ភ្នំពេញៈ​ អាជ្ញាធរ​ទន្លេ​សាប​បាន​បោះ​ង្គោ​ល​ព្រំ​កំណត់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ ​៣ បាន ​៨០ ដើម​បន្ថែមទៀត​ពី​​បង្គោលព្រំ​ដែល​មាន​ស្រាប់​ជាង​ ៨០០​ ដើមនៅ​ជុំវិញ​បឹង​ទន្លេ​សាប ​ខណៈ​រដ្ឋបាល​ជល​ផលត្រៀម​កូនឈើ​រាប់ម៉ឺន​ដើម​ដើម្បី​ដាំ​បំពេញ​លើ​ផ្ទៃដី​ដែល​បាន​ដកហូត​ និងបាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ចូល​រួម​ដាំ​ដើម​ឈើ​ពី​ពលរដ្ឋ​។

ក្នុង​យុទ្ធនា​ការ​ចុះ​ពិនិត្យ​និង​ចាត់វិធាន​ការ​បង្ក្រាប​ការ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ជាង ១ សប្តា​ហ៍ រាជរដ្ឋាភិ​បាលបា​ន​រកឃើញ​ផ្ទៃដី​ដែល​បាន​រំលោភបំ​ពាន​ក្នុង​តំបន់ ​៣​ និង​សម្រេច​ដកហូត​ត្រឡប់​មកវិញ​ជិត ​៣ ម៉ឺ​ន​ហិកតាពី​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ទាំង ៦ ​ជាប់​បឹង​ទន្លេសា​បរួមមាន ​ខេត្ត​កំព​ង់ឆ្នាំង កំពង់ធំ ពោធិ៍​សាត់ បាត់​ដំបង បន្ទាយ​មាន​ជ័យ និង​ខេត្ត​សៀម​រាប​។

លោក ម៉ៅ ហាក់ អនុប្រ​ធាន​អាជ្ញាធរ​ទន្លេ​សាប​និង​ក្រុម​ការងារ​នាយកដ្ឋា​ន​ជលសា​ស្ត្រនិង​ការងារ​ទន្លេ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ធ្នូ​ថា​អាជ្ញាធ​រ​ទន្លេសាប​បាន​បោះ​បង្គោល​ព្រំ​ថ្មី​ ដើម្បី​កំណត់​តំបន់​ការពារ​នៅតំបន់ ​៣ ក្នុង​បឹង​ទន្លេសាប​បាន​ប្រមាណ ​៨០​ ដើម​ក្នុង​ចំណោម​បង្គោល​ជាង ១០០​ ដើម​ ដែល​គ្រោង​នឹង​បោះ​បន្ថែម ដើ​ម្បី​បំពេញ​ចន្លោះ​ក្នុង​ចំណោម​បង្គោល​ជុំវិញ​បឹង​ទន្លេ​សាប​ជាង ៨០០ ដើម​។

លោកបន្ត​ថា បង្គោល​ដែល​មិនទាន់​បាន​បោះ​រួចរាល់ ដោយ​សារ​តំបន់​ខ្លះនៅ​មាន​ទឹក​លិចដែល​មិនអាច​ឲ្យ​មន្ត្រី​ចូលទៅ​​ដាំ​បង្គោល​បានក៏​ប៉ុន្តែលោក​ថាមិន​យូរ​ទេការ​បោះបង្គោល​ព្រំ​នេះនឹង​បញ្ចប់​នៅពេល​ទឹក​ស្រក​អស់​នាពេល​ខាង​មុខ​។

លោកបាន​បញ្ជាក់ថា​៖«កន្លង​មកគឺមាន​ករណី​រំលោភ​បំពាន​ដោយ​មា​ន​អ្នក​លួច​ដក​បង្គោលព្រំ​កំណត់​​តំបន់​ការពារ​ខ្លះ​ដែរ។ អ៊ីចឹ​ង​ហើយ​បាន​ត្រូវ​ធ្វើតម្រង់​ និង​ដាំ​ឡើង​វិញ​កន្លែង​បង្គោល​ណា​ដែល​បាត់​បង់​។ ការងារ​បោះប​ង្គោល​ព្រំ​នេះ មិន​ចាំ​ដល់​ឆ្នាំ​ក្រោយ​ទេ គឺ​យើង​ធ្វើ​បណ្តើរ នៅ​កន្លែង​ណា ដែល​ទឹក​ស្រក យើង​ចូលទៅ​ដាំ​បន្ត​រហូត​អ៊ីចឹ​ង​ណា»។

លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិ​បាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជល​ផល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៨ ធ្នូ​ដែរថា ទំហំ​នៃគម្រោង​ដាំ​ដុះ​ដើមឈើ​ជំនួស​កន្លែង​ដែល​រង​ការ​កាប់បំ​ផ្លាញគឺ ​មាន​ទំហំធំ​ធេង​ណាស់ដ​ល់​ទៅ​រាប់ម៉ឺន​ដើម ខណៈ​ទំហំ​នៃ​ការ​បាត់​បង់ ក៏​មា​នទំហំធំ​ធេង​ដូច​គ្នា។​

