល់កុល​ក្លែងក្លាយ​ជិត​ ៥០ ​លីត្រ នៅលើ​ទីផ្សារ​ក្នុង​រយៈពេល​ ១ ​ថ្ងៃ​។

ទំព័រ​ហ្វេសប៊ុក​របស់ ក.ប.ប. ឱ្យដឹង​នៅ​ថ្ងៃទី​ ៧ ធ្នូ ថា ដើម្បី​បន្ត​ការពារ​នូវ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ទប់ស្កាត់​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច​ពាណិជ្ជកម្ម និង​ការពារ​ផលប្រយោជន៍​ជូន​អ្នកប្រើប្រាស់ មន្ត្រី​ជំនាញ ក.ប.ប. សាខា​ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជា​គ្រឿង​ឧបភោគបរិភោគ​ប្រើប្រាស់​ដែល​ដាក់​ចរាចរណ៍​លក់​នៅលើ​បណ្ដា​ទីផ្សារ​។

ក.ប.ប. បញ្ជាក់ថា​៖ «​យោងទៅ​តាម​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​រកឃើញ​នូវ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ៣៩១,២៨ ​គីឡូក្រាម និង​អាល់កុល​ក្លែងក្លាយ​ (​មេតាណុល​) ​ចំនួន ៤៧,៥ ​លីត្រ ក្នុង​រយៈពេល​ ១ ​ថ្ងៃ​»​។

ទន្ទឹមគ្នានេះ ក.ប.ប. ក៏បាន​ឱ្យដឹងទៀតថា ក្នុង​រយៈពេល​ដូចគ្នា​នេះ មន្ត្រី​ស៊ើបអង្កេត ក.ប.ប. ប្រចាំ​ខេត្តតាកែវ ខេត្ត​ព្រៃវែង និង​រាជធានី​ភ្នំពេញ​បាន​រកឃើញ​ដេប៉ូ​ចំនួន​ ៨ បានលក់​ប្រេង​ជូន​អតិថិជន​មាន​កម្រិត​លម្អៀង​ផ្នែក​បរិមាណ និង​ដេប៉ូ​ចំនួន​ ៤ ​បានដាក់​លក់​ប្រេង​ជូន​អតិថិជន​លើស​តម្លៃ​កំណត់​របស់​ក្រសួង​ពាណិជ្ជកម្ម​។

ក្រោយពី​បាន​ពិនិត្យ និង​ដកហូត​ផលិតផល​ល្មើស​ទាំងនេះ មន្ត្រី​ជំនាញ​បានធ្វើ​ការពិន័យ​អន្តរការណ៍​ចំពោះ​ម្ចាស់​អាជីវកម្ម​ដែល​ប្រព្រឹត្តល្មើស និង​តម្រូវ​ឱ្យ​ធ្វើ​កិច្ចសន្យា​កែតម្រូវ​។ រីឯ​រាល់​ទំនិញ​ដែល​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើការ​ដកហូត​មក​រក្សាទុក​ដើម្បី​ចាត់ចែង​តាម​នីតិវិធី​។

លោក​ ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា អំពើ​ល្មើស និង​ការ​ចរាចរ​ផលិតផល​មិន​អនុលោម​តាមច្បាប់​នៅតែ​បន្ត​មាន ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​បន្ថែមទៀត​។

ជាមួយ​នឹង​ការចុះ​បង្ក្រាប និង​ត្រួតពិនិត្យ​នេះ លោក​ ផាន អូន បាន​អះអាង​ថា អគ្គនាយកដ្ឋាន​ក៏បាន​ខិតខំ​ពង្រឹងសមត្ថភាព​មន្ត្រី និង​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រកួតប្រជែង ដើម្បី​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​ផងដែរ​។

លោក​អគ្គនាយក​បញ្ជាក់​ថា​៖ «​អគ្គនាយកដ្ឋាន ក.ប.ប. សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ដែល​ទទួលរង​នូវ​ការបំពាន​ណាមួយ​ពាក់ព័ន្ធ​នឹង​ការផ្តល់​ទំនិញ​ ឬ​សេវាកម្ម សូម​រាយការណ៍​មក អគ្គនាយកដ្ឋាន ក.ប.ប. ជាបន្ទាន់​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​អគ្គនាយកដ្ឋាន CCF ​ផ្ទាល់ ឬ​ទំនាក់ទំនង​តាម​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន ក.ប.ប. ឬ​តាម​ទូរស័ព្ទ​លេខ ០២៣ ២៣១ ៨៥៦/០១២ ៥២៦ ៦៦០/០១២ ៩២៥ ៣១៧/០១២៨២៨ ២៣២»​។

តាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០២១ របស់ អគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា ក្នុង​រយៈពេល​ ១ ​ឆ្នាំ ទំនិញ​មិនមាន​ភាពអនុលោម​តាមច្បាប់ និង​មាន​សារធាតុ​គីមី ជិត ៥០ ​តោន និង​អាល់កុល ជែល​លាងដៃ​គ្រប់​ប្រភេទ ដែលមាន​ផ្ទុក​សារធាតុ​មេតាណុល និង​សារធាតុ​បាញ់​លើ​រុក្ខជាតិ​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​សរុប​ជិត​ ២ ​ម៉ឺន​លីត្រ​។

ចំពោះ​ការចុះ​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​រង្វាស់រង្វាល់​ប្រេងសាំង ដែល​ត្រូវបាន​ដាក់​ធ្វើ​អាជីវកម្ម នៅតាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ ស្ថាប័ន ក.ប.ប. បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន​ ៦៩៣ ​ទីតាំង មិនមាន​ភាពអនុលោម​ផ្នែក​គុណភាព និង​បរិមាណ​។ នេះ​បើ​យោងតាម​របាយការណ៍​ដដែល​៕

វីដេអូ៖