យ៉ាងណា​ លោក​ ពុំ សុថា បាន​អះអាង​ថា ក្នុង​ដំណាក់​កាល​នេះ គឺ​ក្រុមកា​រ​ងារកំពុង​បន្ត​សិក្សានិង​រៀបចំ​ឲ្យ​បណ្តា​សហ​គមន៍​ប្រមូល​កូនឈ​ដើម្បី​វាយ​តម្លៃ​​ថា​តើផ្ទៃ​ដែល​ត្រូវបាន​ដកហូត​មកវិញ​នេះ​អាច​នឹងមាន​ដើមឈើ​គ្រប់​គ្រាន់ សម្រាប់​ដាំ​ដុះ​បំពេញ​ការ​បាត់​បង់​នោះ​មក​វិញ​ឬយ៉ាង​ណា ។

ជាមួយ​គ្នានេះ​លោក​បានអំ​ពាវនា​វ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​ចូលរួម​ផ្តល់​ជា​កូន​ឈើពូជ​ឈើដែល​អាច​ដាំ​ដុះ​ក្នុង​ទឹកបាន ​ដើម្បី​ឲ្យ​ក្រុមការងា​រប្រមូល​យកទៅ​ដាំ​ដុះ​កន្លែង​ដែល​ផ្តល់​អំណោយផ​ល​ដល់​ដើមឈើ​ទាំង​នោះ ខ​ណៈ​តំបន់​មួយចំ​នួន​នឹង​ដាំ​ប្រភេទ​ឈើ ដែល​ធ្លាប់​មាន​ស្រាប់ ព្រោះ​បើ​ខុស​ប្រភេទ នឹងមិន​អាច​ដោះ​ដុះ​បាន​នោះទេ។

​លោក​បាន​ប​ញ្ជាក់​ថា៖«យើង​កំពុ​ងធ្វើការ​រឿងនេះ បើ​គិតពី​ទំហំ​ដី​ឥឡូវ ព្រោះ​ត្រូវ​គិត​ថា តំបន់​ណាខ្លះ​នៅ​ព្រៃ តំបន់​ណាខ្លះវា​អស់​ព្រៃ កន្លែង​ណា​ត្រូវ​ដាំ កន្លែង​ណា​មិនបាច់​ដាំ។ គ្រាន់តែ​យើង​ដឹងថាយើ​ង​ត្រូវការ​កូនឈើ​ច្រើន​ណាស់ ដែល​ឲ្យ​តាម​រដ្ឋបាល​ខណ្ឌ និង​សហ​គមន៍​អី​ជួយ​រក​កូន​ឈើ»​។

លោក លី​ ឡា ប្រធាន​រដ្ឋបាល​ជល​ផល​ខេត្ត​កំពង់ឆ្នាំងដែល​ជា​ខេត្ត​មួយធ្វើ​យុទ្ធនា​ការ​ដាំដើម​ឈើ​មុនគេ​បាន​ជិត២​ពាន់​ដើមលើ​ផ្ទៃដី ៤​០ ហិកតា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ក្នុង​ជំហាន​បន្ទាប់ អាជ្ញាធ​រខេត្តនិង​ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​ត្រៀម​កូនឈើ​​ប្រមាណ​ ៣ ពាន់​​ដើម​បន្ថែម​ទៀត ដើម្បី​បើក​យុទ្ធនាការ​ជា​លើក​ទី ២ ​ក្នុងកា​រ​រួមគ្នា​ដាំ​ដើមឈើ​នេះនៅ​ចុង​សប្តាហ៍​។

លោកបាន​បញ្ជាក់​ថា៖«ក្នុង​ផ្ទៃដី​ដែល​យើង​ដកហូត​មួយ​ចំនួ​នគឺ​មាន​ការដាំដុះ​ដែល​រដ្ឋាភិ​បាលបាន​​ទុក​ឲ្យ​គាត់ អាស្រ័យ​ផល​សិន​ហើយ​ផ្ទៃ​ដែល​មិនមាន​ការដាំ​ដុះយើង​​មិន​ឲ្យ​ពលរដ្ឋ​បន្តធ្វើ​ទេគឺ​យើង​យកមក​ដាំ​កូនឈើ​វិញ​ ហើយ​ដោយសារកូ​នឈើ​យើង​​នៅមាន​ចំនួន​តិច យើង​ត្រៀម​ធ្វើជា​បន្ត​បន្ទាប់ បណ្តើរៗ ទៅតាម​កូនឈើ​​ដែល​មាន»​។

លោកបា​ន​បន្តថា៖«ក្នុង​តំបន់​នេះ គឺអាច​ដាំ​ទៅតាម​ប្រភេទ​ដែលមា​ន ដូចជា​ ដើម​រាំង ដើម​រំដេញ និង​ដើម​ភ្នំ​ភ្នែង ព្រោះ​បើ​​ខុសពី​​ឈើប្រភេទ​នេះ ក៏​វា​អត់​ដុះ​ដែរ ហើយ​ទីតាំង​ដែលមាន​ព្រៃ​ប្រភេទ​អ្វី យើង​ដាំ​ប្រភេទ​ហ្នឹង​វិញ។ ពេល​ដាំ​ហើយ យើង​មិន​បារម្ភ​ទេប្រសិនបើ​យើង​ការពារ​បានល្អមិន​រង​ការកាប់​បំផ្លាញ​ទៀតគឺ​មិន​យូរ​ទេនៅ​រដូវ​ធ្លាក់ភ្លៀង​ខាង​មុខ​នេះ​នឹង​ដុះ​ឯង»។

លោក លី ឡា បន្តថា តាមរយៈ​សកម្ម​ភាព​ដែល​បាន​ចុះ​ធ្វើការ​កន្លង​មក ចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ដល់​ថ្ងៃទី ៧ ធ្នូ គឺមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៣០០ គ្រួសារ ក្នុងស្រុក​ចំនួន៣ មានស្រុក​កំពង់​លែង ស្រុក​ជល​គិ​រី និង​ស្រុក​បរិបូ​ណ៌ បាន​ចូលខ្លួន​ប្រគល់​ដីព្រៃ​លិច​ទឹក​ជិត​ ៣ ពា​ន់​ហិក​តា​ត្រឡប់​មកវិញខណៈ​ការដក​ហូត​និង​ការផ្តល់​ដី​ត្រឡប់​មក​វិ​ញ​នេះគឺ​នៅ​មាន​ជា​បន្ត​បន្ទា​ប់។

កាលពី​ថ្ងៃទី ២៨ ​ខែវិច្ឆិកា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បទប​ញ្ជា​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ និងអភិបាល​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទប់​ស្កាត់​និង​បង្ក្រាប​ជាបន្ទាន់​ចំពោះ​ការ​លួច​កាប់​ព្រៃ​លិច​ទឹក​និង​វាតទី​​យក​ដី​នៅតាម​បឹង​ទន្លេសាប​ បន្ទាប់ពី​រាជបណ្ឌិត្យ​សភាក​ម្ពុជាបា​នរកឃើញ​មាន​ការរំលោភ​បំពាន​ដីព្រៃ​លិច​ទឹក​យ៉ាង​អនាធិ​បតេយ្យជាមួយ​នឹង​បទបញ្ជា​នេះ កាល​ពី​ថ្ងៃទី ៧ ​ធ្នូ រដ្ឋបាលខេត្ត​បាត់ដំ​បងបា​ន​ព្រមាន​ចាត់វិធានការ​ដោយ​គ្មាន​លើក​លែង​ចំពោះ​មន្ត្រី​ពាក់​ព័ន្ធ​ឬ​អាជ្ញាធរ​ដែនដី​ដែល​បន្តធ្វើ​ខុសច្បា​ប់ក្នុ​ងករណី​ទទួល​ស្គាល់​លិខិត ឬ​ឯកសារ​ដែលមាន​ការ​បំពាន​ដីព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេ​សាប​។

កា​រប្រ​កាស​របស់​​រដ្ឋបាលខេត្ត​នេះ​ ដោយ​សារតែ​កន្លង​មក ករណីចូល​កាប់​ឆ្ការរុករាននិង​ឈូសឆា​យនៅលើ​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​ក្នុង​តំបន់​៣មានការ​​កើន​​ឡើង​ ដែល​ទាមទា​រ​ឲ្យ​រដ្ឋបាល​ស្រុក​ឃុំនិង​ភូមិត្រូវ​ប​ញ្ឈប់​ចុះហត្ថ​លេខា​​បញ្ជាក់ផ្សេងៗមា​ន​លិខិត​ផ្ទេ​រសិទ្ធិ ការទិញ​លក់ ជួល​បញ្ចាំ ពាក្យស្នើសុំ​កាន់កាប់​ដីធ្លី ពាក្យស្នើសុំ​ប្រើប្រាស់​ដីធ្លី និង​ការប​ញ្ជាក់​ប្លង់​បង្ហាញ​ទីតាំង​នៅ​ក្នុង​ដី​រដ្ឋ​ព្រៃ​លិច​ទឹក​តំបន់​៣​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន។

សេចក្តីជូន​ដំណឹង​នេះបាន​បញ្ជាក់ថា​«ត្រូវ​ទទួល​សុខ​ត្រូវនិង​ប្រឈម​មុខ​ជាមួយ​ផ្លូវច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ការលើកលែង​ឡើយករណី​បុ​គ្គល​តំណាង​ឲ្យ​រដ្ឋបាល​ស្រុក​ ឃុំ ភូមិ​ណាមួយនៅតែ​បន្ត​ចុះហត្ថលេ​ខា​បញ្ជាក់​លើ​លិខិតនិ​ង​ឯក​សារ​ទាំងនេះ»​៕